វិស្វករជាស្ពានសម្រាប់តភ្ជាប់បច្ចេកវិទ្យា វិទ្យាសាស្ត្រ នវានុវត្តន៍ ទៅនឹងការអភិវឌ្ឍជីវភាពសង្គម និងតម្លៃវប្បធម៌
វិស្វករជាស្ពានសម្រាប់តភ្ជាប់បច្ចេកវិទ្យា វិទ្យាសាស្ត្រ នវានុវត្តន៍ ដោយផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍជីវភាពសង្គម និងតម្លៃវប្បធម៌ ។ នេះជាការលើកឡើងរបស់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីបើកកិច្ចប្រជុំពាក់កណ្តាលអាណត្តិក្រុមប្រឹក្សាភិបាលនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ាន (AFEO) លើកទី១៩ និងការប្រកាសចាប់ផ្តើមប្រមូលមូលនិធិសម្រាប់ពានរង្វាន់យុវវិស្វករឆ្នើមរបស់ (AFEO) តាមរយៈប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០។
លោក អ៊ិត សំហេង បានបញ្ជាក់ថា វិស្វករត្រូវតែចូលរួមយ៉ាងសកម្ម ក្នុងការផ្លាស់ប្ដូរយោបល់ និងបទពិសោធន៍ជាមួយវិស្វករដទៃទៀត ជាពិសេសវិស្វករអាស៊ាន និងវិស្វករពិភពលោក ដើម្បីបង្កើនសមត្ថភាពយល់ដឹងរបស់ខ្លួនទាំងទ្រឹស្ដី និងការអនុវត្ត។
លោករដ្ឋមន្ត្រី បានបង្ហាញក្ដីសង្ឃឹមថា វិស្វករនៃបណ្ដាប្រទេសជាសមាជិកអាស៊ានទាំងអស់ ដូចពេលប្រជុំ AFEO Mid-Term នាពេលនេះ ឬក៏សន្និសីទនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ាន(CAFEO) តាមប្រទេសនីមួយៗ គឺមានឱកាសធ្វើការជាមួយគ្នា រៀនសូត្រពីគ្នាទៅវិញទៅមក ក្នុងការលើកកម្ពស់សមត្ថភាពរបស់ខ្លួន ក៏ដូចជាការលើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបង្កើនបាននូវភាពសុខដុមរមនា ក្នុងតំបន់ជាលក្ខណៈមហាគ្រួសារតែមួយ។
ជាមួយគ្នានេះដែរ លោក អ៊ិត សំហេង ក៏បានស្នើដល់អង្គការសហព័ន្ធវិស្វកម្មអាស៊ាន បន្តវប្បធម៌ចែករំលែកបទពិសោធន៍ដ៏ប្រពៃនេះ ដើម្បីជំរុញឱ្យវិស្វករនៅក្នុងតំបន់មានសមត្ថភាពទៅតាមស្ដង់ដារអន្តរជាតិ និងអាចដើរទាន់ការអភិវឌ្ឍផ្នែកវិទ្យាសាស្ត្រ នៃបណ្ដាប្រទេសជឿនលឿនក្នុងសកលលោក។
លោករដ្ឋមន្ត្រី មានជំនឿថា កិច្ចសហប្រតិបត្តិការល្អរវាងសមាជិកនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ាន នឹងក្លាយជាកម្លាំងចលករ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងមានសក្ដានុពលក្នុងការជំរុញឱ្យវិស័យសេវាវិស្វកម្មនៅក្នុងតំបន់បោះជំហានទៅមុខ ប្រកបដោយភាពជោគជ័យ។ ជាពិសេស គឺការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងគោលនយោបាយបច្ចេកវិទ្យា ដើម្បីការអភិវឌ្ឍឱ្យបានប្រសើរឡើងប្រកបទៅដោយចីរភាព ព្រមទាំងអនុវត្តចំណេះដឹងវិស្វកម្ម ដោយយោងតាមគុណតម្លៃសកល និងក្រមសីលធម៌វិជ្ជាជីវៈវិស្វកម្ម ព្រមទាំងការជំរុញញឱ្យមានស្តង់ដារនៃការអប់រំវិស្វកម្ម ការលើកកម្ពស់តួនាទីវិស្វករស្រ្ដីនៅក្នុងការអភិវឌ្ឍជាតិ និងតម្រូវការជាបន្តបន្ទាប់ នូវការកសាងសមត្ថភាពសម្រាប់វិស្វករវ័យក្មេង ជាការចាំបាច់ ដែលត្រូវតែពង្រឹង និងធ្វើឱ្យបានប្រសើរឡើង។
ក្នុងឱកាសនោះដែរ ក្នុងនាមជាប្រធានក្រុមប្រឹក្សានៃគណៈវិស្វករកម្ពុជា លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់យុវវិស្វករអាស៊ានអំពីការគិតគូរដល់ការបង្កើតសហគ្រិនភាព ការផ្តល់បរិយាកាសឱ្យបានសមស្រប ដើម្បីអត្ថប្រយោជន៍ វិបុលភាពសេដ្ឋកិច្ច និងសង្គម និងគាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់យុវវិស្វករដែលមានស្នាដៃឆ្នើម ដើម្បីទទួលបានវិញ្ញាបនបត្រ និងមេដាយកិត្តិយសសម្រាប់ការប្រកួតប្រជែងប្រចាំឆ្នាំរបស់យុវវិស្វករអាស៊ាន។
ទន្ទឹមនឹងនោះ ក្នុងនាមប្រទេសកម្ពុជា លោករដ្ឋមន្ត្រី បានសំណូមពរឱ្យបណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់ មេត្តាជួយជំរុញលើការរៀបចំកម្មវិធីសិក្សាវិស្វកម្ម និងការទទួលស្គាល់គុណភាពអប់រំវិស្វកម្ម ឱ្យមានស្តង់ដារប្រហាក់ប្រហែលគ្នាមួយ ដើម្បីឱ្យវិស្វករដែលបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ នៃប្រទេសក្នុងតំបន់ មានការទទួលស្គាល់គ្នាទៅវិញទៅមក ស្របទៅនឹងកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក ស្តីពីសេវាវិស្វកម្ម ដែលបានចុះហត្ថលេខាជាមួយគ្នាកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០០៥ នៅ ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។
សូមបញ្ជាក់ដែរថា គណៈវិស្វករកម្ពុជា ជាអាជ្ញាធរវិស្វកម្មជាតិដែលមានកិច្ចសហប្រតិបត្តិការជាមួយនឹងអង្គការ AFEO និងគណៈកម្មាធិការសម្របសម្រួលវិស្វករអាជីពឆ្នើមអាស៊ាន (ACPECC)។ កន្លងមក កម្ពុជាធ្លាប់បានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ានចំនួន២លើករួចមកហើយ៖ លើកទី១ CAFEO-20 ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី០២-០៤ ខែកញ្ញា ឆ្នាំ២០០២ ក្រោមប្រធានបទ “ វិស្វកម្មសម្រាប់ការកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសជាសមាជិកអាស៊ាន” ។ លើកទី២ CAFEO-30 ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី១៦-១៩ ខែធ្នូ ឆ្នាំ២០១២ ក្រោមប្រធានបទស្តីពី “ អត្ថប្រយោជន៍នៃសមាហរណកម្មសេវាវិស្វកម្ម សម្រាប់បណ្តាប្រទេសជាសមាជិកអាស៊ាន ដែលមានការអភិវឌ្ឍតិចតួច ” ។
សន្និសីទទាំងពីរលើកកន្លងមក និងកិច្ចប្រជុំក្នុងថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ដែលចូលរួមពន្លឿនការអភិវឌ្ឍប្រកបដោយចីរភាព មានចក្ខុវិស័យឆ្ពោះទៅតាមផែនការសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ និងជាចក្ខុវិស័យដើម្បីបង្កើតឱ្យមានការយល់ដឹងលក្ខណៈស៊ីជម្រៅ អំពីអត្ថប្រយោជន៍នៃការធ្វើសមាហរណកម្មសម្រាប់បណ្តាប្រទេសជាសមាជិកអាស៊ាន៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!