អគ្គស្នងការនគរបាលជាតិ ផ្ដល់ការណែនាំ ស្ដីពីវិធានការការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ក្នុងពិធីបុណ្យភ្ជុំបិណ្យ
លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដាក់ចេញសេចក្ដីណែនាំ ស្ដីពីវិធានការការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ក្នុងពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២០ ។
ក្នុងសេចក្ដីណែនាំរបស់លោក នេត សាវឿន បានណែនាំនូវ ៨ចំណុចសំខាន់ៗ ដូចខាងក្រោម៖
១. ត្រូវយកចិត្តទុកដាក់បង្កើនការក្ដាប់ និងវិភាគវាយតម្លៃនូវសភាពការណ៍ និងព័ត៌មាននានា ពាក់ព័ន្ធសន្ដិសុខ និងសណ្ដាប់ធ្នាប់សង្គម ជាពិសេសសកម្មភាពភេរវកម្ម ឧក្រិដ្ឋកម្ម និងសកម្មភាពល្មើសច្បាប់ផ្សេងៗទៀត ដើម្បីចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធភាពទាន់ពេលវេលា។
២. ត្រូវជំរុញការអនុវត្តគោលនយោបាយ «ភូមិ ឃុំមានសុវត្ថិភាព» ឲ្យបានសកម្មផុលផុស និងត្រូវយកចិត្តទុកដាក់គ្រប់គ្រងឲ្យបានហ្មត់ចត់នូវមុខសញ្ញាគ្រប់ប្រភេទនៅតាមសហគមន៍ ភូមិ-ឃុំ ដោយប្រើប្រាស់នូវគ្រប់វិធានការ ដើម្បីបំបាត់ប្រសិទ្ធភាពជាមុន មិនទុកឲ្យមុខសញ្ញាមានឱកាសធ្វើសកម្មភាពបង្កអសន្ដិសុខ ឬគ្រោះថ្នាក់ដល់អាយុជីវិត និងបង្កមហន្ដរាយដល់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋឡើយ។
៣. ត្រូវចាត់វិធានការការពារយ៉ាងម៉ឺងម៉ាត់ គ្រប់គោលដៅប្រារព្ធពិធីបុណ្យ និងគោលដៅកម្សាន្ដសប្បាយនានា ដូចជា ទីវត្តអារ៉ាម ប្រាង្គប្រាសាទ រមណីយដ្ឋាន ព្រមទាំងបង្កើនកិច្ចការពារសន្ដិសុខ និងធានាសុវត្ថិភាពថ្វាយព្រះមហាក្សត្រ និងថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ ដែលយាង និងអញ្ជើញទៅចូលរួមពិធីបុណ្យ។ ទន្ទឹមនោះត្រូវយកចិត្តទុកដាក់យាមកាម ល្បាតការពារផ្ទះសម្បែង ទ្រព្យសម្បត្តិតរបស់ប្រជាពលរដ្ឋដែលធ្វើដំណើរទៅកាន់ស្រុកកំណើត ឬទៅសម្រាកកម្សាន្ដនៅតាមតំបន់នានាទាំងគ្រួសារ។
៤. ត្រូវបន្ដយកចិត្តទុកដាក់រឹតបន្ដឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមស្មារតីអនុក្រឹត្យលេខ ៣៩អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ជាពិសេសត្រូវត្រួតពិនិត្យឲ្យបានហ្មត់ចត់នៅគ្រប់គោលដៅដើមទី។
ជាមួយគ្នានេះ ក៏ត្រូវរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវជាតិ ទីប្រជុំជន ច្រកចេញចូលរាជធានី-ខេត្តឲ្យបានល្អ សម្ដៅកាត់បន្ថយការកកស្ទះ ឬគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ និងត្រូវសហការជាមួយបណ្ដាញព័ត៌មានសំខាន់ៗ ធ្វើការផ្សព្វផ្សាយព័ត៌មានទាន់ហេតុការណ៍ អំពីការកកស្ទះចរាចរណ៍ ដើម្បីឲ្យប្រជាពលរដ្ឋបានជ្រាប និងបង្វែរទិសធ្វើដំណើរ។
៥. ត្រូវជំរុញអនុវត្តតាមខ្លឹមសារសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ និងរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្ដីពីវិធានការបន្ទាន់សម្រាប់បង្ការ និងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ដោយណែនាំឲ្យមន្ដ្រីបន្ដចុះធ្វើការផ្សព្វផ្សាយអប់រំបន្ថែមទៀត អំពីវិធានសុខាភិបាល ជូនដល់ប្រជាពលរដ្ឋ ឲ្យបានយល់ជ្រួតជ្រាប និងចូលរួមបង្ការជំងឺឆ្លងដ៏កាចសាហាវនេះ (ជាពិសេសនៅតាមបណ្ដាវត្តអារ៉ាម រមណីយដ្ឋាន ទីកម្សាន្ដសប្បាយនានា)។ ក្នុងករណីសង្ស័យមានអ្នកផ្ទុកជំងឺកូវីដ១៩ ត្រូវរាយការណ៍បន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត។
៦. ត្រូវយកចិត្តទុកដាក់អប់រំប្រជាពលរដ្ឋ ឲ្យមានស្មារតីប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យ និងគ្រោះមហន្ដរាយនានា និងត្រូវពង្រឹងបន្ថែមការងារ ប្រចាំបញ្ជាគ្រប់ថ្នាក់ ដើម្បីត្រៀមអន្ដរាគមន៍បានទាន់ពេលវេលា។ ទន្ទឹមនោះ ក៏ត្រូវរៀបចំមានការផ្លាស់ប្ដូរវេនប្រចាំការ សម្ដៅធ្វើយ៉ាងណាឲ្យកងកម្លាំងនគរបាលទាំអស់ បានឈប់សម្រាកចូលរួមក្នុងពិធីបុណ្យគ្រប់ៗគ្នា។
៧. ត្រូវរៀបចំប្រតិភូ និងអំណោយ ចុះសួរសុខទុក្ខកងកម្លាំងនគរបាលនៅសមរភូមិមុខ កម្លាំងកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ គេហដ្ឋាន និងគ្រួសារមន្ដ្រីនគរបាលដែលបានពលី ឬរងរបួសក្នុងបុព្វហេតុការពារជាតិ។
៨. ត្រូវបូកសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ក្នុងអំឡុងពេលកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ជាពីរផ្សេងៗគ្នាគឺ ចាប់ពីបិណ្ឌទី១ ដល់ថ្ងៃភ្ជុំបិណ្ឌ និងរយៈពេល៣ថ្ងៃ បុណ្យភ្ជុំបិណ្ឌ រាយការណ៍មកអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ជាកំហិត៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!