លោក ហេង សំរិន ទទួលជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាប៉ាគីស្ថាន
លោក ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយ លោក មូហាម៉ាត់ សាឌីក សាន់ច្រានី ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០។
ក្នុងជំនួបតាមទូរស័ព្ទនេះ ប្រធានស្ថាប័នសភាប្រទេសទំាងពីរ បានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងស្ថាប័ននីតិប្បញ្ញត្តិប្រទេសទំាងពីរ នាពេលកន្លង និងបានសន្យាថា នឹងខិតខំពង្រឹងពង្រីកទំនាក់ទំនងការទូតសភាប្រទេសទំាងពីរឲ្យកាន់តែរឹងមាំថែមទៀត ទំាងទ្វេភាគី និងពហុភាគី ដូចជាក្នុងក្របខណ្ឌសហភាពអន្តរសភា (IPU) សភាតំបន់អាស៊ី (APA) និង វេទិកាសភាតំបន់អាស៊ីប៉ាស៊ីហ្វិក (APPF) ជាដើម។
លោក មូហាម៉ាត់ សាឌីក សាន់ច្រានី បានកោតសរសើរចំពោះលោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ដែលមានបទពិសោធន៍ច្រើនក្នុងភាពជាអ្នកដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ ដែលបានធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍជឿនលឿន និងជាពិសេសទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងសភា នៃប្រទេសទាំងពីរ ។
លោកប្រធានព្រឹទ្ធសភា នៃប្រទេសប៉ាកីស្ថាន ក៏បានស្នើសុំរដ្ឋសភាកម្ពុជា គំាទ្របេក្ខភាពសភាប៉ាគីស្ថាន ជាប្រធាន សហភាពអន្តរសភា IPU ក្នុងអាណត្តិ ២០២០-២០២៣ និងជំរុញឲ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់រដ្ឋសភាប្រទេសទំាងពីរនៅគ្រប់កម្រិត ផងដែរ ។
ជាការឆ្លើយតប លោក ហេង សំរិន បានគាំទ្រចំពោះការលើកឡើងរបស់លោកប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ដោយលោក នឹងជំរុញក្រុមសភាជាតិកម្ពុជា នៃសហភាពអន្តរសភា IPU ពិចារណា និងគាំទ្រចំពោះសំណើរបស់សភាប៉ាគីស្ថាននេះ។
ជាមួយគ្នានេះ លោកប្រធានរដ្ឋសភា បានបញ្ជាក់ថា រដ្ឋសភាកម្ពុជា បានគំាទ្រសភាប៉ាគីស្ថាន ជាសមាជិកសង្កេតការណ៍របស់អន្តរសភាអាស៊ាន (AIPA) ដែលរដ្ឋសភាវៀតណាម ទទួលធ្វើជាម្ចាស់ផ្ទះ នាដើមខែកញ្ញា ខាងមុខនេះ ផងដែរ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!