រាជរដ្ឋាភិបាល បញ្ចេញកញ្ចប់ថវិកា ១៥០ លានដុល្លារ ដើម្បីកសាងផ្លូវ៣៨ ខ្សែក្នុងទីរួមខេត្តសៀមរាប
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចបញ្ចេញកញ្ចប់ថវិកា ១៥០ លានដុល្លារ ដើម្បីកសាងផ្លូវ៣៨ ខ្សែ ក្នុងទីរួមខេត្តសៀមរាប ។
លោកនាយករដ្ឋមន្ត្រី បានប្រកាសសម្រេចនេះ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០២០ នៅវិមានសន្តិភាព ។
តាមរយៈបណ្ដាញទំនាក់ទំនងសង្គម លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ទោះបីពេលនេះប្រទេសជាតិកំពុងប្រឈមនឹងជំងឺកូវីដ១៩ ក៏ដោយ ក៏មិនបានធ្វើអោយប៉ះពាល់ដល់ការអភិវឌ្ឍប្រទេសជាតិឡើយ។
លោកនាយករដ្ឋមន្ត្រី បន្តថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវតូចធំដែលមានចំនួន ៣៨ ខ្សែ ដែលគ្រោងនឹងសាងសង់នៅក្នុងទីរួមខេត្តសៀមរាបនេះ នឹងជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយនឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិនៅក្រោយជំងឺកូវីដ១៩ ។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តី ក៏នឹងអញ្ជើញបើកការដ្ឋាសាងសង់នេះ ហើយសង្ឃឹមថានៅចុងឆ្នាំ ២០២១ នឹងមានផ្លូវស្អាតក្នុងទឹកដីអង្គរអច្ឆរិយនេះ ផងដែរ ។
នៅក្នុងនោះដែរ ប្រមុខរាជរដ្ឋាភិបាល បានអរគុណចំពោះការរួមចំណែកពីគ្រប់ក្រសួងស្ថាប័នទាំងអស់ដែលមិនខ្ជះខ្ជាយថវិកា ដែលធ្វើអោយរដ្ឋសន្សំបានថវិកាប្រមាណជាង ៦០០ លានដុល្លារសម្រាប់យកមកអភិវឌ្ឍន៍ប្រទេសជាតិ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!