គណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុម័តទាំងស្រុងលើ “សេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ”។
គួរកត់សម្គាល់ថា សេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ តាក់តែងឡើង ដើម្បីធ្វើសមាហរណកម្មយន្តការ នៃការគ្រប់គ្រង និងត្រួតពិនិត្យលើវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដែលមានជាអាទិ៍៖ វិស័យធានារ៉ាប់រង និងសោធនឯកជន វិស័យមូលបត្រ វិស័យសន្តិសុខសង្គម វិស័យបរធនបាលកិច្ច វិស័យគណនេយ្យ និងសវនកម្ម និងវិស័យអចលនវត្ថុ វិស័យបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ។
ជាមួយគ្នានេះ សេចក្តីព្រាងច្បាប់នេះ មានអត្ថប្រយោជន៍ ជាអាទិ៍ ៖
- ឆ្លើយតបនឹងការវិវឌ្ឍនៃវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដែលទាមទារឱ្យមានការពង្រឹងយន្តការស្ថាប័ន
- បញ្ញត្តិករតែមួយអាចមើលឃើញពីទិដ្ឋភាពរួមនៃការអភិវឌ្ឍវិស័យហិរញ្ញវត្ថុទាំងមូល ជាពិសេស នៅពេលស្ថាប័នហិរញ្ញវត្ថុធ្វើពិពិធកម្មសេវាហិរញ្ញវត្ថុទៅកាន់វិស័យហិរញ្ញវត្ថុផ្សេងៗទៀត អាចធានាបាននូវសង្គតិភាពនៃការដាក់ចេញបទប្បញ្ញត្តិ និងអាចកាត់បន្ថយភាពចន្លោះប្រហាងក្នុងបទប្បញ្ញត្តិ (Regulatory Arbitrage)។
- បង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងវិស័យនីមួយៗ ដែលនឹងស្ថិតក្រោមស្ថាប័នតែមួយ តាមរយៈការបែងចែកព័ត៌មាន និងការសម្របសម្រួលក្នុងការដាក់ចេញបទប្បញ្ញត្តិឆ្លងវិស័យ
- អាចកាត់បន្ថយចំណាយ (បុគ្គលិក ពេលវេលា សម្ភារ) តាមរយៈការទាញយកអត្ថប្រយោជន៍ពីសហថាមភាព (Synergy) នៃការដាក់ស្ថាប័ននិយ័តករឱ្យស្ថិតនៅក្រោមបញ្ញត្តិករតែមួយ។
បន្ថែមពីនេះ សេចក្តីព្រាងច្បាប់នេះ រាជរដ្ឋាភិបាល នឹងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការពង្រឹង និងធានាបាននូវប្រសិទ្ធិភាព នៃការគ្រប់គ្រងត្រួតពិនិត្យ និងអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុមិនមែនធនាគារ រួមទាំងការលើកកម្ពស់ការអភិវឌ្ឍ និងប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុលើវិស័យហិរញ្ញវត្ថុមិនមែនធនាគារ។
ច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះរាល់ប្រតិបត្តិការនៅក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!