តំបន់មួយចំនួនក្នុងខណ្ឌមានជ័យ, ពោធិ៍សែនជ័យ និងខណ្ឌទួលគោក ត្រូវបានកំណត់ជា «តំបន់ក្រហម»
រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចកំណត់តំបន់មួយចំនួន ក្នុងភូមិសាស្ដ្រខណ្ឌមានជ័យ, ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌទួលគោក ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ១៩ ជា «តំបន់ក្រហម»។
បើតាមសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានអោយដឹងថា ទីតាំងដែលត្រូវកំណត់ជា «តំបន់ក្រហម» នៅរាជធានីភ្នំពេញនោះ រួមមាន៖
ទី១៖ ភូមិសាស្ដ្រសង្កាត់ស្ទឹងមានជ័យទី១, សង្កាត់ស្ទឹងមានជ័យទី២ និងសង្កាត់ស្ទឹងមានជ័យទី៣ នៃខណ្ឌមានជ័យ
ទី២៖ ភូមិសាស្ដ្រសង្កាត់ចោមចៅទី១ នៃខណ្ឌពោធិ៍សែនជ័យ
ទី៣៖ ភូមិ១៤, ភូមិ១៦ និងភូមិ១៧ នៃសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
ក្នុងការកំណត់ជា «តំបន់ក្រហម» នេះ បុគ្គលគ្រប់រូបត្រូវបានហាមចេញពីផ្ទះដាច់ខាត លើកលែងតែមានតម្រូវការសេវាសុខាភិបាលតែប៉ុណ្ណោះ ដែលរួមមាន ៖ ១.បញ្ហាសុខភាពបន្ទាន់ ,២.ទៅផ្តល់សំណាក ,៣.ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ នៅទីតាំងជិតបំផុតក្នុងតំបន់ក្រហម ។
ដោយឡែក ផ្សារ និងទីកន្លែងលក់ម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងសកម្មភាពការងារ មុខរបរ និងអាជីវកម្មទាំងអស់នៅក្នុងតំបន់ក្រហម ត្រូវផ្អាកជាបណ្តោះអាសន្នទាំងអស់ លើកលែងតែសកម្មភាពការងារចាំបាច់មួយចំនួនរបស់រដ្ឋ និងការផ្គត់ផ្គង់តម្រូវការផ្នែកសុខាភិបាល និងតម្រូវការប្រចាំថ្ងៃចាំបាច់សម្រាប់ការរស់នៅរបស់ពលរដ្ឋក្នុងតំបន់ក្រហមតែប៉ុណ្ណោះ ដោយមានឯកសារបញ្ជាក់ច្បាស់លាស់ និងមានការអនុញ្ញាតពីអាជ្ញាធរ ជាចាំបាច់ ។
ក្នុងករណីមានការបំពានវិធានការនេះ នឹងទទួលរងនូវការអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយរួមទាំងការឃាត់ទុកជាបណ្តោះអាសន្ននូវមធ្យោបាយធ្វើដំណើរ និងទណ្ឌកម្មរដ្ឋបាលផ្សេងទៀត ដោយអនុលោមតាមបទប្បញ្ញត្តិ និងនីតិវិធីជាធរមាន៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!