តំណារាស្ត្រគណបក្សសង្គ្រោះជាតិ នឹងប្រើវប្បធម៌សន្ទនាជាមួយប្រ ធានរដ្ឋសភា ដើម្បីបានធ្វើសន្និសីទសារព័ត៌មាន
សំឡេង៖
បើទោះបីជាប្រធានរដ្ឋសភា លោក ហេង សំរិន សម្រេចមិនអនុញ្ញាតឲ្យតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិធ្វើសន្និសីទសារព័ត៌មាននៅវិមានរដ្ឋសភាពាក់ព័ន្ធនឹងបញ្ហាព្រំដែនក៏ដោយ ក៏តំណាងរាស្ត្រគណបក្សមួយនេះ អះអាងថា នឹងប្រើវប្បធម៌សន្ទនាជាមួយប្រធានរដ្ឋសភា ដើម្បីបានធ្វើសន្និសីទសារព័ត៌មាននៅវិមានរដ្ឋសភា។
លិខិតរបស់តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ មណ្ឌលកំពង់ចាម លោក ម៉ៅ មុនីវណ្ណ ស្នើសុំទីកន្លែងធ្វើសន្និសីទកាសែតនៅវិមានរដ្ឋសភា នៅថ្ងៃទី១៩នេះ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនរវាងកម្ពុជា-វៀតណាម ត្រូរបានប្រធានរដ្ឋសភា លោក ហេង សំរិន បដិសេធ ដោយលើកឡើងថា រដ្ឋសភាពុំបានចេញលិខិតបេសកកម្មឲ្យលោក ម៉ៅមុនីវណ្ណ ចុះធ្វើកិច្ចការនេះទេ ដូច្នេះលោក មិនអនុញ្ញាតឲ្យធ្វើសន្និសីទកាសែតនៅវិមានរដ្ឋសភាឡើយ។
តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បានចាត់ទុកការបដិសេធរបស់ប្រធានរដ្ឋសភាលោក ហេង សំរិន នេះថា គ្មានភាពយុត្តិធម៌សម្រាប់ក្រុមអ្នកតំណារាស្រ្តរបស់គណបក្សមតិភាគតិច ដែលតំណាងឲ្យពលរដ្ឋទូទាំងប្រទេស ។ លោកបន្ថែមថា ការមិនអនុញ្ញាតនេះ ផ្ទុយពីរដ្ឋធម្មនុញ្ញ និងគ្មានចែងក្នុងបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភានោះទេ ដែលតម្រូវឲ្យតំណាងរាស្រ្ត សុំការអនុញ្ញាពីប្រធានរដ្ឋសភា ក្នុងការចុះបេសកកម្ម តាមមូលដ្ឋានរបស់ខ្លួន។
លោកមេធាវី សុក សំអឿន នាយកអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា មានប្រសាសន៍ថា ការមិនអនុញ្ញាត ឲ្យតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ធ្វើសន្និសីទពាក់ព័ន្ធនឹងរឿងប្រទេសជាតិ លោកយល់ថា គឺការបិទសិទ្ធិសេរីភាព និងហាក់មិនសំដែងពីលទ្ធិប្រជាធិបតេយ្យ។
លោកបន្ថែមថា បើតាមច្បាប់ ក៏គ្មានច្បាប់ណា ដែលចែងតម្រូវឲ្យតំណាងរាស្ត្រ ត្រូវតែសុំការអនុញ្ញាតជាមុន មុននឹងខ្លួនចុះបេសកកម្ម ឬចុះទៅជួប សួរសុខទុក្ខប្រជាពលរដ្ឋរបស់ខ្លួន នៅតាមមូលដ្ឋាននោះដែរ។ លោកបន្តថា តំណាងរាស្ត្រ គឺតំណាងឲ្យប្រជាពលរដ្ឋទូទាំងប្រទេស។ អ្វីដែលលោក សុក សំអឿន សង្កេតឃើញ ត្រង់ថា ប្រធានរដ្ឋសភា មិនអនុញ្ញាតឲ្យតំណាងរាស្ត្រគណៈបក្សសង្រ្គោះជាតិ ធ្វើសន្និសីទនៅក្នុងរដ្ឋសភា ព្រោះលោក ខ្លាចមានការទទួលខុសត្រូវ ព្រោះរឿងព្រំដែន គឺជារឿងរសើប។
ទោះជាយ៉ាងណា លោក អ៊ុំ សំអាន តំណាងរាស្ត្រមណ្ឌលសៀមរាប បានបង្ហាញពីគោលជំហររបស់ខ្លួនថា លោកនឹងប្រើប្រាស់នូវវប្បធម៌សន្ទនាជាមួយលោក ហេង សំរិន ដើម្បីទទួលបានការអនុញ្ញាសម្រាប់រៀបចំសន្និសីទកាសែតនាពេលខាងមុខនេះ។
ការស្នើសុំធ្វើសន្និសីទសារព័ត៌មាន របស់តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិមួយចំនួន ក្រោយពីបានរកឃើញថាប្រទេសវៀតណាមបានរំលោភដីកម្ពុជាជាបន្តបន្ទាប់នៅតាម ខេត្តមួយចំនួន ដូចជាករណីនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ បញ្ហានៅច្រកតន់ហន់ ខេត្តកំពត និងបញ្ហាភ្នំដិននៅខេត្តតាកែវជាដើម។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០១៤ លោកហេង សំរិន ធ្លាប់បានចេញសារាចរណែនាំដល់គណៈកម្មាការទាំង១០ ឲ្យសុំអនុញ្ញាតពីប្រធានសភាជាមុនសិន មុននឹងអញ្ជើញប្រជាពលរដ្ឋ ឬសង្គមស៊ីវិលចូលជួបក្នុងសភា៕
ដោយកញ្ញា ឡុង គីមម៉ារីតា
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!