សពលោក ជាស៊ីម បូជានៅព្រឹកនេះ
នៅថ្ងៃទី១៩ ខែមិថុនា ឆាំ២០១៥ ជាថ្ងៃនៃការៀបចំពិធីបូជាសព លោក ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា ដែលបានទទួលមរណភាពនៅរសៀលថ្ងៃទី៨មិថុនាកន្លងទៅនេះ។ ក្នុងពិធីនោះ មានវត្តមានដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រខ្មែរ ព្រះបាទនរោតម្តសីហមុនី និង វត្តមាន មនុស្សក្មេងចាស់ប្រុសស្រី រួមទាំងថ្នាក់ដឹកនាំកំពួលៗ និងវត្តមានឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត អញ្ចើញចូលរួមផងដែរ ។
នៅវេលាម៉ោង ៧៖១០នាទីព្រឹកថ្ងៃ១៩នេះ សពលោក ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា និង ជាប្រធានគណបក្សប្រជាជនកម្ពុជា ត្រូវបានដង្ហែរ ចេញពីគេហដ្ឋានសម្តេចឆ្ពោះទៅកាន់ឈាបនដ្ឋាន នៅសួនច្បារមុខវត្តបទុមវត្តី ដោយមានការចូលរួម ពីមន្ត្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ព្រះសង្ឃ ប្រជាពលរដ្ឋ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
នៅក្នុងពិធីបូជាសព លោក ជាស៊ីម នៅវេលាម៉ោង ១១៖០០នាទី ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់ចាប់ផ្តើមប្រទានព្រះភ្លើង ក្នុងការបូជាសពសម្តេច ជា ស៊ីម ហើយ បន្ទាប់ពីសពសម្តេចត្រូវបានដង្ហែពីគេហដ្ឋាន នាសង្កាត់ទន្លេបាសាក់ទៅបូជានៅក្នុងវត្តបទុមវត្តី។ គួររំលឹកថា លោក ជា ស៊ីម បានទទួលមរណភាពនៅម៉ោង ៣៖៤៥នាទីរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៥ ក្នុងជន្មាយុ៨៣ឆ្នាំ។
បន្ថែមលើនេះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រក់ទឹកភ្នែក និងសំឡេងខ្សឹបខ្សួលយ៉ាងខ្លាំង នៅពេលអានវិយោគកថា រំលឹកពីជីវប្រវត្តិ ជាពិសេសអនុស្សាវរីយ៍ ដែលបានតស៊ូរំដោះជាតិជាមួយគ្នា ចេញពីរបបអាវខ្មៅ ប៉ុលពត។ ក្នុងឱកាសដ៏វិយោគសោកសៅនេះ លោក ហ៊ុន សែន បានប្តេជ្ញានៅចំពោះមុខសពសម្តេច ជា ស៊ីម ថា នឹងបន្តខិតខំបន្តដឹកនាំប្រទេសជាតិ ឲ្យរក្សាបាននូវភាពរីកចម្រើន និងសន្តិភាព។
គួរបញ្ជាក់ថា អំឡុងថ្ងៃបូជាសព សម្តេច ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា និង ជាប្រធានព្រឹទ្ធសភា រាជរដ្ឋាភិបាល បានប្រកាសឱ្យ ស្ថាប័នរដ្ឋ និងឯកជន ឈប់សម្រាក រយៈពេល១ថ្ងៃ ហើយថ្ងៃនេះ ក៏ស្នើឱ្យ ក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល និងមណ្ឌលកម្សាន្តសប្បាយផ្សេងៗផ្អាកធ្វើអាជីវកម្ម នឹង គ្រប់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ជាតិ និងឯកជនទាំងអស់ ត្រូវផ្អាកការសំដែង និងការចាក់ផ្សាយនូវទស្សនីយភាពផ្សេងៗ ដែលមានលក្ខណៈសប្បាយរីករាយគគ្រឹកគគគ្រេង។
ដោយលោក ញ៉ែម សំណាង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!