ក្រសួងអប់រំ នឹងដាក់បញ្ចូលមុខវិជ្ជាប្រឆាំងអំពើពុករលួយ ក្នុងកម្រិតមធ្យមសិក្សាបឋមភូមិ
ក្រសួងអប់រំ យុវជន និងកីឡា នឹងដាក់បញ្ចូលមុខវិជ្ជាប្រឆាំងអំពើពុករលួយ ក្នុងកម្មវិធីសិក្សា កម្រិតមធ្យមសិក្សាបឋមភូមិ សម្រាប់ឆ្នាំសិក្សា២០១៥-២០១៦ ខាងមុខនេះ។ នេះបើតាមការថ្លែងឲ្យដឹង ពីលោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោលសម្រាប់ការអប់រំស្តីពីការប្រឆាំងអំពើពុករលួយនៅព្រឹកថ្ងៃពុធ ទី ២៤ ឧសភានេះ ។
លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងក្នុងវគ្គបណ្តុះបណ្តាលនេះថា កាលពីឆ្នាំសិក្សា ២០១៤-២០១៥ កន្លងទៅ ក្រសួងអប់រំ បានដាក់បញ្ចូលនូវមុខវិជ្ជាប្រឆាំងអំពើពុករលួយនេះ សម្រាប់កម្រិតមធ្យមសិក្សាទុតិយភូមិ ហើយក្នុងឆ្នាំសិក្សា ២០១៥-២០១៦ ខាងមុខនេះ សិស្សានុសិស្សទាំងអស់ ដែលកំពុងសិក្សាកម្រិតមធ្យមសិក្សាបឋមភូមិ គឺថ្នាក់ទី ៧ ទី ៨ និងទី៩ នឹងបានសិក្សានូវមុខវិជ្ជាថ្មី ដែលមានពីរមេរៀន ទាក់ទងពីការប្រឆាំងអំពើពុករលួយ ក្នុងវិស័យផ្សេងៗ។ លោកបន្ថែមថា កម្មពិធីនេះ អាចជួយតម្រង់ទិសដៅ ដល់គ្មេងជំនន់ក្រោយ ឲ្យមានភាពខ្លាចរអារនឹងការប្រព្រឹត្តអំពើពុករលួយ ទៅថ្ងៃអនាគត។
លោក ឱម យិនទៀង បានថ្លែងលើកទឹកចិត្ត និងបានស្នើឲ្យលោកគ្រូ អ្នកគ្រូបង្គោលទាំងអស់ ឲ្យខិតខំណែនាំដល់សិស្សានុសិស្ស ឲ្យបានយល់ដឹងពីការប្រឆាំងអំពើពុករលួយនៅក្នុងសង្គម និងចូលរួមកែលំអរនូវចំណុចខ្វះខាត់ ដែលមានក្នុងសៀវភៅអប់រំស្តីពីការប្រឆាំងអំពើពុករលួយនេះ ឲ្យមានភាពកាន់តែប្រសើរ។ ហើយលោករំពឹងទុកថា ការកែទម្រង់អំពើពុករលួយក្នុងវិស័យអប់រំ របស់ក្រសួងអប់រំ នឹងទទួលបានប្រសិទ្ធភាពខ្ពស់។
ការអប់រំស្តីពីការប្រឆាំងអំពើពុករលួយនេះ ត្រូវបានរៀបចំឡើងស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណ និងកម្មវិធីនយោបាយរបស់រដ្ឋាភិបាល ហើយត្រូវបានដាក់បញ្ចូលនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅទូទាំងប្រទេស ក្នុងមុខវិជ្ជាពលរដ្ឋវិទ្យា ឬសិក្សាសង្គម នៅកម្រិតមធ្យមសិក្សាទុតិយភូមិ និងកម្រិតមធ្យមសិក្សាបឋមភូមិ នៅឆ្នាំសិក្សាថ្មីខាងមុខនេះ។
លោក ហង់ ជូនណារុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កំណែទម្រង់ការអប់រំ អាចប្រព្រឹត្តិទៅបានដោយសារតែមានការសហការយ៉ាងល្អ ពីបណ្តាលភាគីពាក់ព័ន្ធ ដើម្បីឲ្យវិស័យអប់រំនៅកម្ពុជា មានភាពល្អប្រសើរ។ លោក ហង់ ជួនណារុន បានបង្ហាញនូវគោលជំហររបស់ខ្លួនថា នឹងបន្តកែទម្រង់ និងធ្វើឲ្យវិស័យអប់រំនៅកម្ពុជា កាន់តែល្អ។
គួរបញ្ចាក់ថា កាលពីឆ្នាំសិក្សា ២០១៣-២០១៤ ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការរឹតបណ្តឹងក្នុងការប្រឡងសញ្ញាបត្រទុតិយភូមិ ដោយមិនឲ្យមានការបើកចំលង នូវសំណៅឯកសារ ឬការសូកប៉ានជាដើម ។
ដោយកញ្ញា ឡុង គីមម៉ារីតា
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!