ក្រសួងមហាផ្ទៃទទួលយកសំណើតំណាងរាស្រ្តសង្គ្រោះជាតិ ស្តីពីពហុ កីឡាដ្ឋាន បាត់ដំបង ទៅពិចារណា ផ្អែកតាមសេចក្តី សម្រេចរបស់រដ្ឋា ភិបាល
លោកខៀវ សុភ័ក្រ្ត អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាន៍ប្រាប់ វិទ្យុសំឡេង យុវជន VOY ថាក្រសួងមហាផ្ទៃបានទទួលលិខិតស្នើសុំពីក្រុមអ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិមណ្ឌល បាត់ដំបង ដែលក្នុងលិខិតនោះក្រុមតំណាងរាស្រ្តទាំង៣រូប បានស្នើទៅកាន់ក្រសួងមហាផ្ទៃឲ្យរក្សាទុកពហុកីឡាដ្ឋានខេត្តបាត់ដំបង សម្រាប់ជាសម្បត្តិបេតិកភណ្ឌជាតិ ។
លោកខៀវ សុភ័ក្រ្តបានបញ្ជាក់ថា ក្រសួងមហាផ្ទៃមិន បដិសេធលើការទទួលយកលិខិតពីតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិនោះឡើយ ហើយក្រសួងមហាផ្ទៃនឹងធ្វើទៅតាមអ្វីដែលរាជរដ្ឋាភិបាល និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានឯកភាពគ្នា មានន័យថា ក្រសួងមហាផ្ទៃធ្វើទៅតាមអ្វីដែលជាសេចក្តីសម្រេចរបស់ រាជរដ្ឋាភិបាល ព្រោះថាក្រសួងមហាផ្ទៃស្ថិតនៅក្រោមអាណាព្យាបាលរបស់រាជរដ្ឋាភិបាល។
យ៉ាងណាក៏ដោយ លោក ឡុង ប៊ុត្តា តំណាងរាស្រ្តមណ្ឌលបាត់ដំបង នៅតែទទូចចង់អភិរក្ស ពហុកីឡាដ្ឋានខេត្តបាត់ដំបង ដែលជាទីកន្លែងប្រវត្តិសាស្រ្តនៃទីរួមខេត្តបាត់ដំបង ដែលជាខេត្តមានអាយុកាលយូរណាស់មកហើយ។ លោកបានបន្ថែមទៀតថា ការផ្តល់កន្លែងប្រវិត្តសាស្រ្តទៅឲ្យក្រុមហ៊ុនឯកជន យកទៅអភិវឌ្ឍដោយមិនធ្វើការអភិរក្សគឺជាកំហុសឆ្គងមួយ។ រឿងមួយទៀត គឺថារាជរដ្ឋាភិបាលបានផ្តល់សិទ្ធវិនិយោគរហូតទៅដល់៩៩ឆ្នាំ ទៅឲ្យក្រុមហ៊ុនរបស់លោក គិតម៉េង។
សូមបញ្ជាក់ថា លិខិតដែលក្រុមតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិមណ្ឌលតបាត់ដំបង ផ្ញើជូនទៅក្រសួងមហាផ្ទៃគឺមានខ្លឹមសារនិងគោលបំណងចង់ឲ្យក្រសួងមហាផ្ទៃរក្សាទុក ពហុកីឡាដ្ឋានដែលជាប្រវត្តិសាស្រ្តមួយនេះ ដែលមានទីតាំងស្ថិតនៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដើម្បីបម្រើផលប្រយោជន៍ទៅដល់សាធារណៈជនទូទៅនៃខេត្តបាត់ដំបងទាំងមូលជាពិសេសប្រជាពលរដ្ឋកម្ពុជា ហើយរាជរដ្ឋាភិបាលគួរណាស់តែធ្វើការជួសជុល និងសា្ថបនាពហុកីឡាដ្ឋានមួយនេះឲ្យក្លាយទៅសម្បត្តិបេតិភ័ណ្ឌជាតិ សំរាប់ប្រទេសកម្ពុជា។
ដោយ៖ កញ្ញា ឡេង ឆលីដា
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!