សកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ទៀតហើយ ត្រូវបានឃាត់ខ្លួននៅរសៀលនេះ
សកម្មជនម្នាក់ទៀតហើយ ត្រូវបានឃាត់ខ្លួននៅរសៀលថ្ងៃ៥សីហានេះ ដោយសារពាក់ព័ន្ធនឹងអំពើហិង្សា នៅលើស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥កក្កដាឆ្នាំ២០១៤។ ការឃាត់ខ្លួនសកម្មជនទី៣នេះ គឺភ្លាមៗ បន្ទាប់ពីសកម្មជនគណបក្សសង្រ្គោះជាតិ២នាក់ត្រូវបានតុលាការបញ្ជូនទៅពន្ធនាគារព្រៃសឃុំខ្លួនបណ្តោះអាសន្ន។
ជនទី៣ នេះ មាន ឈ្មោះ យា ថុង។ ឯ សកម្មជន២នាក់ កំពុងនៅក្នុងពន្ធនាគា ឈ្មោះ យឹម គឹមហួរ និងម្នាក់ទៀតឈ្មោះ នឿន ចាន់តា ហៅ ត្រា។
សូមបញ្ជាក់ថា ការចាប់ខ្លួននេះ ធ្វើឡើងតែ២សប្តាហ៍ក្រោយពេលសកម្មជនគណបក្សសង្រ្គោះជាតិ ១១នាក់ ត្រូវបានតុលាការដាក់ពន្ធនាគារពី ៧ទៅ២០ឆ្នាំ ដោយចោទពីបទ ដឹកនាំ និងចូលរួមធ្វើកុបកម្ម នៅលើស្ពាននាគ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។
គណបក្សសង្រោះជាតិ បានចេញសេចក្តីថ្លែងការ នៅថ្ងៃនេះ បង្ហាញពីភាពសោក ស្តាយ ចំពោះការចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិជាបបន្តបន្ទាប់ ដែលផ្ទុយនឹងកិច្ចព្រមព្រៀងនយោបាយកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅ។
គណបក្សសង្គ្រោះជាតិ អំពាវនាវអោយមានការដោះលែងដោយគ្មានល័ក្ខខ័ណ្ឌ និងបញ្ឍប់ជាបន្ទាន់ ក្នុងការប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីចោទប្រកាន់ និងចាប់ខ្លួន ក្នុងបំណង គំរាមកំហែង សកម្មជនគណបក្សសង្គ្រោះជាតិ មិនអោយបំពេញតួនាទីរបស់ខ្លួនបាន ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ។
គណបក្សសង្គ្រោះជាតិ យល់ឃើញថា គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលមានអាសនៈនៅក្នុងរដ្ឋាភា មានករណីយកិច្ចហការគ្នា ដើម្បីបញ្ចប់ភាពតានតឹង ដើម្បីរួមគ្នាដោះស្រាយបញ្ហាសំខាន់ៗរបស់ជាតិ និងរបស់ប្រជាពលរដ្ឋខ្មែរ។
អង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានថ្កោលទោសចំពោះការសម្រេចនេះ ដោយពួកគេថា តុលាការ ពុំមានភាពយុតិ្តធម៌។
យ៉ាងណាក៏ដោយ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណរដ្ឋមន្ត្រី សរសេរនៅលើហ្វេសប៊ុក របស់លោកនៅថ្ងៃនេះថា ការចាប់ និងនាំខ្លួននេះជាការងារយុត្តិធម៌ រវាងស្ថាប័នអយ្យការ និងតុលាការសុទ្ធសាធ ដែលមិនទាក់ទងនិងការងាររបស់រាជរដ្ឋាភិបាល ឬការងាររបស់បក្សណាមួយនោះឡើយ។ ការឯកភាពគ្នាប្រកាន់យកវប្បធម៌សន្ទនា រវាងគណបក្ស CPP និងCNRP គឺជាការងារសន្ទនាដើម្បីបញ្ចប់រាល់រូបភាពហិង្សានយោបាយ ដែលរាប់ទាំងពាក្យសំដី វោហាសាស្ត្រ និងសកម្មភាព មិនមែនមានន័យថា CNRP អាចយកពាក្យ ឬបំណងនៃវប្បធម៌សន្ទនានេះ ដើម្បីរំលាយសមត្ថកិច្ច ឬនីត្យានុកូលភាពរបស់រដ្ឋបាននោះទេ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្លាប់បានប្រកាស់ថា រឿងក្តីពាក់ព័ន្ធនឹងហិង្សានៅស្ពាននាគ តុលាការត្រូវតែវែកមកជនដៃដល់ដែលពាក់ពាន់នឹងហិង្សានោះ មកកាត់ទោស រាប់ទាំងដំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ៧នាក់ដែរ។
ប៉ុន្តែ លោកនាយករដ្ឋមន្ត្រី ហាក់មិនបានលើកឡើងនោះឡើយ អំពីការវែកមុខជនដៃដល់ ដែលបង្កអោយមានហិង្សា នៅស្ពានអាកាសក្បាលថ្នល់ ហិង្សានៅគល់ស្ពានស្ទឹងមានជ័យ និងការប៉ះទង្គិចនៅផ្លូវេងស្រេង ដែលបង្ករអោយមានមនុស្សស្លាប់ និងរបួសជាច្រើននោះ។ រឿងរ៉ាវទាំងនោះ អាជ្ញាធរមានសមត្ថកិច្ច ធ្លាប់លើកឡើងថា អាជ្ញាធរ កំពុងតែបន្តធ្វើការសិក្សាស្រាវជ្រាវ។
ដោយ៖ វ៉ន សុខាន់
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!