រដ្ឋាភិបាលកម្ពុជាបង្កើតគណៈកម្មការសម្រាប់ទទួល, ផ្ទៀងផ្ទាត់,និងប្រគល់ផែនទីអង្គការសហប្រជាជាតិផ្តល់ជូន
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចមួយក្នុងការទទួល ប្រគល់ និងពិនិត្យផ្ទៀងផ្ទាត់ផែនទី ដោយមានរដ្ឋមន្រ្តីក្រសួងការបរទេសលោក ហោ ណាំហុង ជាប្រធាន និងអនុប្រធានពីររូប រួមមានលោក វ៉ា គឹមហុង ដែលជាប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែន និងលោក អ៊ឹម ឈុនលឹម រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្មនិងសំណង់។
ការសម្រេចបង្កើតគណៈកម្មការនេះឡើង បន្ទាប់ពីមានការឆ្លើយតបពីលោកបាន គីមូន អគ្គលេខាធិកាអង្គការសហប្រជាជាតិ តាមលិខិត ចុះថ្ងៃទី៥ខែសីហាឆ្នាំ២០១៥ ផ្ញើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លិខិតនោះ លើកឡើងថា អង្គការសហប្រជាជាតិនៅមិនអាចរកឃើញផែនទីខ្នាត១/១០០.០០០ ផលិត ឡើងនៅចន្លោះឆ្នាំ១៩៣៣ដល់ឆ្នាំ១៩៥៣ ដែលកម្ពុជាបានស្នើសុំខ្ចីនៅឡើយទេ។ តែអង្គការសហប្រជាជាតិ បានរកឃើញផែនទីមួយចំនួនពីកន្លែងផ្ទុកឯកសាររបស់បណ្ណាល័យ ដាក ហាម៉ាស្ដូហ្សូលរបស់អង្គការសហប្រជាជាតិទាំងក្នុងប្រព័ន្ធ អេឡិចត្រូនិកនិងច្បាប់ចម្លងបោះពុម្ពរួច ដែលអង្គការគិតថាអាចមានប្រយោជន៍ចំពោះរដ្ឋាភិបាលកម្ពុជា។
អង្គការសហប្រជាជាតិ បញ្ជាក់ថា ជាគោលការណ៍ បណ្ណាល័យដាក ហាម៉ាស្ដូហ្សូល មិនអនុញ្ញាតឲ្យខ្ចីផែនទីដែលស្ថិតក្រោមការថែរក្សារបស់ខ្លួននោះទេ ប៉ុន្តែក្រោយពីមានការពិគ្រោះយោបល់ ដោយឈរលើករណីលើកលែង បណ្ណាល័យអាចឲ្យកម្ពុជាខ្ចីផែនទីទាំងនោះ ដោយមានលក្ខ័ណ និងក្នុងរយៈពេលមានកំណត់មួយ ។
ក្នុងលិខិតឆ្លើយតប របស់លោកនាយករដ្ឋមន្ត្រី ទៅលោក បានគីមូន នៅថ្ងៃទី៦ខែសីហាឆ្នាំ២០១៥ ក៏បានលើកឡើងផងដែរពីការសហការណ៍ ដ៏កក់ក្តៅរបស់អង្កការសហប្រជាជាតិ ដែលបានឲ្យកម្ពុជា ខ្ចីផែនទី យកមកផ្ទៀងផ្ទាត់ ដើម្បីបញ្ចាក់ពីភាពស្អាត់ស្អំរបស់រដ្ឋាភិបាល កុំឲ្យមានការភ័ន្តច្រលំពីមតិជាតិ និងអន្តរជាតិ។
បើតាមសេចក្តីសម្រេចរបស់នាយករដ្ឋមន្រ្តីចុះថ្ងៃទី៦ខែសីហាឲ្យដឹងដែរថា គណៈកម្មការនេះមានលេខាធិការដ្ឋានមួយជាសេនាធិការ ដើម្បីជួយលើការងារបច្ចេកទេស រដ្ឋបាលនិងហិរញ្ញវត្ថុ ដែលស្ថិតនៅវិមានសន្តិភាពនៃទីស្តីការគណៈរដ្ឋមន្រ្តី។ គណៈកម្មការនេះមានតួនាទីចាត់ចែងនិងសម្របសម្រួលការទទួល ប្រគល់និងការពិនិត្យផ្ទៀងផ្ទាត់ផែនទី ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមមានតំណាងរាស្រ្តបក្ស ដែលមានអាសនៈនៅក្នុងព្រឹទ្ធសភានិងរដ្ឋសភា តំណាងរាជបណ្ឌិត្យសភា កម្ពុជានិងអ្នកជំនាញការងារផែនទី ជាតិនិងអន្តរជាតិដែលមានការពាក់ព័ន្ធ ព្រមទាំងអ្នកសង្កេតការណ៍ផ្សេងទៀតតាមការកំណត់របស់គណៈកម្មការ ដើម្បីធានាតម្លាភាពនិងភាពត្រឹមត្រូវច្បាស់លាស់។
ផែនទី ដែលអង្គការសហប្រជាជាតិ បានរកឃើញ ទាំង ១៨ ផ្ទាំង គឺជាផែនទី ដែលកម្ពុជា បានដាក់ប្តឹងទៅអង្គការសហប្រជាជាតិពីការទំលាក់ គ្រាប់បែករបស់សហរដ្ឋអាមេរិក មកលើប្រទេសកម្ពុជា និងការឈ្លានពានទឹកដីកម្ពុជា ពីសំណាក់ប្រទេសវៀតណាមខាងត្បួង។ មិនមែនជាផែនទី ដែលផ្លូវការដែលសម្តេចព្រះសីហនុ យកទៅតំកល់ទុកនោះទេ។ នេះបើតាមការបញ្ជាក់របស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្តីការគណរដ្ឋមន្ត្រី ប្រាប់វិទ្យុសំឡេងយុវជននៅថ្ងៃទី៦សីហាម្សិលមិញ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែកក្កដា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរលិខិតមួយច្បាប់ទៅអគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន ដើម្បីសុំខ្ចីផែនទីកម្ពុជា ខ្នាត ១/១០០.០០០ ដែលតម្កល់នៅអង្គការប្រជាជាតិ និងនៅថ្ងៃទី១៥ ខែកក្កដា លោកនាយករដ្ឋមន្ត្រីក៏បានសរសេរលិខិតទៅថ្នាក់ដឹកនាំប្រទេសមហាអំណាច ចំនួន៣គឺបារាំង អង់គ្លេសនិងសហរដ្ឋអាមេរិក ដោយស្នើសុំខ្ចីផែនទីនិងសុំជំនួយជាអ្នកជំនាញខាងផែនទី ដើម្បីជួយកម្ពុជាក្នុងការផ្ទៀងផ្ទាត់ផែនទីដែលរដ្ឋាភិបាលកំពុងតែ ប្រើប្រាស់។ ហើយបើតាមលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្លាប់លើកឡើងកន្លងមក សព្វថ្ងៃនេះការបោះបង្គោលព្រំដែនជាមួយវៀតណាមសម្រេចបាន៨៣ភាគរយហើយនៅលើខ្សែព្រំដែនប្រមាណ១២៦០គីឡូម៉ែត្រ។ ប៉ុន្តែលោកថាកម្ពុជាក៏អាចសើរើបាន បើករណីបោះទៅមានភាពលម្អៀង។
មាត្រា២នៃរដ្ឋធម្មនុញ្ញកម្ពុជាចែងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួនដែលមានកំណត់ ក្នុងផែនទីខ្នាត១/១០០ ០០០ធ្វើនៅចន្លោះឆ្នាំ១៩៣៣-១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះឆ្នាំ១៩៦៣-១៩៦៩។
ដោយ៖ ឡុង គីមម៉ារីតា
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!