តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ស្នើទៅក្រសួងយុត្តិធម៌ ជួយពន្លឿនសំណុំរឿង កម្មករជិត២០នាក់ស្លាប់ ក្នុងគ្រោះថ្នាក់ចរាណ៍នៅស្វាយរៀង
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចំនួន២រូប បានផ្ងើលិខិតមួយច្បាប់តាមរយៈប្រធានសភា លោក ហេង សំរិន ទៅកាន់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដោយស្នើសុំជូយពន្លឿន អោយសាលាដំបូងខេត្តស្វាយរៀង លើកយកសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយរថយន្តដឹកអ្នកដំណើរភ្នំពេញ-ហូជីមិញ ទៅលើរថយន្តដឹកកម្មករ នៅលើផ្លូវជាតិលេខ១ កាលពីថ្ងៃទី១៩ឧសភា ឆ្នាំ២០១៥ មកចាត់ការតាមនីតិវិធីច្បាប់អោយបានឆាបរហ័ស។
លិខិតស្នើអោយជួយអន្តរាគមនេះធ្វើឡើង បន្ទាប់ពីមានសំណូមពរ ពីសំណាក់ ជនរងគ្រោះ និងក្រុមគ្រួសាររបស់កម្មករ ដែលបានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរចារណ៍នោះ។
គេនៅមិនទាន់ភ្លេចទេ ហេតុការណ៍ នៅភូមិដើមពោធ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង កាលពីខែឧសភា ដែលបានបណ្តាលអោយ កម្មករស្លាប់អស់១៩នាក់ និង១៩នាក់ទៀតរងរបួស។
ក្នុងលិខិត របស់លោក អ៊ូ ច័ន្ទរិទ្ធិ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលផ្ញើទៅកាលពីថ្ងៃទី៦សីហា និងទៅដល់ថ្ងៃទី១០សីហានេះ បញ្ជាក់ថា " បច្ចុប្បន្ន ជនរងគ្រោះ និងក្រុមគ្រួសាររបស់កម្មករដែលបានស្លាប់ កំពុងជួបជីវភាពខ្វះខាតយ៉ាងខ្លាំង " ហើយថា "ការស្នើសុំជួយពន្លឿនអោយសាលាដំបូងខេត្តស្វាយរៀង លើកយកសំណុំរឿងនេះមកចាត់ការ គឺអាចអោយពួកគាត់ឆាប់ទទួលបាននូវសំណងផ្នែករដ្ឋប្បវេណី ដើម្បីយកមកដោះស្រាយ ជីវភាពគ្រួសារ។"
ដោយ៖ សំឡេងយុវជន
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!