ប៉ូលីសចរាចរណ៍ នឹងត្រូវអ្នកធ្វើដំណើរប្តឹង នៅពេលដែលផាកពិន័យមិនចេញវិក័យបត្រ
សូមស្តាប់ព័ត៌មានលំអិតដោយ លោកញ៉ែម ប្រសិដ្ឋ ៖
នៅក្នុងច្បាប់ថ្មីមាត្រា៧០ បានចែងយ៉ាងច្បាស់ថា បុគ្គលដែលមិនសុខចិត្ត នឹងសេចក្តីសម្រេចរបស់មន្រ្តីអនុវត្តច្បាប់ដូចមានចែងក្នុងមាត្រា៦០ នៃច្បាប់នេះ មាសិទ្ធិប្តឹងតវ៉ាទៅប្រធានអង្គភាពដែលគ្រប់គ្រងផ្ទាល់លើមន្រ្តីនោះ។ ប្រធានអង្គភាពត្រូវសម្រេចលើបណ្តឹងតវ៉ា១៥ថ្ងៃ យ៉ាងយូរគិតពីថ្ងៃទទួលបណ្តឹង។ បុគ្គលដែលមិនសុខចិត្តនឹងសេចក្តីសម្រេចរបស់ប្រធានអង្គភាពខាងលើ មានសិទ្ធិប្តឹងទៅតុលាការតាមនីតិវិធី។
ក្នុងច្បាប់ចរាចរណ៍ថ្មីនោះ បានចែងថា ក្នុងមាត្រា ៦៧ ៖ មន្រ្តី នគរបាលចរាចរណ៍ផ្លូវគោក មានសិទ្ធិស្ទូចយានជំនិះដែលចតធ្វើអោយរំខាន ឬអាចនាំអោយមានគ្រោះថ្នាក់ដល់យានយន្តដទៃ យកទៅរក្សាទុកនៅអង្គភាព នគរបាលចរាចរណ៍ផ្លូវគោក ក្នុងករណីដែលម្ចាស់យានជំនិះមិនព្រមទទួលការពិន័យ ឬគ្មានវត្តមាន។
មាត្រា ៦៨ ៖ មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក ដែលមានសមត្ថកិច្ចត្រួតពិនិត្យបទល្មើសចរាចរណ៍ ត្រូវពិនិត្យអង្កេត កត់ត្រាបទល្មើសស្របតាមបែបបទនៃ ការពិនិត្យ ការអង្កេត ការកត់ត្រាបទល្មើស និងការធ្វើកំណត់ហេតុគ្រោះថ្នាក់ចរាចរណ៍ដែលកំណត់ដោយប្រកាសអន្តរក្រសួងរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ។
មាត្រា ៦៩ ៖ មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក ដែលមានសមត្ថកិច្ចផាកពិន័យបទល្មើសចរាចរណ៍ ត្រូវចេញបង្កាន់ដៃផាកពិន័យ ដែលាមានគល់បញ្ជីរត្រឹមត្រូវ ។ ទម្រង់បែបបទ នៃបង្កាន់ដៃផាកពិន័យ និងការគ្រប់គ្រងប្រាក់ចំណូលដែលបានមកពី ការផាកពិន័យ ត្រូវកំណត់ដោយប្រកាសអន្តរក្រសួងរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ។
មាត្រា ៧០ ៖ បុគ្គលដែលមិនសុខចិត្ត នឹងសេចក្តីសម្រេច របស់មន្រ្តីអនុវត្តច្បាប់ដូចបានចែងក្នុងមាត្រា ៦០ នៃច្បាប់នេះ មានសិទ្ធិប្តឹងតវ៉ា ទៅប្រធានអង្គភាពដែលគ្រប់គ្រងផ្ទាល់លើមន្រ្តីនោះ ។ ប្រធានអង្គភាពត្រូវសម្រេចលើបណ្តឹងតវ៉ា ១៥ ថ្ងៃ យ៉ាងយូរគិតត្រឹមពីថ្ងៃទទួលបណ្តឹង ។ បុគ្គលដែលមិនសុខចិត្តនឹងសេចក្តីសម្រេចរបស់ប្រធានអង្គភាពខាងលើ មានសិទ្ធិប្តឹងទៅតុលាការតាមនីតិវិធី ។
លោកអៀ ចរិយា ទីប្រឹក្សាឯករាជ្យផ្នែកសុវត្ថិភាពចរាចរណ៍ សាទរចំពោះ ការបង្កើតអោយមានច្បាប់ចរាចរណ៍ថ្មីនេះឡើង ជាពិសេសបង្កើតឳឲ្យ ប្រជាពលរដ្ឋនៅតាមដងផ្លូវមានសិទ្ធិគ្រប់គ្រាន់ក្នុងការបង់ប្រាក់ផាកវិន័យ ដោយពុំមានការជម្រិតទារប្រាក់ពីមន្រ្តីចរាចរណ៍ខិលខូចមួយចំនួនតូច។
ជាពិសេស នៅពេលដែលប្រជាពលរដ្ឋមានសិទ្ធិប្តឹងតបតនៅពេលដែលមន្រ្តីចរាចរណ៍ផាកពិន័យមិនចេញវិក្ក័យបត្រ គឺអាចកាត់បន្ថយការជម្រិតទារប្រាក់ កាត់បន្ថយនូវអំពើរពុករលួយជាដើម។
លោកក៏បានបន្តថា កន្លងទៅមានមន្ទិលជាច្រើនដែលទម្លាក់កំហុសទៅកាន់សមត្ថកិច្ចចរាចរណ៍ថា ជម្រិតទារប្រាក់ជាច្រើន ពីអ្នកដំណើរនៅពេលពួកគេប្រព្រឹត្តខុសនឹងច្បាប់ចរាចរណ៍ បើតាមគំនិតរបស់លោក លោកយល់ថា បញ្ហានេះ វាអាចមានកត្តាជាច្រើនដែលបណ្តាលអោយមានការផាកពិន័យប្រាក់ច្រើនបែបនេះ ដោយសារតែអ្នកដំណើរមិនគោរពច្បាប់ចរាចរណ៍ធ្ងន់ធ្ងរ និងបញ្ហាមួយទៀតអាចបណ្តាលមកពីមន្រ្តីអនុវត្តនោះផ្ទាល់តែម្តងដែលជាអ្នកជម្រិតទាប្រាក់ទាំងនោះដើម្បីដាក់ក្នុងហោប៉ៅខ្លួនឯង។
គូសបញ្ជាក់ថា ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី មាន ១២ ជំពូក និង ៩២ មាត្រា ត្រូវបានអនុម័តនៅចុងឆ្នាំ២០១៤ ជំនួសច្បាប់ ចរាចរណ៍ផ្លូវគោកចាស់ឆ្នាំ២០០៧ ដែលត្រូវបាននារាករណ៍៕
ដោយ៖ ញ៉ែម ប្រសិដ្ឋ
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!