លោក សុខ ទូច បំភ្លឺរឿងយកផែនទីពីលោកស៊ាន ប៉េងសែ
លោក សុខ ទូច ប្រធានក្រុមការងារស្រាវជ្រាវ រាជបណ្ឌិត្យសភាកម្ពុជា បានឆ្លើយតបតាមរយៈហ្វេសប៊ុក របស់លោកនៅថ្ងៃនទី១១សីហានេះថា លោក ស៊ាន ប៉េងសែ ប្រធានគណកម្មាធិការព្រំដែនដែលមានមូលដ្ឋាននៅប្រទេសបារាំង មិនបានឱ្យផែនទីទៅរួបលោក ដោយផ្ទាល់ដៃទេ តែលោក ស៊ាន ប៉េងសែ បានឱ្យសហការីរបស់គាត់ គឺលោក ហម ប៊ុនឆាយ ផ្តល់ផែនទីតាមអ៊ីម៉េលមកឱ្យក្រុមស្រាវជ្រាវព្រំដែនដែលស្ថិតក្រោមការដឹកនាំលោកសុខទូច។
ការឆ្លើយតបបែបនេះ បន្ទាប់ពីលោក ស៊ាន ប៉េងសែ បានផ្តល់បទសម្ភាសជាមួយសារពត៌មាននៅក្នុងប្រទេសកម្ពុជាថា រូបលោកមិនបានផ្តល់ផែនទីអោយទៅលោក សុខទូចនោះទេ ហើយលោកក៏មិនដែលស្គាល់លោកសុខទូចដែរ។
លោក សុខទូច បន្តទៀតថា ក្នុងក្រុមស្រាវជ្រាវព្រំដែននៃរាជបណ្ឌិត្យសភាកម្ពុជា បែងចែកការងារ ជាបីក្រុម ៖ ក្រុមទី១ ទាក់ទងខាងរដ្ឋាភិបាល, ក្រុមទី២ ទាក់ទងគណបក្សសង្គ្រោះជាតិ និងក្រុមទី៣ ទាក់ទងខាងលោក ស៊ាន ប៉េងសែ។
អ្នកទាក់ទងលោក ស៊ាន ប៉េងសែ គឺលោក ឯម សុវណ្ណរ៉ា និងលោក ហ៊ាន ស្រស់។ លោក សុខទូច អះអាងថា ក្រុមរបស់លោក បានទាក់ទងតាមទូរស័ព្ទទៅកាន់លោក ស៊ាន ប៉េងសែ ហើយលោក ស៊ាន ប៉េងសែ បានប្រាប់ឱ្យ ទាក់ទងតាមទូរស័ព្ទទៅលោក ហម ប៊ុនឆាយ ដែលជាសហការីរបស់គាត់ ដើម្បីទាក់ទងរឿងផែនទី។
លោកបន្តទៀតថា ក្រុមស្រាវជ្រាវ បានទាក់ទងលោក ហម ប៊ុនឆាយ ហើយលោក ហម ប៊ុនឆាយ បានផ្ញើមកក្រុមស្រាវជ្រាវនូវផែនទីចំនួនពីរលើក ៖ លើកទី១ ចំនួន ៤៩ ផ្ទាំង និងលើកទី២ ចំនួន ១២៦ ផ្ទាំង។ លោកបានអះអាងថា លោក មានសំឡេងសន្ទនាតាមទូរស័ព្ទរវាងលោក ស៊ាន ប៉េងសែ និងលោក ហម ប៊ុនឆាយ ជាមួយក្រុមស្រាវជ្រាវទាំងស្រុង។ បើមានការចាំបាច់យើងចុះផ្សាយខ្លឹមសារទាំងស្រុងនៃការសន្ទនាតាមទូរស័ព្ទនោះ និងខ្លឹមសារអ៊ីម៉េលផងដែរ។
លោក អ៊ុំ សំអាន ធ្លាប់ប្រាប់វិទ្យុសំឡេងយុវជនថា ថាប្រសិនបើអង្គការសហប្រជាជាតិពិតជារកផែនទីកម្ពុជាមិនឃើញមែននោះ កម្ពុជាអាចជ្រើសយកមធ្យោបាយមួយទៀតគឺផែនទីដែលលោក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំពីមហាអំណាចទាំងបី រួមមាន បារាំង អាមេរិក និងអង់គ្លេស ដើម្បីកំណត់ព្រំដែនជាមួយប្រទេសជិតខាង៕
ដោយ៖ សំឡេងយុវជន
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!