លោកShinzo Abe សម្តែងនូវអារម្មណ៍ទុក្ខព្រួយ ចូលរួមរំលែកទុក្ខជនរងគ្រោះកូរ៉េនៅសម័យសង្រ្គាមលោកលើកទី២តែលោកស្រីផាកថាជប៉ុនគួរទទួលស្គាល់ប្រវត្តិសាស្រ្ត។
ជប៉ុន ១៥,សីហា,២០១៥៖ លោកនាយករដ្ឋមន្រ្តី Shinzo Abe បានសម្តែងនូវអារម្មណ៍ទុក្ខព្រួយយ៉ាងខ្លាំង ហើយនិងចូលរួមរំលែកទុក្ខដោយស្មោះត្រង់ដល់អ្នកដែលបានទទួលរងគ្រោះ និងស្លាប់ដោយសារការឈ្លានពានរបស់កងទ័ពជប៉ុនកាលពីអតីតកាលនៅពេលធ្វើសុន្ទរកថាជាសាធារណៈនៅខួបលើកទី៧០នៃការបញ្ចប់សង្គ្រាមលោកលើកទី២។
លោកនាយករដ្ឋមន្រ្តី Abe បានមានប្រសាសន៍ថា ប្រទេសរបស់យើងបានធ្វើឲ្យមានការខូចខាត និងឈឺចាប់យ៉ាងខ្លាំងដល់ពលរដ្ឋស្លូតត្រង់។
លោកនាយករដ្ឋមន្រ្តីបាននិយាយថា លទ្ធិអាណានិគមប្រទេសលោកខាងលិចជាបុព្វហេតុនៃសង្គ្រាមនេះ ក៏ប៉ុន្តែ លោកមានប្រសាសន៍ទៀតថា ការសម្រេចចិត្តរបស់ជប៉ុនដើម្បីដោះស្រាយជម្លោះដោយប្រើកម្លាំងជាកំហុសហើយបានសន្យានៅថ្ងៃអនាគតថា ជានិច្ចកាលស្វែងរកការផ្សះផ្សាដោយសន្តិវិធី។
លោកនាយករដ្ឋមន្រ្តីបានធ្វើការសុំអភ័យទោស ដូចអ្នកកាន់តំណែងមុនៗរបស់លោក រួមមានសេចក្តីថ្លែងការណ៍របស់លោក Murayma នៅឆ្នាំ១៩៩៥ ដែលបានសុំអភ័យទោសចំពោះការខូចខាត និងការឈឺចាប់ដែលបណ្តាលមកពីសង្គ្រាមលោកលើកទី២របស់ជប៉ុន ក៏ប៉ុន្តែមិនរួមបញ្ចូលការសុំអភ័យទោសថ្មីរបស់ខ្លួនលោកទេ។
ការណ៍នេះមិនទំនងទេថា សេចក្តីថ្លែងការណ៍របស់លោកនាយករដ្ឋមន្រ្តីនឹងធ្វើឲ្យប្រទេសជិតខាងរបស់ជប៉ុនពេញចិត្តនោះទេ ជាពិសេសកូរ៉េខាងត្បូង និងប្រទេសចិនដែលបានធ្វើការអំពាវនាវម្តងហើយម្តងទៀតដល់លោក Abe ឲ្យធ្វើសុន្ទរកថាពីភាពឃោរឃៅរបស់កងទ័ពជប៉ុនក្នុងអំឡុងពេលនៃការធ្វើអាណានិគមរបស់ខ្លួននៅទ្វីបអាស៊ី។
លោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង Park Geun-hye នៅថ្ងៃសៅរ៍នេះបាន ជំរុញឱ្យប្រទេសជប៉ុន គាំទ្រជាសកម្មភាពក្នុងពាក្យពេជ្រពីបញ្ហាជាប្រវត្តិសាស្រ្ត ដោយចង់សំដៅទៅលើសេចក្តីថ្លែងការណ៍មួយដែលចេញដោយនាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe ក្នុងពិធីប្រារព្ធខួបលើកទី ៧០ នៃការបញ្ចប់ សង្គ្រាមលោកលើកទី II ។
លោកស្រីផាកបានថ្លែងថា: «រដ្ឋាភិបាលជប៉ុនគួរតែគាំទ្រសេចក្តីប្រកាសបើកចំហរបស់ខ្លួនក្នុងការទទួលការយល់ឃើញជាប្រវត្តិសាស្រ្ត របស់មនុស្សជំនាន់មុន នៅពេលអនាគតជាមួយនឹងសកម្មភាពស្របនិងដោយស្មោះដើម្បីទទួលបាននូវការជឿទុកចិត្តពីប្រទេសជិតខាងនិងសង្គមអន្ដរជាតិ នៅក្នុងថ្ងៃពិធីរំឭកខួបលើកទី៧០ នៃការរំដោះ ឧបទ្វីបកូរ៉េ ចេញពីអាណានិគមរបស់ជប៉ុន ឆ្នាំ១៩១០ដល់ឆ្នាំ១៩៤៥ ៕
ប្រែសំរួលដោយ៖ មែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!