ផែនទី១៨ផ្ទាំង របស់អង្គការសហប្រជាជាតិ ប្រគល់ជូនកម្ពុជា ជាផ្លូវការហើយនៅព្រឹកនេះ
ទីបំផុត ផែនទីទាំង១៨ផ្ទាំង របស់អង្គការសហប្រជាជាតិ (UN) បានប្រគល់ជាផ្លូវការ ជូនលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងជា ប្រធានគណៈកម្មការចំពោះកិច្ច តំណាងរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២០ ខែសីហា នៅវិមានសន្តិភាព។
ក្នុងព្រឹត្តការណ៍ប្រគល់ផែនទីនោះ គេឃើញមានការអញ្ចើញ ចូលរួមពី មន្ត្រី UN សមាជិកព្រឹទ្ធសភាគណបក្សសម រង្សី និងគណបក្សកាន់អំណាច តំណាងរាស្ត្រគណបក្សសម្លេងភាគច្រើន និងសម្លេងភាគតិច គណបក្សហ៊្វុ ស៊ិនប៉ិច មន្ត្រីជាន់ខ្ពស់គណកម្មាធិការព្រំដែន តំណាងក្រុមប្រឹក្សាធម្មនុញ្ញ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងក្រុមស្រាវជ្រាវ រាជបណ្ឌិត្យសភា និងមានការចូលរួមឃ្លាំមើល និងរាយការណ៍ដោយអ្នកសារព៌ត៌មានជាច្រើនទៀត។
សូមបញ្ជាក់ថា ផែនទីទាំង១៨ផ្ទាំងនោះ គឺជាផែនទីដែលកម្ពុជាដាក់ប្តឹងទៅអង្គការសហប្រជាជាតិពីការទម្លាក់គ្រាប់ បែក និងការឈ្លានបូរណភាពទឹកដីពីសំណាក់ទាហានអាម៉េរិកាំង និងវៀតណាមខាងត្បូង ក្នុងអំឡុងសង្រ្គាមទសវត្សរ៍ឆ្នាំ៦០ មិនមែនជាផែនទីដែលសម្តេចនរោត្តម សីហនុ បានយកទៅតំកល់នៅអង្គការសហប្រជាជាតិនៅឆ្នាំ១៩៦៤នោះទេ។
តែយ៉ាងណាក៏ដោយ លោក វ៉ា គឹមហុង ប្រធានគណកម្មាធិការកិច្ចការព្រំដែន អះអាងនៅចំពោះមុខអ្នកចូលរួមថា ផែនទីរបស់UN និងផែនទីដែលរាជរដ្ឋាភិបាល បានប្រើប្រាស់ គឺដូចគ្នា ប៉ុន្តែផែនទីរបស់រដ្ឋាភិបាល ត្រូវបានគូសវាសដោយបារាំង រីឯផែនទីពី UN គឺត្រូវបានគូសវាសដោយ សហរដ្ឋអាមេរិច ដើម្បីទំលាក់គ្រាប់បែកមកលើកម្ពុជាអំឡុងទសវត្ស៦០។
ចំណែកឯផែនទីផ្លូវការ ដែលប្រមុខរដ្ឋាភិបាលកម្ពុជាស្នើសុំខ្ចីពីអង្គការសហប្រជាជាតិ ហើយដែលសម្តេចនរោត្តម សីហនុ យកទៅតំកល់នៅអង្គការសហប្រជាតិឆ្នា១៩៦៤នោះ គឺត្រូវបានអង្គការសហប្រជាជាតិ ថាស្រាវជ្រាវរកមិនឃើញនោះទេ។
យ៉ាងណាក៏ដោយ លោក ហោ ណាំហុង ប្រធានគណកម្មការចំពោះកិច្ច បានលើកឡើងថា " ផែនទី UTM ខ្នាត១/១០០ ០០០ ទាំង១៨ផ្នាំងនេះ ដែលត្រូវបានតមកល់ទុកដោយ រាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ១៩៦៤ នឹងអនុញ្ញាតិអោយ យើងផ្ទៀងផ្ទាត់ជាមួយផែនទី Bonne ខ្នាត ១/១០០ ០០០ ទាំង១៨ផ្ទាំង ក្នុងចំណោមផែនទី Bonne ខ្នាត ១/១០០ ០០០ ចំនួន២៦ផ្ទាំង ដែលរាជរដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់ជាច្រើនទសវត្សរ៍មកហើយ ហើយដែលកំពុងប្រើប្រាស់ក្នុងការបោះបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម សព្វថ្ងៃ។"
សូមបញ្ជា់ថា ក្រៅពីផែនទីស្នើសុំខ្ចីពីអង្គការសហប្រជាតិ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានស្នើសុំខ្ចីផែនទីពីប្រទេសមហាអំណាចចំនួន៣ មាន សហរដ្ឋអាមេរិច បារាំង និងអង់គ្លេស ប៉ុន្តែរហូតមកទល់នឹងពេលនេះ គឺមិនទាន់មានពត៌មានណាគួរអោយកត់សំគាល់នៅឡើយនោះទេ៕
សូមអានសុន្ទរកថា លោក ហោ ណាំហុង ខាងក្រោម >>
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!