បទយកការណ៍ ស្តីពី វប្បធម៌សន្ទនា ពីពេលនេះ តទៅមុខ
សូមស្តាប់បទយកការណ៍ដែលជម្រាបជូនដូចតទៅ ៖
ថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ ២០១៥ ៖ រលកនៃការដឹកនាំ នយោបាយរវាងសមភាគី គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ហាក់កំពុងតែមានការបែ្រប្រួលយ៉ាងខ្លាំង ពុំដូចជាការចាប់ដៃគ្នាដំបូងក្នុងការបង្កើតវប្បធម៌សន្ទនាសោះ។ អ្នកតាមដានសង្គម សង្កេតឃើញថា សមភាគីទាំងពីរ បានចោទប្រកាន់ លាបភពណ៌គ្នាទៅវិញទៅមកមិនចេះចប់ មិនចេះហើយ។ ឧទាហរណ៍ ជាក់ស្តែង កាលពីប៉ុន្មានថ្ងៃមុននេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បាននិយាយថាលោក សម រង្ស៊ី គឺជាមេចោរ ដែលតែងតែបង្ករ អោយមានអស្ថេរភាពនៅក្នុងសង្គម។ ការប្រតិកម្មពីបុរសខ្លាំង របស់កម្ពុជារូបនេះ បន្ទាប់ពីលោកសម រង្ស៊ី បានថ្លែងចំពោះមុខអ្នកសារព័ត៌មានថា កន្លងទៅខាងគណបក្សសង្រ្គោះជាតិ គឺជាអ្នកចាក់ក្រឡេករដ្ឋាភិបាលពីក្រោយខ្នង ទៅលើរឿងអសកម្ម និង ផលអវិជ្ជមានរបស់របបគ្រប់គ្រង នៃរដ្ឋាភិបាល ទើបបានជារដ្ឋាភិបាលចាប់សកម្មជនរបស់លោកដាក់ពន្ធនាគារបែបនេះ។
ទស្សនៈអ្នកវិភាគមួយចំនួន បានលើកឡើងថា វប្បធម៌សន្ទនា ដែលជាវប្បធម៌គូរស្វាមីភរិយាដែលទើបនឹងរៀបការថ្មោងថ្មីនេះ ហាក់នឹងឈានដល់ផ្លូវបំបែក ហើយពិបាកផ្អែមល្ហែមនឹងគ្នាដូចមុនបានណាស់ ក៏ព្រោះតែ សមភាគីទាំងពីរ មិនទុកចិត្តគ្នាទៅវិញទៅមក ថែមទាំងបង្កើតឳកាស នឹងប្រើល្បិចកល ដាក់គ្នាទៅវិញទៅមកទៀតផង ។
នៅពេលដែលសកម្មជនគណបក្សសង្គ្រោះជាតិ បានលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋាភិបាលដែលជារឿងរស៊ើប មិនអាចធ្វើអ្វីបាននោះ ដូចជា រឿងជនអន្តោប្រវេសន៍រស់នៅខុសច្បាប់ រឿងបញ្ហាការរំលោភព្រំដែនពីប្រទេសជិតខាង និងបញ្ហាវិវាទផែនទីកម្ពុជា ដែលកំពុងតែយកមកប្រើប្រាស់ក្នុងការបោះបង្គោលព្រំដែនជាដើមនោះ គឺកំពុងតែមានការប្រឈមនឹង បញ្ហាជាច្រើន។ សកម្មជនដែលដឹកនាំរបស់គណបក្សសង្គ្រោះជាតិ ដែលហ៊ានលូកដៃយ៉ាងជ្រៅ ក្នុងរឿងរស៊ើបទាំងអស់នេះ អ្នកខ្លះបានរត់គេចទៅក្រៅប្រទេស និងអ្នកខ្លះទៀតកំពុងតែ នៅក្នុងពន្ធនាគារ ដោយសារតែ តុលាការចោទថា ដឹកនាំចលនា តវ៉ា បង្កអស្ថេរភាពក្នុងសង្គម និងក្លែងបន្លំឯកសារសាធារណៈជាដើម។
អ្នកស្រាវជ្រាវ ការអភិវឌ្ឍន៍សង្គម លោកមាស នី បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា គណបក្សកាន់អំណាច បាននឹងកំពុងប្រើកលយុទ្ធនឹងល្បិចជាប្រពៃណីដូចជាវិធីសាស្ត្របិទទ្វាវាយឆ្កែ នឹងយុទ្ធនាការសំរាប់ការពារបដិវត្តន៏ពណ៏ពេលណាដែលមានអ្នកចង់ចូលទៅជួយឆ្កែដែលគេកំពុងវាយនោះ។
នៅក្នុងស្ថានការណ៏នេះទោះបីជាគណបក្សកាន់អំណាចបានដឹងហើយថាខ្លួនបានបាត់បង់នូវអាសនៈសភាជាច្រើនក្នុងអំឡុងនៃការបោះឆ្នោតអណត្តិកន្លងមកហើយក៏ដោយ ក៏មកទល់នឹងពេលនេះគណបក្សនេះបានប្រើពេលវេលាតិចតួចស្តួចស្តើងណាស់ដើម្បី ស្តារប្រជាប្រិយភាពរបស់ខ្លួនឡើងវិញ ។ តែផ្ទុយទៅវិញ ពួកគេបានប្រើពេលវេលាស្ទើរតែទាំងអស់ ដែលមានសំរាប់តែយកមកទប់ទល់នឹងបង្រ្កាបគណបក្សប្រឆាំងទៅវិញ ។ បន្ថែមពីលើនេះ លោក មាស នី សង្កេតឃើញថា ជាញឹកញាប់ចំណាត់ការនយោបាយសំខាន់ៗ តែងបានស្តែងចេញតែពីក្រុមអ្នកដឹកនាំថ្នាក់កំពូលរបស់គណបក្យ តែចំពោះថ្នាក់កណ្តាល រីឯថ្នាក់មូលដ្ឋានវិញ ហាក់ដូចជាពុំបានជួយគ្នាក្នុងការស្តារការគាំទ្រពីសាធារជនឡើងវិញប៉ុន្មានឡើយ។
គណបក្សសង្គ្រោះជាតិ ធ្លាប់បាននិយាយថា ទិញមិនលក់ គំរាមមិនខ្លាចនោះ គេនៅមិនទាន់អាចប៉ាន់ប្រមាណបាននៅឡើយទេ ក្រោយពីការចាប់ខ្លួនសកម្មជនរបស់ខ្លួនជាបន្តរបន្ទាប់នាពេលថ្មីៗនេះ ។ មានមតិសាធារណៈជនជាច្រើនបាននិយាយថា ក្នុងស្ថានភាពនយោបាយបច្ចុប្បន្ន ការចរចារដើម្បីស្វែងរកការដោះលែងសកម្មជននយោបាយ នឹងមានការពិបាក ដ៏រាបណា គណបក្សប្រឆាំងមិនដាក់ខ្លួនអោយទាប និងទទួលយកលក្ខណ័ធ្ងន់ៗ ពីគណបក្យកាន់អំណាចទេនោះ ។ លោកមិនអាចសន្និដ្ឋានបានទេថា គណបក្យប្រឆាំងត្រូវធ្វើអ្វីថែមទៀតដើម្បីការពារខ្លួន កុំអោយជួបវាសនាអភ័ព្វដូចគណបក្យហ៊្វុនស៊ីនប៉ិច កាលពីអតីតកាល ជាឧទាហរណ៍អោយមើលស្រាប់ គឺពុំទទួលបានអ្វី សូម្បីតែមួយកៅអីនៅក្នុងអណត្តិទី ៥កន្លងទៅនេះ។
លោកមាស នី ព្រួយបារម្ភ ពីដំណោះស្រាយនយោបាយខ្មែរនាពេលនេះ ដោយមិនដឹងត្រូវដើរចេញទៅតាមច្រកណាវិញ។ អ្វីដែលលោកមាស នីកំពុងរង់ចាំមើលនោះថា គណបក្សសង្គ្រោះជាតិ អាចពង្រឹងជំហររបស់ខ្លួនអោយជៀសផុតពីភ័យន្តរាយ ដោយសារការបាក់បែកគ្នា នឹងការពារខ្លួនកុំអោយមានការគ្រោះថ្នាក់ ផ្នែកនយោបាយជាចែដន្យណាមួយ ដែលនឹងអាចកើតមានមុនពេលបោះឆ្នោតឆ្នាំ២០១៨ ដែលកំពុងតែនឹងឈានទៅបង្កើនការគាំទ្របន្ថែម នៅក្នុងការបោះឆ្នោតឃុំសង្កាត់នាពេលឆ្នាំខាងមុខនេះដោយរបៀបណា។
ដោយឡែក លោក កែម ឡី អ្នកស្រាវជ្រាវ ការអភិវឌ្ឍន៍សង្គម លើកឡើងថា មានកតា្ត ១១ ចំនុចដែលអ្នកនយោបាយត្រូវប្រនិប័តតាម ដើម្បីអោយប្រទេសជាតិមានសុខសន្តិភាព និងពុំមានការឈ្លោះទាស់ទែង លាភពណ៌ដាក់គ្នានោះគឺ៖
១. ធ្វើនយោបាយ គឺបណ្តុះ ពលរដ្ឋឲ្យយល់ដឹងពីប្រព័ន្ឋនយោបាយ និងសង្គម
២. ធ្វើនយោបាយដើម្បីរួមគ្នាដោះស្រាយបញ្ហា ជូនពលរដ្ឋដែលកំពុងតែរងគ្រោះដោយអំពើរអយុត្តិធម៌ មិនមែនធ្វើនយោបាយបង្រៀនប្រជាពលរដ្ឋ យុវជនឲ្យចេះស្អប់គ្នានោះទេ។
៣. ធ្វើនយោបាយដើម្បីការពារអធិបតេយ្យភាព និងបូរណភាពជាតិ មិនមែនធ្វើនយោបាយ ដើម្បីប្រឹងប្រែងការពារទឹកដីដែលជនបរទេសរំលោភនោះទេ។
៤. ធ្វើនយោយបាយដើម្បីបង្រៀនពលរដ្ឋ យុវជនឲ្យមានសមត្ថភាព និងកែប្រែជីវភាពរបស់ពួកគេ មិនមែនធ្វើនយោបាយបង្រៀនពលរដ្ឋឲ្យចេះជេរ ភូតភរ ចោទប្រកាន់គ្នានិង លាបពណ៌គ្នាគ្មានការពិតនោះទេ។
៥. ធ្វើនយោបាយដើម្បីផ្លាស់ប្តូរសង្គមពីរបបបញ្ជាពីលើឲ្យទៅជារបបមួយដែលមានលក្ខណប្រជាធិបតេយ្យ មានការចូលរួម មានតម្លាភាព ភាពជាអ្នកដឹកនាំល្អ ប្រព័ន្ឋសង្គមស្អាតស្អំ និងចេះទទួលខុសត្រូវខ្ពស់ មិនមែនធ្វើនយោបាយគិតតែដូរបុគ្គល និងគ្មានការទទួលខុសត្រូវនោះទេ។
៦. ធ្វើនយោយបាយដើម្បីការពារសន្តិសុខជូនពលរដ្ឋ មិនមែនធ្វើនយោបាយដើម្បីបំភិតបំភ័យនិងប្រើប្រាស់ប្រជាពលរដ្ឋដើម្បីឲ្យបម្រើនយោបាយ ដើរតាមនយោបាយ និងឲ្យពលរដ្ឋរបស់ខ្លួនជាប់ពន្ឋនាគារ ស្លាប់ដោយគ្មានការទទួលខុសត្រួវនោះទេ។
៧. ធ្វើនយោបាយដើម្បីរួមគ្នាជួយពលរដ្ឋក្រីក្រ ពលរដ្ឋរងគ្រោះ មិនមែនធ្វើនយោបាយយូរៗទៅក្លាយជាអ្នកមានខ្លួនឯងនិងបម្រើតែក្រុមគ្រួសាររបស់ខ្លួននោះទេ។
៨. ធ្វើនយោបាយដើម្បីកែប្រែសង្គមមួយស្អាតស្អំ តុលាការយុត្តិធម៌ និង គ្មានអំពើពុករលួយ មិនមែនធ្វើនយោបាយដើម្បីមានបាន នាំគ្នាពុករលួយ និងមិនមែនកែប្រែសង្គមពីប្រជាធិបតេយ្យទៅរបបផ្តាច់មុខនោះទេ។
៩. ធ្វើនយោបាយដើម្បីប្រកួតប្រជែងគ្នាពីគោលនយោបាយដែលថ្មី ល្អ និងគោលនយោបាយនោះអាចជួយដោះស្រាយបញ្ហាពលរដ្ឋប្រសើរជាងមុនពេលជាប់ឆ្នោត មិនមែនធ្វើនយោបាយគ្រាន់តែដូរបុគ្គលដឹកនាំផ្តាច់មុខ ដាក់ជំនួសមកវិញនូវបុគ្គលផ្តាច់ការជាងមុននោះទេ។
១០. ប្រសិនបើកែគណបក្សរបស់ខ្លួនឲ្យទៅជាគណបក្សមួយបើកចំហ តម្លាភាព ទទួលខុសត្រូវ ការចូលរួម និងប្រជាធិបតេយ្យផ្ទៃក្នុងបានទេ កុំសង្ឃឹមថាពេលជាប់ឆ្នោតអាចកែប្រទេសឲ្យទៅជាប្រទេសប្រជាធិបតេយ្យបាននោះ។
១១. ធ្វើនយោបាយដើម្បីផលិតនូវថ្នាក់ដឹកនាំល្អៗ ដែលមានចំណេះដឹង ជំនាញ និង បទពិសោធន៏ពិតប្រាកដដើម្បីឲ្យបម្រើការងារគណបក្ស និងការងារប្រទេសជាតិ មិនមែនធ្វើនយោបាយគ្រាន់តែឲ្យកូន ប្រពន្ឋរបស់ខ្លួនក្លាយជាតំណាងរាស្រ្ត និងមន្ត្រីធំៗដូចរាល់ថ្ងៃនេះទេ៕
ដោយ ៖ ញ៉ែម ប្រសិដ្ឋ
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!