បញ្ចូនខ្លួនជនសង្ស័យ ៣ នាក់ និងកញ្ឆាក្រៀមជាង ១ តោន ទៅតុលាការ នៅថ្ងៃនេះ
រាយការណ៍ដោយកញ្ញា ឡុង គីមម៉ារីតា
ជនសង្ស័យបីនាក់ និងកញ្ឆាក្រៀមជិត ១ តោនកន្លះ ព្រមទាំងឧបករណ៍ល្មើសមួយចំនួនទៀត ដែលត្រូវបាន សមត្ថកិច្ចចាប់បានកាលពីថ្ងៃសុក្រសប្តាហ៍មុន បញ្ចូនទៅតុលាការនៅថ្ងៃនេះ។ ប្រធានមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់ការសង្ស័យថា មេក្លោងដែលនៅពីក្រោយខ្នង អាចជាជនបរទេស និងមានជនជាប់ពាក់ព័ន្ធជាច្រើននាក់ទៀត។
ប្រធានមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិលោក ខៀវ សាម៉ន បានមានប្រសាសន៍នៅក្នុងសន្និសិទកាសែត នាព្រឹកថ្ងៃអង្គារិ៍ ទី ២៥ សីហានេះថា ជនសង្ស័យទាំងបីនាក់ និងកញ្ឆាក្រៀមជិត ១ តោនកន្លះ ព្រមទាំងឧបករណ៍ល្មើសមួយចំនួនទៀត នឹងត្រូវបញ្ចូនទៅតុលាការនៅថ្ងៃនេះ បន្ទាប់ពីធ្វើការឃាត់ខ្លួន កាលពីល្ងាច ថ្ងៃសុក្រ ទី ២១ ខែសីហា។ លោកបានមានប្រសាសន៍បន្ថែមថា នីតិវិធីឃាត់ខ្លួនរបស់សមត្ថកិច្ច គឺមានរយៈពេល តែ ៤៨ ម៉ោងតែប៉ុណ្ណោះ ដូចនេះ ជនសង្ស័យ រួមទាំងវត្ថុតាង នឹងត្រូវបញ្ចូនទៅតុលាការ ដើម្បីធ្វើការស៊ើបអង្គេត រកមេក្លោងបន្តទៀត។
ជនសង្ស័យទាំងបីនាក់ ដែលត្រូវបានឃាត់ខ្លួន ទី១ មានឈ្មោះ វិត សាំង មុខរបរជាអ្នករត់ម៉ូតូដុប ទី២ឈ្មោះ សោម ដារ៉ា ហៅបារាំង មុខរបរជាអ្នកបកប្រែភាសារ និងទី ៣ មានឈ្មោះ សួន ភក្តី មុខរបរជាជាងផ្សាដែក រួមជាមួយកញ្ឆា ជិត ១ តោនកន្លះ ដែលមានតម្លៃជាង ៧ លានដុល្លា ត្រូវបានសមត្ថកិច្ចចាប់បានក្នុងទីតាំងស្តុកកញ្ឆា ដ៏ធំមួយកន្លែងក្នុងបុរីជ័យឧត្តម សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវតាមរយៈប្រតិបត្តិការបង្ក្រាបរយៈពេល ២ ថ្ងៃ។
បន្ថែមលើនេះទៀត លោក ខៀវ សាម៉ន បានដាក់ការសង្ស័យថា មេក្លោងដែលនៅពីក្រោយករណីនេះ មិនមែនមានតែពួកគេទាំង៣ នាក់នេះទេ អាចមានអ្នកជាប់ពាក់ព័ន្ធ ឬអាចនិយាយបានថា មានជនបរទេស ជាច្រើននាក់ នៅពីក្រោយទៀត ដូចនេះសមត្ថកិច្ច កំពុងសហការជាមួយប៉ូលីសអន្តរជាតិ ដើម្បីធ្វើយ៉ាងណា ចាប់មេក្លោងដែលនៅពីក្រោយឲ្យបាន។
ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានឲ្យដឹងថា តាមការពិនិត្យរបស់មន្ត្រីជំនាញកញ្ឆានេះ មិនមែនដាំនៅស្រុកខ្មែរនោះទេ គឺនាំចូលពីប្រទេសឡាវហើយមកស្តុកនៅទីតាំងនេះដើម្បីចែកចាយ និងជួញទៅក្រៅប្រទេសបន្តទៀត។ លោកបញ្ចាក់ថា ប្រទេសកម្ពុជា ហាក់ជាទីកន្លែងមួយ ដែលពួកក្រឹដ្ឋជន យកមកធ្វើជាកន្លែងឆ្លងកាត់ តែលោកបានអះអាងថា ពួកគេពុំដែលរួចពីសំណាញសមត្ថកិច្ចនោះទេ។
លោក សៀង សុខ មានប្រសាសន៍បន្ថែមថា កញ្ឆាក្រៀមទាំង ៧៩ បាវដែលរឹបអូសបាននោះត្រូវបានសមត្ថកិច្ចផ្ទៀងផ្ទាត់ និងថ្លឹងត្រឹមត្រូវឃើញថាមានទម្ងន់ជាង ១៤០០ គីឡូក្រាម ហើយក៏មាននូវឧបករណ៍សម្ងួត និងឧបករណ៍គ្រីបមួយចំនួនទៀតផងដែរ។ ហើយម៉ាស៊ីនគ្រីប និងម៉ាស៊ីនសម្ងួតត្រូវបានជនសង្ស័យប្រើសម្រាប់វេចខ្ចប់ និងបង្ការមិនឲ្យធំក្លិនដើម្បីងាយស្រួលគេចពីការតាមចាប់របស់ ប៉ូលិស និងងាយជួញដូរចែកចាយ។
បើតាមលោក ខៀវ សាម៉ន ក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០១៥ នគរបាលបានចាប់ខ្លួនមនុស្សជាង ២០០០ នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀនដែលបង្ក្រាបបានចំនួន១៣០០ ករណី។ ចំនួននេះមានការកើនឡើងច្រើនគួរឲ្យកត់សម្គាល់ព្រោះតួលេខករណី គ្រឿងញៀនឆមាសទី ១ នេះស្មើនឹងចំនួនករណីបទល្មើសគ្រឿងញៀនរយៈពេលពេញមួយឆ្នាំកាលពី ឆ្នាំ ២០១៤ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!