Commentary:សង្គ្រាមចិត្តសាស្ត្រ
លោក ស្តេនលីយ៍ សេនល័រ ប្រវត្តិវិទូនៃទីបញ្ជាការប្រតិបត្តិការពិសេសកងទ័ពសហរដ្ឋអាមេរិក បានថ្លែងថា សញ្ញាដែលផ្ទុះចេញពីអង្គភាព ប្រតិបត្តិការចិត្តសាស្ត្ររបស់កូរ៉េខាងជើង មានត្រឹមតែឧបករណ៍សេសសល់កាលពីសម័យសង្គ្រាមលោកលើកទីពីរ ។
ថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០១៥
ក្នុងពិភពលោកបច្ចុប្បន្នដែលពោរពេញដោយបច្ចេកវិទ្យានិងទំនើបកម្ម ប៉ុន្តែនៅមានគូជម្លោះប្រទេសខ្លះថែរក្សាវិធីសាស្ត្រចាស់ៗ ដោយប្រើសេចក្តីថ្លែងការណ៍ឬអត្ថបទផ្សាយចេញពីឧឃោសនស័ព្ទ ឬមីក្រូបំពងសំលេង មើលទៅដូចជាឃើញថា ជាការឃោសនាអូសទាញបែបសម័យចាស់ ប៉ុន្តែបានជំរុញឱ្យប្រទេសកូរ៉េខាងជើងគំរាមកំហែងធ្វើសង្រ្គាម ប្រសិនបើកូរ៉េខាងត្បូងមិនព្រមបិទកុងតាក់ឧបករណ៍បំពងសំឡេង ដែលកាលពីពេលថ្មីៗកន្លងទៅនេះ កូរ៉េខាងជើងបានបាញ់ផ្លោងមីស៊ីលដាក់ ប៉ុនប៉ងបំផ្លាញការប្រើប្រាស់ឧបករណ៍បំពងសំឡេងឮខ្លាំងនិងការរិះគន់មានតាំងពីសម័យសង្គ្រាមកូរ៉េ ក្នុងអំឡុងឆ្នាំ ១៩៥០-១៩៥៣ សម័យនោះប្រើរថយន្តបំពាក់ប្រដាប់បំពងសំឡេងផ្សាយវាយប្រហារភាគីម្ខាងទៀត កណ្តាលបរិយាកាសនៃសង្គ្រាម ។
ក្នុងសៀវភៅ Cease Resistance : It’s Good for you នោះ លោក ស្តេនលីយ៍ សេនល័រ ប្រវត្តិវិទូនៃទីបញ្ជាការប្រតិបត្តិការពិសេសកងទ័ពសហរដ្ឋអាមេរិក បានថ្លែងថា សញ្ញាដែលផ្ទុះចេញពីអង្គភាព ប្រតិបត្តិការចិត្តសាស្ត្ររបស់កូរ៉េខាងជើង មានត្រឹមតែឧបករណ៍សេសសល់កាលពីសម័យសង្គ្រាមលោកលើកទីពីរ ។ បន្ទាប់ពីសង្គ្រាមកើតឡើង បានបំបែកកូរ៉េជាពីរប្រទេស តែកូរ៉េខាងជើងនិងកូរ៉េខាងត្បូងនៅតែប្រើមីក្រូបំពងសំឡេងធ្វើសង្រ្គាមទឹកមាត់ដាក់គ្នារៀងរាល់ថ្ងៃ ឆ្លាស់គ្នាទៅនឹងការប្រើស្ថានីយ៍វិទ្យុផ្សាយសំឡេង ក៏ដូចជាការបាចខិត្តប័ណ្ណពីលើអាកាសវាយប្រហារគ្នាទៅវិញទៅមក ។
អំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ ដល់ឆ្នាំ ១៩៩០ សេដ្ឋកិច្ចកូរ៉េខាងត្បូងបានរីកចំរើនកាន់តែខ្លាំង ចាត់ទុកជាការបញ្ជូនសញ្ញាពីខាងកូរ៉េខាងត្បូងអំពីការផ្លាស់ប្តូរ ទន្ទឹមគ្នានោះនៅជាការប៉ាវប្រកាសពី ភាពជោគជ័យនិងភាពស្តុកស្តម្ភ ក្នុងខណៈដែលកូរ៉េខាងជើងរើបំរះតស៊ូនឹងភាពក្រីក្រអត់ឃ្លាននិងទុក្ខវេទនា ។
ឆ្នាំ ១៩៩៨ លោក គឹម ដេជុង បានឈ្នះការបោះឆ្នោតធ្វើជាប្រធានាធិបតីប្រទេសកូរ៉េខាងត្បូង លោកអនុវត្តគោលនយោបាយព្រះអាទិត្យរះ ឬ Sunshine ដើម្បីធ្វើជាមិត្ដជាមួយប្រទេសកូរ៉េខាងជើង ។ អតីតយោធាជាប់កំណែនម្នាក់ក្នុងសម័យនោះបានថ្លែងថា ប្រជាជនទទួលបានដំណឹងនិងស្តាប់ចម្រៀងចាស់-ថ្មីរៀងរាល់ថ្ងៃ ប៉ុន្តែគោលបំណងសំខាន់នៃការប្រើឧបករណ៍បំពងសំឡេងឲ្យឮខ្លាំង យើងប្រើឧបករណ៍បំពងសំឡេងដល់ទៅ ១៥ម៉ោង ចាប់ពីពាក់កណ្តាលអាធ្រាតរហូតព្រឹកព្រលឹមរៀងរាល់ថ្ងៃ មិនលើកលែងសូម្បីតែផ្សាយពីកីឡាបាល់ទាត់ នេះចាត់ទុកជាការឃោសនាអូសទាញ ។
មន្ត្រីយោធាបាននិយាយថា ការពណ៌នាពីការប្រកួតកីឡាបាល់ទាត់ World Cup វគ្គផ្តាច់ព្រ័ត្រឆ្នាំ ២០០២ ដែលកូរ៉េខាងត្បូងធ្វើជាម្ចាស់ផ្ទះរួមជាមួយជប៉ុន ក៏មានការផ្សាយបន្តផ្ទាល់តាមរយៈឧបករណ៍បំពងសំឡេង ទៅកាន់អង្គភាពយោធារបស់កូរ៉េខាងជើង មន្ត្រីយោធាដដែលបានថ្លែងបន្ថែមទៀតថា ពេលយើងសួរទាហានកូរ៉េខាងជើងតាមរយៈឧបករណ៍បំពង់សំឡេងថា តើពួកគេសប្បាយរីករាយទេ ??? យើងក៏បានចម្លើយតបមកវិញថា អូខេ ។
ជូ សឿងយ៉ុង អតីតទាហានកូរ៉េខាងជើង ដែលចុះចូលជាមួយទាហានកូរ៉េខាងត្បូងកាលពីឆ្នាំ ២០០២ បានប្រាប់កាសែត ដុង-អេ ថា ផលប៉ះពាល់នៃការប្រើឧបករណ៍បំពងសំឡេង ដើម្បីឃោសនាអូសទាញ ទទួលបានផលហួសពីការស្មាន ឧបករណ៍បំពងសំឡេងរបស់កូរ៉េខាងត្បូង ចាត់ទុកជាប្រភពផ្តល់ព័ត៌មានដ៏អស្ចារ្យនិងមានតម្លៃខ្លាំងណាស់ ព្រោះបានផ្តល់ដំណឹងស្តីពីពិភពលោកពីដំបូងគេគិតថា ការផ្សាយដំណឹងទាំងអស់គឺជាការកុហក ប៉ុន្តែបន្ទាប់ពីបានឮជាប់ៗគ្នាដល់ទៅ២ឆ្នាំ គេក៏ផ្តើមជឿ ហើយសូម្បីឧបករណ៍បំពងសំឡេងរបស់កូរ៉េខាងត្បូងនៅឆ្ងាយពីព្រំដែនកូរ៉េខាងជើងដល់ទៅប្រមាណ 4.5 គីឡូម៉ែត្រក្តី ក៏សំឡេងឮខ្លាំងហើយច្បាស់ ។
ផ្ទុយពីអង្គភាពចិត្តសាស្ត្ររបស់កូរ៉េខាងជើង ដែលខ្វះខាតឧបករណ៍ទំនើប ទើបមិនអាចតតាំងជាមួយកូរ៉េខាងត្បូងបានឡើយ ។ អំឡុងដែល រ៉ូ មូហ៊ុន ឡើងកាន់អំណាច លោកបានបន្តគោលនយោបាយទំនាក់ទំនងបែបស្ថាបនាជាមួយកូរ៉េខាងជើង ធ្វើឲ្យការឃោសនាអូសទាញក្នុងសម័យនោះបានស្ងប់ស្ងាត់ទៅមួយរយៈ លុះត្រាមកដល់ពេលដែលកូរ៉េខាងត្បូងគំរាមប្រើឧបករណ៍បំពងសំឡេងធ្វើការឃោសនាអូសទាញម្តងទៀតនៅឆ្នាំ ២០១០ ក្រោយពីនាវាចម្បាំងរបស់កូរ៉េខាងត្បូង ត្រូវបានបាញ់ពន្លិចដោយថ្វីដៃរបស់នាវាមុជទឹកកូរ៉េខាងជើង ។
យ៉ាងណាក៏ដោយ ទោះបំពាក់ឧបករណ៍បំពងសំឡេងម្តងទៀតក្តី ក៏ប្រទេសកូរ៉េខាងត្បូងមិនបានប្រើជាប់លាប់ដែរ មន្រ្តីក្រសួងការបរទេសបានថ្លែងថា ប្រទេសកូរ៉េខាងត្បូងយល់ច្បាស់ណាស់ថា ការប្រើឧបករណ៍បំពងសំឡេងឃោសនាអូសទាញ ជាមធ្យោបាយដ៏មានប្រសិទ្ធិភាពក្នុងការបំបាក់ ទឹកចិត្តទាហានកូរ៉េខាងជើង មិនដូច្នោះទេ កូរ៉េខាងជើងចាំបាច់បាញ់ផ្លោងមីស៊ីលប៉ុនប៉ងបំផ្លាញឧបករណ៍បំពងសំឡេងនោះធ្វើអ្វី ???
ដោយ មុំ រឿន វិទ្យុសំឡេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!