លោក អ៊ំ សំអាន ថារកឃើញផែនទីបោន ខ្នាត ១/១០០.០០ របស់ សម្តេចតា ឆ្នាំ១៩៦៤
សូមស្តាប់ព័ត៌មានពិស្តារដូចតទៅ ៖
តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន អោយដឹងថា លោកបានទៅស្រាវជ្រាវ នៅក្នុងបណ្ណាល័យ សភាសហរដ្ឋអាមេរិកនៅ Washington DC នៅថ្ងៃនេះ និងបានរកឃើញផែនទីបោន របស់កម្ពុជាចំនួន ២៦ផ្ទាំង ទាំងផែនទី Digital នឹងក្រដាស។
ក្នុងបទសម្ភាសន៍ជាមួយវិទ្យុសំឡេងយុវជន នៅថ្ងៃទី២៧សីហានេះ លោក អ៊ុំ សំអាន ដែលកំពុងតែមានវត្តមាននៅសហរដ្ឋអាមេរិក បានសន្និដ្ឋានថា ផែនទីបោនរបស់កម្ពុជា ចំនួន២៦ផ្ទាំងនោះ គឺជាផែនទីដែលសម្តេចតា យកមកឲ្យសហរដ្ឋអាមេរិក នៅថ្ងៃទី ០២ ខែមេសាឆ្នាំ ១៩៦៤ សុំទទូលស្គាល់ខ្សែព្រំដែនម្ពុជា ។
លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ពិនិត្យឃើញថា ផែនទីទាំងនោះឃើញ ផែនទីខាងខ្នង គឺមានត្រានៅឆ្នាំ១៩៦៤ គឺជាផែនទីដែលសម្ដេចតា យកទៅតម្កល់នៅអង្គការសហប្រជាជាតិ នឹង ប្រទេសមហាអំណាចទាំង ៥ ដើម្បីអោយទទួលស្គាល់ ខ្សែរបន្ទាត់ព្រំដែន ប្រទេសកម្ពុជា ជា មួយវៀតណាម ។ លោក ពិនិត្យឃើញថា ផែនទីទាំងនេះ គឺគ្មានត្រា វៀតណាម និងហត្ថលេខារបស់ លោក ឌិត មុន្ទី និងលោក លីវ វ៉ាន់ឡឺយ ឆ្នាំ១៩៨៥ ដូចផែនទីរដ្ឋាភិបាលទេ។ តែខណៈពេលនេះ លោក ពុំទាន់ធ្វើការវាយតម្លៃថា ផែនទីនេះជាផែនទី ត្រឹមត្រូវនោះទេ ខណៈដែលលោកកំពុងតែសិក្សាអំពីផែនទីនោះ បន្តទៀត ។
លោក អ៊ុំ សំអាន បានបញ្ជាក់ទៀថា ផែនទី ដែលលោកបានរកឃើញនោះ គឺជាផែនទីបោន ខ្នាត ១/១០០.០០០ ហើយវាស្របទៅ នឹង មាត្រា២នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ តែផែនទីទាំងនោះ មានលក្ខណខុសគ្នា ពីផែនទី UTM ១៨ ផ្ទាំង ខ្នាត ១/១០០.០០០ដែលយកពី អង្គការសហប្រជាជាតិ ។ លោកបញ្ជាក់ទៀតថា ផែនទីដែលលោករកឃើញនោះ គឺស្ថិតនៅជាន់ ទី៥ នៃបណ្ណាល័យ ឯផែនទីរបស់លោក វ៉ា គឹមហុង ប្រធានគណកម្មាធិការព្រំដែន គឺជាផែនទីនៅជាន់ក្រោមដី។
លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រត្តិបត្តការអន្តរជាតិ និងជាប្រធាន គណកម្មការចំពោះកិច្ចក្នុងការទទួលផែនទី លើកឡើងថា ផែនទី UTM ខ្នាត ១/១០០.០០ ទាំង ១៨ ផ្ទាំងរបស់UN ដែលត្រូវបានតម្កល់ ទុកដោយរាជរដ្ឋាភិបាល កម្ពុជានៅឆ្នាំ១៩៦៤ នឹងអនុញ្ញាតិអោយកម្ពុជា ផ្ទៀងផ្ទាត់ជាមួយផែនទីបោនខ្នាត ១/១០០.០០ ទាំង ១៨ ផ្ទាំង ក្នុងចំណោមផែនទី ២៦ ផ្ទាំង ដែលរាជរដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់ច្រើនទសវត្សមកហើយ ហើយដែលកំពុងប្រើប្រាស់ក្នុងការបោះបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម សព្វថ្ងៃ។
ក្នុងពិធីប្រគល់ផែនទី ទៅអង្គកាសហប្រជាជាតិ កាលពីថ្ងៃទី ២៦ ម្សិលមិញ លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រត្តិបត្តការអន្តរជាតិ និងជាប្រធាន គណកម្មការចំពោះកិច្ចក្នុងការទទួលផែនទី បានលើកឡើងថា ផែនទីUTM ១៨ផ្ទាំង របស់អង្គការសហប្រជាជាតិ គឺចំលងចេញពីផែនទីបោនរបស់រដ្ឋាភិបាល បាននឹងកំពុងប្រើ។ ការលើកឡើងនេះ ក៏ដូចគ្នាទៅនឹងការលើកឡើងរបស់លោក សុខ ទូច ប្រធានក្រុមស្រាវជ្រាវផែនទី នៃរាជបណ្ឌិត្យសភាកផងដែរ។
យ៉ាងណាក៏ដោយ គេកំពុងតែរងចាំមើលផែនទីបោន ១/១០០.០០០ ចំនួន២៦ផ្ទាំង ទាំងផែនទីDigital នឹងក្រដាស ដែលលោក អ៊ំ សំអាន តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ សន្និដ្ឋានថា ជាផែនទីសម្តេចតា តម្កល់នៅទីនោះ និងនាំយកពីសហរដ្ឋអាមេរិក មកកម្ពុជា នៅចុងខែកញ្ញាខាងមុខនេះ ៕
ដោយ ៖ ញ៉ែម សំណាង (ប្រភពរូបពី Facebook លោក អ៊ុំ សំអាន )
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!