លោក ស ខេង និងលោក កឹមសុខា ឯកភាព បង្កើតក្រុមការងារសិក្សាពីលទ្ធភាពដំឡើងកម្រិត នៃវប្បធម៌សន្ទនា
ជំនួបរវាងថ្នាក់ដឹកនាំគណបក្សគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិកាលពីថ្ងៃទី១០ធ្នូ សម្រេចបាននូវចំនុចចំនួនបួន ក្នុងនោះក៏បានសម្រេចបង្កើតក្រុមការងារដើម្បីសិក្សាស្រាវជ្រាវពិនិត្យលទ្ធភាពដំឡើងកម្រិត នៃវប្បធម៌សន្ទនា ក្នុងគោលបំណងពង្រឹងការជឿទុកចិត្តគ្នា។ តែអ្នកវិទ្យាសាស្ត្រនយោបាយថាវប្បធម៌សន្ទនានេះអាចរក្សាទៅបានលុះត្រាតែអ្នកនយោយបាយនៃគណបក្សទាំងពីរមានភាពចាស់ទុំនយោបាយ។
ជំនួបរវាងថ្នាក់ដឹកនាំ គណបក្សគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ នៅល្ងាចថ្ងៃទី១០ ខែធ្នូ បានសម្រេចបង្កើតក្រុមការងារដើម្បីសិក្សាស្រាវជ្រាវពិនិត្យលទ្ធភាពដំឡើងកម្រិត នៃវប្បធម៌សន្ទនា ដោយឈរលើស្មារតីនៃសេចក្តីថ្លែងការណ៍រួម រវាងគណបក្សទាំងពីរកាលពីខែឧសភាកន្លងទៅ សំដៅឱ្យមានការជឿទុកចិត្តគ្នាក្នុងការផ្សះផ្សា បង្រួបបង្រួមជាតិឱ្យបានស្ថិតស្ថេរយូរអង្វែង។
ក្នុងសេចក្តីថ្លែងការណ៍រួម របស់គណបក្សដែលមានអាសនៈក្នុងសភាទាំងពីរបន្ទាប់ពីជំនួបនោះ បានសម្រេចនូវលទ្ធផលបួនចំនុចសំខាន់ៗក្នុងនោះរួមមាន៖
១.បង្កើតគណៈកម្មការចំពោះកិច្ចដែលចូលរួមដោយ គណបក្សទាំងពីរ ដើម្បីពិនិត្យ និងផ្តល់យោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីសហជីព។
២. បង្កើតក្រុមការងារដែលចូលរួម ដោយគណបក្សទាំងពីរ ដើម្បីសិក្សាស្រាវជ្រាវពិនិត្យលទ្ធភាពដំឡើងកម្រិត នៃវប្បធម៌សន្ទនា ដោយឈលើស្មារតីនៃសេចក្តីថ្លែងការណ៍រួម រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ចុះថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៥ សំដៅឱ្យមានការជឿទុកចិត្តគ្នារវាងគណបក្សនយោបាយ នៅក្នុងរដ្ឋសភា ក្នុងការផ្សះផ្សា បង្រួបបង្រួមជាតិឱ្យបានស្ថិតស្ថេរ យូរអង្វែង។
៣.ពង្រឹងរបៀបរបបការងារ និងទំនាក់ទំនងការងារ ព្រមទាំងការផ្តល់មធ្យោបាយសម្រាប់ថ្នាក់ដឹកនាំ តំណាង រាស្ត្រនៃគណបក្សនយោបាយក្នុងរដ្ឋសភា សំដៅរួមគ្នាលើកកម្ពស់ប្រសិទ្ធភាព នៃស្ថាប័នរដ្ឋសភា ។
៤. បន្តដោះស្រាយបញ្ហានានាដែលនៅសេសសល់ ដោយឈរលើស្មារតី បង្រួបបង្រួមជាតិ ផ្សះផ្សារជាតិ និងឯកភាពជាតិ ស្របតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋ ។
លោកយឹម សុវណ្ណ មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិបានថ្លែងក្នុងសន្និសីទសារព័ត៏មានបន្ទាប់ពីជំនួបនេះ ដោយបានបញ្ជាក់អំពីគោលបំណងនៃការបង្កើតក្រុមការងារ ដើម្បីសិក្សាស្រាវជ្រាវពិនិត្យលទ្ធភាពដំឡើងកម្រិត នៃវប្បធម៌សន្ទនានេះថា ដើម្បីចូលរួមកែលំអ រាល់កំហុសអចេតនា ទាំងឡាយដែលកើតមាន ជៀសវាងការប៉ះទង្កិចគ្នាដោយមានការយល់ច្រឡំ។
លោក រស់ រ៉ាវុធ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយយល់ថា វប្បធម៌សន្ទនានេះគឺជារឿងដែលពុំសូវមានប្រសិទ្ធិភាព។ លោកថាមានប្រសិទ្ធិភាពទៅបានលុះត្រាតែបន្ទាប់ពីការសន្ទនាគ្នាហើយបង្កើតជាក្រម ឬ ជាច្បាប់យកទៅ អនុត្តន៍ អោយមានប្រសិទ្ធិភាព។ លោកញ្ជាក់ទៀតថា ដើម្បីរក្សាវប្បធម៌សន្ទនានេះអោយបានយួអង្វែងនោះលុះត្រាតែអ្នកនយោបាយក្នុងគណបក្សទាំងពីរមានភាពចាស់ទុំនិងឈប់វាយប្រហាគ្នា ដើម្បីកេងចំនេញនយោបាយរៀងខ្លួនៗ។
សូមបញ្ជាក់ថា ជំនួបរវាងគណបក្សទាំងពីរនេះ បានធ្វើឡើងនៅវិមានរដ្ឋសភា ដោយខាងគណបក្សប្រជាជន ដឹកនាំដោយលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងគណបក្សសង្រ្គោះជាតិដឹកនាំដោយលោក កឹម សុខា ជាប្រធានស្តីទី។ ក្នុងជំនួបនេះដែរ ភាគីទាំងពីរពុំបាននិយាយអំពី ការដកតំណែងលោក កឹមសុខាចេញពីអនុប្រធានទីមួយរដ្ឋសភា ហើយក៏ពុំបានលើកឡើងអំពីលោក សម រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិត្រូវរដ្ឋសភាដកអភ័ឯកសិទ្ធិនោះទេ៕
Heang Rathany, Email: heang.ratheany@gmail.com
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!