មន្ត្រីសម្របសម្រួលគម្រោង កំណែទម្រង់ដីធ្លី៖ រដ្ឋាភិបាលអាចដកហូតដីសម្បទានពីក្រុមហ៊ុនមកវិញ បើក្រុមហ៊ុននោះ មិនបានគោរពគោលការសម្បទាន។
មន្ត្រីសម្របសម្រួលគម្រោង កំណែទម្រង់ដីធ្លីថា ការដកដីសម្បទានសេដ្ឋកិច្ចពីក្រុមហ៊ុនទាំងឡាយពុំចាំបាច់ត្រូវសង សំណងនោះទេ បើរកឃើញថាក្រុម ហ៊ុនទាំងនោះមិនគោរពតាមគោលការណ៍ ដីសម្បទាន។ ការលើកឡើងនេះស្របពេលដែល ប្រធានគណបក្ស យុត្តិធម៌ជាតិខ្មែរ ស្នើអោយព្រះមហាក្សត្រ អន្តរាគមន៍ទៅរដ្ឋាភិបាល និងរដ្ឋសភា លប់ចោលដីសម្បទានសេដ្ឋកិច្ចតាមព្រំដែនវៀតណាម។
លោក វណ្ណ សូផាត អ្នកសម្របសម្រួលគម្រោង កំណែទម្រង់ដីធ្លីនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានប្រាប់វិទ្យុសំឡេងយុជនអោយដឹងនៅព្រឹកនេះថា លោកព្រួយបារម្ភថាប្រជាជលកម្ពុជានិងបាត់បងដីធ្លីធ្វើកសិកម្មនៅពេលអនាគតដោយសារដីសម្បទានសេដ្ឋកិច្ច ជាពិសេសជនជាតិដើមភាគតិចប្រឈមនិងបាត់អត្តសញ្ញាណ។ ហើយបើ ដកដីសម្បទានមកវិញ គឺអាចជារឿងពិបាក ព្រោះក្រុមហ៊ុនផ្ទេរបន្តគ្នា រហូតធ្លាក់ដល់ដៃកងទ័ពវៀតណាម។ លោកបញ្ជាក់ទៀតថារដ្ឋាភិបាលអាចដកដីនោះមកវិញដោយពុំមានសំណងទៅក្រុមហ៊ុន នៅពេលដែលរកឃើញពីសកម្មភាពរបស់ក្រុមហ៊ុនដែលទទួលបានដីនោះមិនគោរពតាមគោលការណ៍ដីសម្បទាន។
កាលពីថ្ងៃ ទី២៩ ធ្នូ លោក ហ៊ាង ឬទ្ធី ប្រធានគណបក្សយុត្តិធម៌ជាតិខ្មែរ ដែលជាបក្សទើបតែបង្កើតថ្មី បានផ្ញើលិខិតថ្វាយព្រះមហាក្សត្រ អន្តរាគន៍ទៅរដ្ឋាភិបាល និងរដ្ឋសភាកម្ពុជាលុបចោលកិច្ចព្រមព្រៀងដីសម្បទានសេដ្ឋកិច្ចទាំងឡាយនៅតាមបណ្ដោយព្រំដែន ដែលរដ្ឋាភិបាលកម្ពុជា ផ្ដល់ឲ្យក្រុមហ៊ុនវៀតណាម ដែលនៅតាមបណ្តោយព្រុំដែននៃប្រទេសទាំងពីរ។
ក្នុងលិខិតដែលថ្វាយព្រះមហាក្សត្រនោះលោក ហ៊ាង ឬទ្ធី លើកឡើងថា ការដែលរដ្ឋាភិបាលកម្ពុជាផ្តល់ដីសម្បទានសេដ្ឋកិច្ចរាប់សែនហិចតាឲ្យទៅក្រុមហ៊ុន វៀតណាម គឺជាហានិភ័យមួយដែលអាចនាំឲ្យបាត់បង់ទឹកដីប្រទេសកម្ពុជា។លោកបានលើជាឧទាហរណ៍ករណីកងទ័ពវៀតណាមបានចូលទៅគ្រប់គ្រងនៅលើទឹកដីសម្បទានសេដ្ឋកិច្ចនៅក្នុងខេត្តរតនៈគីរីចំនួន ៤០ ០០០ ហិតា។ លោក បញ្ជាក់ថាការដាក់កងទ័ពពីសំណាក់វៀតណាមដើម្បីការពារប្រជាពលរដ្ឋរបស់ខ្លួនដែលចូលមកធ្វើការជាកម្មករនៅលើដីសម្បទានសេដ្ឋកិច្ចដែលរាជរដ្ឋាភិបាលកម្ពុជាផ្តល់ឲ្យនេះគឺខុសនិងច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
យ៉ាងណាក៏ដោយកន្លងមកលោក ផៃ ស៊ីផាន មន្ត្រីនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានច្រានចោលព័ត៏មានដែលថា មានកងទ័ពវៀតណាមនៅលើទឹកដីកម្ពុជានេះ។
លោក វណ្ណ សូផាត ថារដ្ឋាភិបាលមិនដែលទទួលយករបាយការណ៍ដែលរកឃើញដោយអង្គការសង្គមស៊ីវិល និងបណ្តាញសាព័ត៏មាននោះទេ គឺតែងតែប្រតិកម្មច្រានចោល។
សូមបញ្ជាក់ថា យោងតាមសាព័ត៏មានក្នុងស្រុក មួយចំនួនបានចុះផ្សាយថា ដីខ្មែរនៅតាមបណ្ដោយព្រំដែនកម្ពុជាវៀតណាម ៤ម៉ឺនហិកតារ គ្រប់គ្រងដោយទាហានវៀតណាម។ ដោយថាដើមឡើយដីសម្បទានសេដ្ឋកិច្ចនោះ រដ្ឋាភិបាលកម្ពុជា ចុះកិច្ចសន្យាផ្ដល់ឲ្យក្រុមហ៊ុនឯកជនរបស់វៀតណាម ដើម្បីអភិវឌ្ឍ ។
ទោះជាយ៉ាងនាពីពេលថ្មីៗនេះ រដ្ឋាភិបាល បានប្រកាស់អោយ ពលរដ្ឋ ឈប់ ជួល ឬលក់ដី ស្រែចំការនៅតាមបន្ទាត់ព្រំដែនកម្ពុជាវៀតណាម ទៅអោយវៀតណាម៕
ហ៊ាង រដ្ឋធានី Email: heang.ratheany@gmail.com
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!