តំណាងអ្នករងគ្រោះក្នុងព្រឹត្តិការណ៍ ប៉ះទង្កិចគ្នានៅផ្លូវវេងស្រេងកាលពីពីរឆ្នាំមុន ថារដ្ឋាភិបាលត្រូវតែទទួលខុសត្រូវចំពោះរឿងនេះ
MC៖កម្មកររងគ្រោះក្នុងព្រឹត្តិការណ៍ការប៉ះទង្កិចគ្នារវាង ក្រុមកម្មករនិងសមត្ថកិច្ចរបស់រដ្ឋាភិបាលក្នុងការទាមទាប្រាក់ខែ ១៦០$កាលពីដើមឆ្នាំ ២០១៤ នៅផ្លូវវេងស្រែងនៅតែពុំទាន់ទទួលបានយុត្តិធម៌ និងពុំមានអ្នកទទួលខុសត្រូវ។ តំណាងក្រុមកម្មករ ថារដ្ឋាភិបាលត្រូវតែទទួលខុសត្រូវចំពោះរឿងនេះ។ លោក ហ៊ាងរដ្ឋធានី រាយការណ៍៖
ក្រុមតំណាងកម្មករដែលរងការប៉ះទង្កិច និងបង្ក្រាបនៅផ្លូវវេងស្រេង បណ្តាលអោយមានអ្នកស្លាប់ និងអ្នករងបួសជាច្រើននាក់កាលពី ថ្ងៃទី២ និងទី៣ ខែមករា ឆ្នាំ២០១៤ ថាពួកគេនៅមិនទាន់ទទួលបានយុត្តិធម៌ទេ ហើយថារដ្ឋាភិបាលជាអ្នកទទួលខុសត្រូវចំពោះរឿងនេះ ព្រោះបានបញ្ជាអោយអាជ្ញាធរមានសមត្ថកិច្ចបង្រាប់ក្រុមកម្មករ។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានប្រាប់វិទ្យុសំឡេងយុវជថាអាជ្ញាធរហាក់មានចេតនា បំបិទរឿងហេតុ ហិង្សានៅតាមផ្លូវវេងស្រេងនោះ។ លោកបញ្ជាក់ថារដ្ឋាភិបាលត្រូវចាត់វិធានការទៅតាមផ្លូវច្បាប់ចំពោះរឿងនេះ ព្រោះរាល់ជនបង្កហេតុគឺជាសមត្ថកិច្ច។
ជាជនរងគ្រោះមួយរូប ក្នុងចំណោមជនរងគ្រោះជាច្រើនទៀត ក្នុងហេតុការណ៍ថ្ងៃ ៣ មករាឆ្នាំ ២០១៤ នៅផ្លូវវេងស្រេងនោះ លោក វន់ ពៅ ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានលើកឡើងថា រដ្ឋាភិបាលជាអ្នកទទួលខុសត្រូវចំពោះរឿងនេះ។ លោកបន្ថែមថាបើរដ្ឋាភិបាលមានឆន្ទះក្នុងការដោះស្រាយ រកយុត្តិជួនកម្មករមែននោះគឺអាចទៅបាន ព្រោះអាជ្ញាធររបស់រដ្ឋាភិបាលជាអ្នកបញ្ជាអោយមានការបង្ក្រាប់។
យ៉ាងណាក៏ដោយ ប្រធានស្តីទីគណបក្សសង្រ្គោះជាតិលោក កឹម សុខា បាន សរសេរនៅលើ ទំព័រ Facebook ផ្ទាល់ខ្លួនរបស់លោកកាល់ពីម្សិលមិញនេះថា លោកសូមចូលរួមរំលែកមរណទុក្ខ ជាមួយប្រជាពលរដ្ឋ និងក្រុមគ្រួសារ ដែលជាជនរងគ្រោះនៃការបាញ់ប្រហារមកលើកម្មករ កម្មការនី នៅផ្លូវវ៉េងស្រេងកាលពី ២ ឆ្នាំកន្លងទៅ។ លោកបានបង្ហាញជំហរក្នុងការបន្តរកដំណោះស្រាយជូន កម្មករ កម្មការនីទាំងអស់ ក្នុងការទាមទារលើកកម្ពស់ ជីវភាព និងក្រត្យក្រមការងាររបស់កម្មករ។ លោកក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំទាំងអស់ ជៀសវាងឲ្យបានជាដាច់ខាតនាពេលអនាគត ក្នុងការប្រើអំពើហិង្សាមកលើពលរដ្ឋរបស់ខ្លួន។
នៅថ្ងៃទី៣មករា ឆ្នាំ២០១៦ ម្សិលមិញនេះមាន ក្រុមកម្មករ អង្គការសង្គមស៊ីវិល រួមទាំងព្រះសង្ឈជាច្រើននាក់និង អង្គ បានរៀបចំពិធីរំលឹកខួបដោយ សូត្រមន្តបង្សុលនៅកន្លែងកើតហេតុនោះ ហើយក៏មានការរំខានពីក្រុមសមត្ថ កិច្ចផងដែរ។
សូមបញ្ជាក់ថាការតវ៉ាទាមទារប្រាក់ខែគោល ១៦០$ របស់ក្រុមកម្មកកាលពីដើមឆ្នាំ ២០១៤ កន្លងទៅ កើតមានព្រត្តិការណ៍បង្ក្រាបពីសំណាក់អាជ្ញាធរ ទៅលើហ្វូងបាតុករ នៅផ្លូវវ៉េងស្រេង ដែលបណ្តាលឲ្យកម្មករចំនួន ៤នាក់ត្រូវបានបាញ់សម្លាប់ ១ នាក់បាត់ខ្លួន និងកម្មករប្រមាណ ៤០នាក់របួស។ ចំណែកកម្មករ និងសកម្មជនសិទ្ធិមនុស្ស ២៣នាក់ផ្សេងទៀត ត្រូវបានអាជ្ញាធរចាប់ខ្លួន និងផ្ដន្ទាទោសដាក់ពន្ធនាគារមួយរយៈ។ ចំពោះករណីនេះភាគីរដ្ឋាភិបាលពុំទាន់មានវិធានការចាប់ជនបង្កយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់នោះទេ៕
Heang Ratheany Email: heang.ratheany@gmail.com
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!