អាមេរិកនិងរុស្ស៊ីស្វះស្វែងអោយមានបទឈប់បាញ់នៅស៊ីរី
ដើម្បីនាំមកនូវយ៉ាងហោចណាស់ការផ្អាកការបាញ់គ្នាជាបណ្ដោះអាសន្នមួយក្នុងប្រទេសស៊ីរី កិច្ចប្រឹងប្រែងចុងក្រោយបំផុត បានបន្តធ្វើកាលថ្ងៃច័ន្ទនេះ ដោយអាមេរិក និងរុស្សី កំពុងតែដុតដៃដុតជើង បញ្ចុះបញ្ចូលភាគីជម្លោះ ឲ្យទទួលយកសំណើរឈប់បាញ់គ្នាមួយ ស្របពេលដែលពលរដ្ឋកប្រទេសនេះកំពុងតែត្រូវការជំនួយជាចាំបាច់នោះ។
បើតាមរដ្ឋមន្ត្រីការបរទេសអាមេរិកលោក ចន ឃែរី (John Kerry) បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា កិច្ចព្រមព្រៀងបណ្តោះអាសន្នមួយ ត្រូវបានសម្រេចបានជាមួយប្រទេសរុស្សី ហើយកិច្ចព្រមព្រៀងនេះអាចចាប់ផ្តើមអនុវត្តក្នុងរយៈពេលពីរបីថ្ងៃទៀតនេះ។
សារពត៌មានផ្សព្ឋផ្សាយអាមេរិកបានចុះផ្សាយថា លោក ឃែរី បានជជែកតាមទូរស័ព្ទជាមួយសមភាគីរុស្សីរបស់លោកគឺ លោករដ្ឋមន្ត្រីការបរទេសរុស្សី Sergei Lavrov។ ក្រសួងការបរទេសរុស្សីនិយាយថា ប្រទេសមហាអំណាចទាំងពីរបានព្រមព្រៀងគ្នាលើលក្ខខណ្ឌនៃបទឈប់បាញ់គ្នានេះហើយ។ ប៉ុន្តែប្រមុខការទូតនៃប្រទេសទាំងពីរមិនបានបញ្ចេញឲ្យដឹងអំពីសេចក្តីពិស្តារនៃបទឈប់បាញ់គ្នានេះទេ។
ទោះបីជាការចរចាម្តងទៀតនេះ បានផ្តោតទៅលើការឈប់បាញ់គ្នាក៏ដោយ ក៏អំពើហិង្សានៅតែបន្តកើតឡើងកាលពីថ្ងៃអាទិត្យ ដោយមានការវាយប្រហារដោយគ្រាប់បែកក្នុងទ្រង់ទ្រាយធំ ដែលក្រុមរដ្ឋឥស្លាមនៅក្រុង DamasនិងHoms អះអាងទទួលខុសត្រូវ។ ការវាយប្រហារនៅក្រុងDamas បានសម្លាប់មនុស្សអស់យ៉ាងតិច៨៣នាក់ និងការវាយប្រហារមួយទៀតនៅក្រុងHoms បានសម្លាប់មនុស្សអស់៥៩នាក់៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!