ក្រសួងសាធារណៈការ ប្រកាស់លេខទូរស័ព្ទសម្រាប់ទទួលការរាយការណ៍ពីភាពមិនប្រក្រតី ពាក់ព័ន្ធការធ្វើឯកសារយានយន្ត
ក្រសួងសាធារណៈការនឹងដឹកជញ្ជូន ប្រកាសជាថ្មីថា ចាប់ពីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៦ខាងមុខនេះ សមត្ថកិច្ចនឹងចាប់ផ្ដើមអនុវត្តច្បាប់ចរាចរណ៍ ដោយត្រួតពិនិត្យលើឯកសារយានយន្តគ្រប់ប្រភេទ ហើយ មានការរឹតបន្តឹងមន្ត្រីក្រោមឱវាទមួយចំនួននឹងថែមទាំងដាក់លេខទូរស័ព្ទទៀតផង បន្ទាប់ពីសម្ដេចហ៊ុន សែន បានស្ដីបន្ទោសខ្លាំងៗទៅលើក្រសួងសាធារណៈការនឹងដឹកជញ្ជូន។
សេចក្តីប្រកាស់ពត៌មានរបស់ក្រសួងសារធារណការនៅថ្ងៃទី២៨កុម្ភៈ ក៏បានបញ្ជាក់ទៀតថា មជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដឬឆៀក នៅខេត្តក្រចេះ ក៏ ចាប់ដំណើរការពីថ្ងៃទី២៩ កុម្ភៈនេះ បន្ថែមលើមជ្ឈមណ្ឌលដែលមានស្រាប់នៅរាជធានី ខេត្តទាំងអស់ ដែលម្ចាស់យានយន្តទាំងអស់ អាចទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តរបស់ខ្លួននៅទីតាំងណាមួយក៏បាន ។
ក្រសួងសាធារណៈការនឹងដឹកជញ្ជូនបានរំលឹកដល់សាធារណៈជនទាំងអស់ដែលមិនទាន់មានឯកសារយានយន្តណាមួយ រួមទាំងការមកទទួលប្រាក់ទូទាត់ថ្លៃធ្វើបណ្ណបើកបរម៉ូតូដែលមានកម្លាំងក្រោម១២៥សេសេ ប្រញាប់រូតរះទៅទទួលសេវាសាធារណៈនៅតាមគ្រប់មន្ទីរសាធារណការ និងដឹកជញ្ជូន និងច្រកចេញចូលតែមួយរាជធានី ខេត្ត និងអគ្គនាយកដ្ឋានដឹកជញ្ជូន គ្រប់ម៉ោងធ្វើការ។
ដើម្បីលុបបំបាត់អំពើអសកម្មនានា ដែលរួមមានការទារកំរ៉ៃលើសពីតម្លៃដែលបានកំណត់សាធារណជនអាចផ្ដល់ព័ត៌មានជាបន្ទាន់ ទៅមន្ត្រីទទួលបន្ទុកនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូន អគ្គនាយកដ្ឋានដឹកជញ្ជូនដែលមានតារាតម្លៃ និងឈ្មោះមន្ត្រីទំនាក់ទំនងមានបិទនៅគ្រប់ទីកន្លែងផ្ដល់សេវាសាធារណៈទាំងអស់ខាងលើ និងទីស្ដីការក្រសួងសាធារការ និងដឹកជញ្ជូន លេខទូរស័ព្ទ ០១២ ៩០ ០៧ ៣៥ ឬ ០១១ ៧៨ ៦៨ ៩៩ ដើម្បីមានវិធានការចំពោះអំពើមិនគប្បីនានាឲ្យបានតឹងរឹង៕
ដោយ៖សំឡេងយុវជន
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!