សម្តេចហ៊ុនសែន៖ កម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវសរុបជាង ៣ ៥០០នាក់សម្អាតមីននៅក្រៅប្រទេស ក្រោមឆ័ត្រUN
ក្នុងរយៈពេល ១០ឆ្នាំកន្លងទៅនេះ កម្ពុជាបានបញ្ជូនកងកម្លាំងសរុបជាង ៣ពាន់៥រយនាក់ ក្នុងនោះនារី ១១៨នាក់ ទៅបំពេញបេសកកម្ម នៅសូដង់ ស៊ូដង់ខាងត្បូង អាហ្រ្វិកកណ្តាល លីបង់ ម៉ាលី ឆាត កោះសៃផ្រឹស និងអារ៉ាប់ ស៊ីរី លើជំនាញបោសសំអាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ តម្រួតសណ្តាប់ធ្នាប់ និងវិស្វកម្មជាដើម។
នេះបើតាមការលើកឡើងរបស់សម្តេចហ៊ុនសែន ក្នុងឱកាស អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាត ខួប១០ឆ្នាំ នៃកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាតិ របស់កម្ពុជា នៅថ្ងៃទី១កុម្ភៈ នាវិមានសន្តិភាព។
លោកបន្តទៀងថា បច្ចុប្បន្នកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជាមាន ៨៨៨នាក់ បាននិងកំពុងបំពេញបេសកកម្មនៅប្រទេសនានា បើទោះបីមានឧបសគ្គ និងហានិភ័យខ្ពស់ក៏ដោយ ក៏កងកម្លាំងកម្ពុជាតែងតែសម្រេចជោគជ័យភារកិច្ច និងទទួលបានការកោតសរសើរពីសំណាក់អគ្គលេខាធិការ និងមន្រ្តី UN។
លោកនាយករដ្ឋមន្ត្រី បញ្ជាក់ថា ព្រោះតែការសម្រេចបាននូវការងារប្រកបដោយភាពជោគជ័យ និង អង្គអាចក្លាហាន របស់កងកម្លាំងរក្សាសន្តិភាពនេះហើយ បានធ្វើឲ្យកម្ពុជាក្លាយទៅជាប្រទេសឈានមុខគេទី៣ នៅក្នុងតំបន់អាស៊ានដែលបានបញ្ជូនកងកម្លាំងចូលរួមរក្សាសន្តិភាព បើទោះបីប្រទេសមួយនេះទើបងើបចេញពីសង្រ្គាមក្រោយគេ ហើយមានស្ថានភាពសេដ្ឋកិច្ចនៅទន់ខ្សោយក៏ដោយ៕
ដោយ៖ សំឡេងយុវជន
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!