សម្តេចហ៊ុនសែន អំពាវនាវដល់គ្រប់ស្ថានីយទូរទស្សន៍ ចាក់ផ្សាយ កម្មវិធីសីល្បៈវប្បធម៌ជាតិខ្មែរ និងស្នើរអោយម្ចាស់អាជីវកម្មនានា បន្តគាំទ្រ
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើរអោយស្ថានីយ៍ទូរទស្សន៍នានា ចាក់ផ្សាយ កម្មវិធីសីល្បៈវប្បធម៌ជាតិខ្មែរ និង ស្នើរអោយម្ចាស់អាជីវកម្មនានា បន្តគាំទ្រកម្មវិធីផ្សាយវប្បធម៌ជាតិខ្មែរ ដើម្បីរក្សាវប្បធម៌ជាតិខ្មែរអោយបានគង់វង្សយូអង្វែង និងរីកចំរើន។
ក្នុងពីធីគម្រាប់ខួបលើកទី ១៨ នៃ ទិវាវប្បធម៌ជាតិ ៣ មីនា ឆ្នាំ២០១៦ ក្រោមប្រធានបទ យុវជន ដើម្បីវប្បធម៌ជាតិ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសអោយ ម្ចាស់ទូរទស្សន៍ទាំងអស់ ចាក់ផ្សាយកម្មវិធីផ្សាយ សីល្បៈវប្បធម៌ជាតិខ្មែរ នៅក្នុងកម្មវិធីទូរទស្សន៍ ដែលក្រសួងបានកំណត់ ចាប់ពីម៉ោង ៧ ដល់ ម៉ោង ៩ យប់ ដើម្បីរក្សាវប្បធម៌ជាតិខ្មែរអោយបានគង់វង្សយូអង្វែង និងរីកចំរើនជាទីបំផុត។ លោក នាយករដ្ឋមន្រ្តីក៏បានស្នើរដល់ ម្ចាស់អាជីវកម្មនានា គាំទ្រកម្មវិធីសីល្បៈជាតិខ្មែរនេះផងដែរ។
លើសពីនេះ លោកនាយករដ្ឋមន្រ្តី ចាប់អារម្មណ៍ចំពោះប្រធានបទ ដែលមានចំណងជើងថា យុវជនដើម្បីវប្បធម៌ជាតិ ដោយបញ្ជាក់ថាយុវជនគឺជាធនធានសំខាន់បំផុតសម្រាប់ប្រទេសជាតិ បើសិនជាគ្មានយុវជនទេនោះប្រទេសក៏មិនមានភាពរីកចម្រើនដែរ។
សូមបញ្ជាក់ លោកនាយករដ្ឋមន្រ្តី ផ្ដល់ថវិការដល់ យុវជនវប្បធម៌ជាតិ ៣៦ក្រុមនៅទូទាំងប្រទេស ក្នុង១ក្រុមៗ ទទួលបានថវិការ ៥ លានរៀល ហើយចំពោះគណៈកម្មាធិការរៀបចំកម្មវិធី ទទួលថវិការ ១០ លានរៀល។
លោកបាន អំពាវនាវ ដល់ស្ថាប័ន្ធពាក់ព័ន្ធទាំងអស់ អប់រំប្រជាពលរដ្ឋ ជាពិសេសយុវជន ឲ្យកាន់តែមានស្មារតីមុតមាំ និងមោទនភាពជាតិបន្ថែមទៀត និងធ្វើការបំផុស និងបញ្ជ្រាបការយល់ដឹងដល់សាធារណជនឲ្យបានទូលំទូលា និងចូលរួមកាន់តែសកម្មថែមទៀតក្នុងការថែរក្សា ការពារ និងលើកស្ទួយវប្បធម៌ជាតិ ព្រមទាំងពហុវប្បធម៌ ដែលជាមូលដ្ឋានគ្រឹះនៃសាមគ្គីភាព ឯកភាពជាតិ សីលធម៌សង្គម និងការចេះរួមរស់ជាមួយគ្នាដោយសន្តិភាព និងសុខដុមរមនា រួមទាំងការការពារសន្តិសុខ និងការពារថែរក្សា និងអភិរក្សឲ្យបានគង់វង្សនូវបេតិកភណ្ឌវប្បធម៌ជាតិ៕
ដោយ ញ៉ែម សំណាង Email: somnangvoy915@gmail.com
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!