មេបញ្ជាកាកងរាជអាវុធហត្ថ និងក្រសួងការពារជាតិប្រកាសចាត់វិធានការលើអ្នក កាន់កាប់កាំភ្លើងខុសតួនាទី និងច្បាប់
មេបញ្ជាកាកងរាជអាវុធហត្ថ និងក្រសួងការពារជាតិប្រកាសចាត់វិធានការព្រមៗគ្នា លើអ្នកដែលកាន់កាប់កាំភ្លើងខុសតួនាទី អ្នកកាន់កាប់កាំភ្លើងខុសច្បាប់ ដង្កូវក្នុងរូង លួចស៊ីញ៉េ លិខិតកាន់កាប់ខុសច្បាប់ ។ ក្រសួងការពារជាតិថា ការគ្រប់គ្រងអាវុធ និងការចេញលិខិតបេសកកម្ម មានអាវុធឲ្យមន្រ្តីយោធាប្រើប្រាស់ មិនច្បាស់លាស់ ជាហេតុនាំឲ្យ មន្រ្តីយោធាយកអាវុធទៅប្រើប្រាស់ផ្ទុយពីភារកិច្ច និង ធ្វើសកម្មភាពល្មើសច្បាប់មួយចំនួន។
ចាប់ពីខែ មីនានេះ តទៅ ក្រសួងការពារជាតិ និងចាត់វិធានការយ៉ាងតឹងរឹងចំពោះមន្រ្តីយោធាក្រោមឱវាទរបស់ខ្លួន ហើយដាក់វិន័យធ្ងន់ធ្ងរតាម វិន័យយោធា ទៅលើមន្រ្តីដឹកនាំណា ដែលមិនធ្វើការ តាមតួនាទី ប្រើប្រាស់កាំភ្លើង ខុសបេសកម្ម បាញ់បោះសេរី ផ្ទុយពីភារកិច្ច និង ធ្វើសកម្មភាពល្មើសច្បាប់ណាមួយ។ នេះជាការអះអាង របស់ លោក ចាយ សាំងយុន រដ្ឋលេខាធិការ ក្រសួងការពាជាតិ ធ្វើឡើងនៅក្នុងកិច្ចប្រជុំប្រចាំខែរបស់ក្រសួងការពារជាតិ នៅថ្ងៃទី 0២ ខែមីនា ឆ្នាំ២០១៦ ។
វិធានការនេះ ធ្វើឡើង បន្ទាប់ពី ខាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីពេលថ្មីៗ ក៏ប្រកាសចាត់ វិធានការ ចំពោះមន្រ្តីរបស់ខ្លួន ពាក់ព័ន្ធនិងការប្រើប្រាស់អាវុធ ចេញលិខិតកាន់កាប់ ខុសច្បាប់នេះផងដែរ ដោយលោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានព្រមានយ៉ាងខ្លាំងៗ ដល់មន្រ្តីរបស់ខ្លួន ដែលមិនធ្វើការតាមតួនាទី បណ្តែតបណ្តោយមានការប្រើប្រាស់កាំភ្លើងដោយសេរី យ៉ាងណាក៏ដោយលោកថា លោកនិង ដោះស្រាយ បញ្ហាការប្រើប្រាស់កាំភ្លើងខុសច្បាប់ គ្រប់អ្នកមានអំណាច ក្រុមឧកញ៉ា ឬមន្រ្តីមួយចំនួនផងដែរ។ ដោយលោក ហ៊ាន ប្រកាសក្តែងៗថា បើលោកមិនអាចទប់ស្កាត់ និងដោះស្រាយបញ្ហានេះ បាននោះទេ លោកនឹងដោះ ផ្កាយពី ស្មាររបស់លោក ព្រមទាំងឯកសណ្ឋានចោល ហើយលោកនិងលាលែងចេញពីដំណែងផងដែរ។
គួររំលឹកដែរថា ក្រសួងការពារជាតិ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រកាសចាត់វិធានការបែបនេះ បន្ទាប់ពីមាន ករណី បាញ់សំលាប់ មន្រ្តីយោធាស្រវឹងដកកាំភ្លើងបាញ់បោះសេរី ព្រមទាំង ការចេញលិខិតកាន់កាប់កាំភ្លើងខុសច្បាប់ ករណីបាញ់ប្លន់ ស្ទើរតែជារៀងរាល់ថ្ងៃ នៅតាមបណ្តាខេត្ត ក្រុង រួមទាំងរាជធានីភ្នំពេញនេះផងដែរ។
យ៉ាងណាក៏ដោយ សង្គមស៊ីវិលមើលឃើញថា ការប្រកាសចាត់វិធានការព្រមៗគ្នាបែបនេះ ប្រហែលជាដោយសារតែ មាន ប្រតិកម្មពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងពិធី បិទសន្និបាតបូកសរុបការងារ និង លើកទិសដៅថ្មី របស់ក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ ព្រមទាំងបាន ព្រមានឲ្យគ្រប់ស្ថាប័ន កងកម្លាំងប្រដាប់អាវុធត្រូវគ្រប់គ្រងអាវុធឲ្យ បាន ច្បាប់លាស់ បន្ទាប់ពីលោក កត់សម្គាល់ឃើញថា មានសកម្មភាពប្លន់ប្រដាប់អាវុធ បានកក្រើកឡើងវិញ ដូច គោដាច់ក្រឡុះ ក្នុងមួយរយៈពេលចុងក្រោយមកនេះ៕
ដោយ ញ៉ែម ប្រសិដ្ឋ Email:brorsetvoy915@gmail.com
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!