សកម្មជនការពារតំបន់អារ៉ែង លោក វ៉ែន វ៉ន ត្រូវបានតុលាការដោះលែង
សំឡេង៖
តុលាការខេត្តកោះកុង បានសម្រេច កាត់ទោស លោក វ៉ែន វ៉ន ជនជាតិជង ដែលជាសកម្មជនការពារតំបន់អារ៉ែង នៅថ្ងៃទី៣ មីនានេះ ឲ្យជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំ ពីបទប្រមូលផល និងអនុផលព្រៃឈឺ ដោយគ្មានការអនុញ្ញាត តែទោសនេះត្រូវបានព្យូរ និងសម្រេចឲ្យសកម្មជនរូបនេះ នៅក្រៅឃុំ ។
លោកស្រី អ៊ិត មធុរ៉ា មេធាវីការពារក្តីរបស់លោក វ៉ែន វ៉ន បានប្រាប់វិទ្យុសំឡេងយុវជននៅថ្ងៃនេះថា កូនក្តីរបស់អ្នកស្រី ត្រូវបានតុលាការប្រកាសឲ្យជាប់ពន្ធនាគាររយៈពេល១ ឆ្នាំ តែទោសនេះ ត្រូវបានព្យូរ បន្ទាប់ពីលោកត្រូវបានចាប់ឃុំខ្លួន រយៈពេលជាង ៤ខែកន្លងទៅនេះ។ លោកស្រីថា ការប្រកាសចោទប្រកាន និងការកាត់សេចក្តីឲ្យកូនក្តីខ្លួន ជាប់ពន្ធនាគារនេះ គឺជារឿងដែលមិនត្រឹមត្រូវ ដោយសារតែអង្គហេតុ មិនស៊ីគ្នាជាមួយនឹងអង្គច្បាប់។
មេធាវីរូបនេះ បន្ថែមថា នៅរសៀល ថ្ងៃព្រហស្ប៍នេះ តុលាការ សម្រេចដោះលែងលោក វ៉ែន វ៉ន ឲ្យនៅក្រៅឃុំ។ តែចំពោះរឿងដែលលោក រក្សាសិទ្ធិប្តឹងឧទ្ធរណ៍ជំទាស់នឹងសាលក្រមរបស់តុលាការដំបូងយ៉ាងណានោះ គឺជាសិទ្ធិរបស់លោកវ៉ែន វ៉ន។
ភរិយាលោក វ៉ែន វ៉ន ដែលទទួលបន្ទុកចិញ្ចិមកូនបីនាក់ ខណៈដែលលោកស្ថិតក្នុងពន្ធនាគារ អ្នកស្រី ម៉ន សាម៉ុន បានបង្ហាញពីអារម្មណ៍រីករាយ តែក្តីរីករាយនេះ បានបង្កប់ទៅដោយភាពទុក្ខព្រួយ ដោយសារតែតុលាការ នៅតែសម្រេចចោទប្រកានប្តីរបស់ខ្លួន ហើយការដោះលែងគ្រាន់តែឲ្យនៅក្រៅឃុំ។ ដូច្នេះ អ្នកស្រីថា គេចង់ចាប់ប្តីអ្នកស្រីវិញ នៅពេលណាក៏បាន។
មន្ត្រីសម្របសម្រួលនៃអង្គការសមាគមអាដហុកប្រចាំខេត្តកោះកុង លោក ញៀប សំអឿន សាទរចំពោះការដោះលែងសកម្មជនដ៏សកម្មក្នុងការការពារអារ៉ែង តែយ៉ាងណាសង្គមស៊ីវិល មានការខកចិត្ត ខណៈដែលតុលាការ សម្រេចចោទប្រកាន ដោយពុំមានការស៊ើបអង្កេតឲ្យបានច្បាស់លាស់សិន មុននឹងធ្វើការផ្តន្ទាទោស។ លោក រំពឹងថា តុលាការ នឹងមិនធ្វើការចាប់ខ្លួនលោក វ៉ែន វ៉ន សារជាថ្មី ដើម្បីធ្វើការគំរាមកំហែងរូបលោក និងសកម្មជនដទៀតនោះទេ។
សូមជំរាប់ថា លោក វ៉ែន វ៉ន ត្រូវបានចាប់ខ្លួន ខណៈដែលលោក បានចូលរួមតវ៉ាយ៉ាងសកម្មក្នុងការការពារធនធានធម្មជាតិ និងរារាំងគម្រោងសាងសងទំនប់វារីអគ្គីសនី នៅតំបន់អារ៉ែងក្នុងខេត្តកោះកុង។ ក្នុងពេលនោះដែរ សកម្មជនចំនួនបីនាក់ មកពីអង្គការមាតាធម្មជាតិ ក៏ត្រូវបានចាប់ខ្លួនផងដែរ ហើយរហូតមកដល់ពេកនេះ នៅមិនទាន់ដោះលែងនៅឡើយទេ៕
ដោយកញ្ញា ឡុង គីមម៉ារីតា
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!