សង្គមស៊ីវិល សង្ស័យថា ការសម្រេចលុបចោលគណៈកម្មការវាយតម្លៃសម្បទានដីសេដ្ឋកិច្ចនៅមានភាពអាដកំបាំង
សង្គមស៊ីវិល សង្ស័យថា នៅមានភាពអាដកំបាំងការដែលរដ្ឋាភិបាលកម្ពុជា សម្រេចលុបចោលគណៈកម្មការអន្តរក្រសួងដែលបង្កើតឡើង ដើម្បីធ្វើការត្រួតពិនិត្យ វាស់វែង និងវាយតម្លៃសម្បទានដីសេដ្ឋកិច្ចនោះ។
សំឡេង៖
អ្នកសម្របសម្រួលគម្រោង កំណែទម្រង់ដីធ្លីនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោក វណ្ណ សូផាត បានលើកឡើងនៅថ្ងៃទី៤មីនានេះថា ការដែលរដ្ឋាភិបាល សម្រេចលុបចោលគណៈកម្មការអន្តរក្រសួងនេះ ហាក់នៅមានភាពអាដកំបាំង និងមិនបានបញ្ចាក់ឲ្យបានច្បាប់លាស់ ពីមូលហេតុ ឲ្យបានត្រឹមត្រូវ។ លោកបានសង្ស័យថា ការលុបចោទគណៈកម្មការនេះ អាចនឹងមានបញ្ហាអំពើពុករលួយ ឬមានទំនាស់ផលប្រយោជន៍ណាមួយ នៅពីក្រោយរឿងនេះ ។
នៅក្នុងសេចក្តីសម្រេចមួយថ្ងៃទី១ខែមីនា ឆ្នាំ២០១៦ ដែលចុះហត្ថលេខារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចនិរាករណ៍សេចក្តីសម្រេចចុះថ្ងៃទី១៨ខែសីហា ឆ្នាំ២០៤ របស់រដ្ឋាភិបាលស្តីពីការបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីត្រូវពិនិត្យ វាស់វែង និងវាយតម្លៃសម្បទានដីសេដ្ឋកិច្ច។ តែនៅក្នុងសេចក្តីសម្រេចរបស់រដ្ឋាភិបាលនេះ មិនបានបញ្ជាក់ពីមូលហេតុ នៃការលុបចោលនូវគណៈកម្មការនេះនោះទេ។
ជុំវិញបញ្ហាដីសម្បទានសេដ្ឋកិច្ចនេះ លោក វណ្ណ សូផាន ស្នើឲ្យរដ្ឋាភិបាល បង្ហាញនូវការពិត ពីការលុបចោលគណៈកម្មការនេះ។ លោកថា បច្ចុប្បន្ន ជម្លោះដីធ្លី ដោយបញ្ហាដីសម្បទានសេដ្ឋកិច្ច នៅតែបន្តកើតមាន ហើយភាគច្រើននៅពុំទាន់ត្រូវបានដោះស្រាយនៅឡើយទេ ដូច្នេះ លោកជំរុញឲ្យរដ្ឋាភិបាលរកដំណោះស្រាយដល់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស។
សូមបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅក្នុងពិធីបើកសន្និបាត និងសម្ពោធអាគារមរតកតេជោ នៅក្រសួងបរិស្ថានកាលពីថ្ងៃទី២៥ ខែកុម្ភៈ កន្លងទៅនេះថា តាមរយៈការធ្វើកំណែទម្រង់មិនដល់មួយឆ្នាំផង ពាក់ព័ន្ធនឹងបញ្ហាដីសម្បទានសេដ្ឋកិច្ច ដែលរហូតមកដល់ពេលនេះ រដ្ឋាភិបាលបានពិនិត្យមើលទៅលើដីសម្បទានសេដ្ឋកិច្ចរួចរាល់អស់ហើយ ទាំងផ្នែកកសិកម្ម និងផ្នែកបរិស្ថាន។ លោកបន្តថា មានផ្ទៃដីសរុបជាង២លានហិកតាដែលរដ្ឋាភិបាលបានផ្ដល់ទៅឲ្យក្រុមហ៊ុន ក្នុងនោះ រដ្ឋាភិបាលបានដកហូតដីសម្បទានសេដ្ឋកិច្ចជិតមួយលានហិកតាយកមកគ្រប់គ្រងវិញ។
គួរបញ្ចាក់ថា កាលពីឆ្នាំ២០១២ រដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកផ្ដល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុន និងបានបញ្ជាឲ្យពិនិត្យមើលឡើងវិញលើដីសម្បទានសេដ្ឋកិច្ច ដែលត្រូវបានផ្ដល់រួចហើយ ខណៈដែលប្រជាពលរដ្ឋរាប់ពាន់គ្រួសារ បានរងផលប៉ះពាលពីគម្រោងដីសម្បទានសេដ្ឋកិច្ចនេះ។ ហើយនៅក្នុងឆ្នាំ២០១៥ រដ្ឋាភិបាលក៏បានសម្រេចបន្ថយរយៈពេលនៃដីសម្បទានទាំងអស់ពី៩០ឆ្នាំមកត្រឹម៥០ឆ្នាំវិញ។
ដោយកញ្ញា ឡុង គីមម៉ារីតា
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!