ក្រសួងអប់រំ៖ អក្ខរជនជាង ៥៨% បានឆ្លងផុតពីភាពមិនចេះអក្សរក្នុងឆ្នាំ២០១៥
របាយការណ៍ស្តីពីការបិទអក្ខរកម្មជាតិឆ្នាំ ២០១៥ របស់ក្រសួងអប់រំចេញផ្សាយនៅចុងខែកុម្ភៈ បង្ហាញថា អក្ខរជនជាង ៥៨% បានឆ្លងផុតពីភាពមិនចេះអក្សរក្នុងឆ្នាំ២០១៥នេះ។ ទោះជាយ៉ាង ណាបើតាមផែនការប្រទេសកម្ពុជាត្រូវសម្រេចអោយបានជាង ៨៤% ទើបប្រជាជនកម្ពុជាឆ្លងផុត ពីភាពមិនចេះអក្សរទាំងអស់គ្នា។ សំឡេង៖
ក្រសួងអប់រំ យុវជន និងកីឡា បង្ហាញរបាយការណ៍ស្តីពីការបិទអក្ខរកម្មជាតិឆ្នាំ ២០១៥ ថាយុទ្ធនាការអក្ខរកម្មជាតិប្រចាំឆ្នាំ ២០១៥ សម្រេចបានអក្ខជនជាង ៥មឺននាក់ ស្មើនឹងជាង ៥៨%។ លទ្ធិផលនេះ គឺបរាជ័យប្រើប្រៀបធៀបជាមួយនឹងផែនការនៃការអប់រំសម្រាប់អ្នកទាំងអស់គ្នា ដែលប្រទេសកម្ពុជាត្រូវសម្រេចអោយបានអក្ខរជនសរុបជាង ៩ មឺននាក់ ស្មើនឹងជាង ៨៤ % ក្នុងឆ្នាំ២០១៥។
របាយការណ៍ក្រសួងអប់រំ កម្រាស់ ២៤ ទំព័រ បិទបញ្ចប់កាលពីចុងខែ កុម្ភៈ ដែលវិទ្យុសំឡេងយុវជន ទទួលបាននៅថ្ងៃទី៤មីនានេះ រកឃើញថា អ្នកសិក្សា អក្ខរកម្មវិជ្ជាជីវៈសរុបចំនួន ជាង ៧ មឺន ៤ ពាន់នាក់ ធៀបនឹងផែនការស្មើ ជាង ៩៥ % បានចុះឈ្មោះចូលរៀន។ អ្នកដែលបានធ្វើតេស្តបញ្ចប់មានជាង ៥ មឺន ៧ពាន់នាក់ ក្នុងនោះ អ្នកដែលបានធ្វើតេស្តជាប់មានជាង ៥ មឺន ៣ ពាន់នាក់ ស្រីជាង ៣មឺននាក់ មានអក្ខរជនអាយុ ១៥ឆ្នាំឡើងសរុប ជិត ៤មឺននាក់ ស្រីជិត ៣មឺននាក់ និងអ្នកដែលទទយលបានប័ណ្ណអក្ខរកម្មមានជាង ២មឺន ៩ពាន់នាក់ ស្រី២មឺនាក់។
តាមរបាយការណ៍នោះបានអោយដឹងទៀតថាមានខេត្តចំនួន ៥ សម្រេចបានលើសផែនការរួមមាន កំពង់ស្ពឺ ព្រៃវែង ត្បូងឃ្មុំ សៀមរាប និងខេត្តព្រះវិហារ ខេត្ត៥ទៀតសម្រេចបានតាមផែនការរួមមាន ខេត្តកណ្តាល ក្រចេះ មណ្ឌលគីរី ឧត្តរមានជ័យ និងកែប រីឯខេត្ត១៥ផ្សេងទៀតសម្រេចមិនបានតាមផែនការ។ របាយការណ៍បន្តថា មានខេត្តចំនួន ៩ ដែលមានគ្រូអក្ខរកម្មបោះបង់ការបង្រៀនច្រើនជាងគេ ក្នុងនោះមានខេត្ត បន្ទាយមានជ័យ ស្ទឹងត្រែង ព្រះសីហនុ បាត់តំបង កំពង់ឆ្នាំង កំពត ក្រចេះ កំពង់ធំ និងខេត្តតាកែវ។
របាយការណ៍បញ្ជាក់ថា គិតត្រឹមចុងខែកក្កដាឆ្នាំ ២០១៥ លទ្ធផលដំណើរការ យុទ្ធនាការអក្ខរកម្មជាតិមានការប្រែប្រួលទៅតាមស្ថានភាពមួយចំនួននៅតាមតំបន់នីមួយៗ និងមានថ្នាក់រៀនជាង ២០០ថ្នាក់ បានបិទទ្វារដោយសារគ្មានសកម្មភាព គ្មានទីតាំងថ្នាក់ច្បាស់លាស់ រួមជាមួយមុខសញ្ញាបានបោះបង់ គ្រូប្រមួលសិស្សមិនបាន និងខ្លះទៀតមានសិស្សតិចពេក មិនគ្រប់តាមនិយាមមន្ទីសារមី។
របាយការណ៍ឲ្យដឹងទៀតថាប្រទេសកម្ពុជាបានបន្សល់ទុកអនក្ខរជនពេញវ័យអាយុ១៥ ឡើងសរុបជាង ២ លាននាក់ ក្នុងនោះស្រីជាង ១លាននាក់ ស្មើជាង ៦៨% ដែលកម្ពុជាត្រូវយកចិត្តទុកដាក់សម្រាប់ការធ្វើឲ្យសម្រេចការអប់រំសម្រាប់ទាំងអស់គ្នានៅឆ្នាំ ២០១៥។ វឌ្ឍនភាពឆ្ពោះទៅសម្រេចគោលដៅអក្ខរកម្មនៃការអប់រំសម្រាប់ទាំងអស់គ្នា នៅតាមប្រទេសមួយចំនួននៅអាស៊ីប៉ាស៊ីហ្វិច ឆ្នាំ ២០០៥-២០១០ បានបង្ហាញថាប្រទេសកម្ពុជា ត្រូវសម្រេចឲ្យបានអត្រាអក្ខរកម្ម ៨៤,៤% នៅន្នាំ ២០១៥។
របាយការណ៍របស់ក្រសួងអប់រំបញ្ជាក់ថា ការដែលមិនសម្រេចតាមគោលដៅព្រោះមានបញ្ហាប្រឈមមួយចំនួន រួមមាន ការជ្រើសរើសគ្រូបង្រៀនជាប់កិច្ចសន្យាមិនគ្រប់តាមផែនការ ការបំប៉នគ្រូរបស់រាជធានី ខេត្តមួយចំនួន មិនទាន់ពេល និងមិនគ្រប់ចំនួនថ្ងៃតាមគោលការណ៍ ខេត្តមួយចំនួនពិបាករកគ្រូដែលមានគុណវឌ្ឍិ អ្នកសិក្សាក្នុងកម្មវិធីអប់រំក្រៅប្រព័ន្ធដែលជាក្រុមគោលដៅ មករៀនមិនគ្រប់តាមនិយាម និងមិនទៀងទាត់ និងកិច្ចសហការក្នុងការអនុវត្តកម្មវិធីអប់រំក្រៅប្រព័ន្ធរបស់អាជ្ញាធរដែនដី និងអ្នកពាក់ព័ន្ធមិនទាន់បានទូលំទូលាយ។
ក្រសួងអប់រំ យុវជន និងកីឡាអះអាងថា ដើម្បីសម្រេចតាមផែនការនោះ ក្រសួងត្រូវការគ្រូ អក្ខរកម្មជាប់កិច្ចសន្យសរុប ២ ០០០នាក់ ក្នុងឆ្នាំ២០១៦៕
ដោយ ហ៊ាង រដ្ឋធានី Email: heang.ratheay@gmail.com
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!