សេចក្តីព្រៀងច្បាប់ចំនួន២ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័ត នៅថ្ងៃសុក្រនេះ
សេចក្តីព្រៀងគោលនយោបាយជាតិប្រជាជន ២០១៦.២០៣០ និង សេចក្តីព្រាងអនុក្រឹត្យ ស្តីពីវិធានការហាម ការជក់ រឺបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ រឺកន្លែងសាធារណៈ ត្រូវបានអង្គប្រជុំគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ក្រោមអធិបតីភាព លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន នៅថ្ងៃទី៤កុម្ភៈនេះ បាន អនុម័តគាំទ្រ និងមានការកែសម្រួលពាក្យពេចន៍ និងអត្ថបទមួយចំនួន។
សំឡេង៖
សេចក្តីព្រាង គោលនយោបាយជាតិប្រជាជន (២០១៦. ២០៣០) ដែលអង្គប្រជុំអនុម័ត នៅថ្ងៃទី៤កុម្ភៈនេះ ត្រូវបាន លោកផៃស៊ីផាន អ្នកនាំពាក្យទីស្តីការគណរដ្ឋមន្ត្រី បញ្ជាក់នៅលើហ្វេសប៊ុកលោកថា ផ្តោតលើក្របខណ្ឌទស្សនៈពីរគឺ៖ បន្តឈរលើគោលការណ៍ដែលមានចែងនៅក្នុងគោលនយោបាយជាតិប្រជាជនឆ្នាំ២០០៣ ដោយទទួលស្គាល់និងគាំទ្រចំពោះសិទ្ធិរបស់គូស្វាមីភរិយានិងបុគ្គលទាំងអស់ អោយមានសិទ្ធិជាមូលដ្ឋានក្នុងការសម្រេចចិត្តដោយសេរីនិងដោយទទួលខុសត្រូវលើចំនួនកូន និងការពន្យារកំណើតហើយអោយមានលទ្ធភាពទទួលបាននូវព័ត៌មាន ការអប់រំ សេវានិងមធ្យោបាយ។
គោលនយោបាយជាតិប្រជាជន (២០១៦. ២០៣០) នេះ ផ្តោតការយកចិត្តទុកដាក់លើចំណងទាក់ទងគ្នា រវាងបម្រែបម្រួលប្រជាសាស្រ្តនិងការធ្វើផែនការអភិវឌ្ឍន៍ដោយផ្តោតលើវិស័យអាទិភាពបួន៖ ការអភិវឌ្ឍនិងការពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, ការគ្រប់គ្រង ទេសន្តរប្រវេសន៍និងនគរូបនីយកម្ម, ការពង្រីកវិស័យកសិកម្មនិងសកម្មភាពពាក់ព័ន្ធ , ការវិនិយោគលើវិស័យសង្គមកិច្ចនិងការអភិវឌ្ឍមូលធនមនុស្ស។
ការបង្កើតគោលនយោបាយជាតិប្រជាជន (២០១៦.២០៣០)នេះ ស្របពេលដែល កម្ពុជាកំពុងជួយប្រទះនឹងបរិការណ៍ប្រជាសាស្រ្តថ្មីមួយ ដែលមិនធ្លាប់មានពីមុនក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។
លោកផៃស៊ីផាន លើកឡើងថា កំពុងមានប្រជាជនយ៉ាងច្រើនដែលស្ថិតក្នុងវ័យធ្វើការហើយស្ថានភាពនេះ បង្កអោយមានលំហូរយ៉ាងធំដែលមិនធ្លាប់មានពីមុន និងមិនថមថយនៃទេសន្តរប្រវេសន៍របស់យុវជន ពីតំបន់ជនបទទៅតំបន់ជនបទ ពីតំបន់ទីប្រជុំជនទៅតំបន់ទីប្រជុំជន និងពីតំបន់ជនបទទៅតំបន់ទីប្រជុំជន ជាពិសេស ទេសន្តរប្រវេស៍មករាជធានីភ្នំពេញ ដើម្បីស្វែងរកការងារ និងក្នុងគោលបំណងផ្សេងៗទៀត។ ទិដ្ឋភាពប្រជាសាស្រ្តដ៏សំខាន់មួយទៀត គឺកម្ពុជាកំពុងឆ្លងកាត់អន្តរកាលប្រជាសាស្រ្តមួយ ដែលធ្វើអោយចំនួនប្រជាជនក្នុងវ័យធ្វើការកើនឡើងយ៉ាងខ្លាំង ហើយបន្ទាប់ពីដំណាក់កាលនេះ ចំនួនប្រជាជនវ័យចាស់នឹងចាប់ផ្តើមកើនឡើង។ ស្ថានភាពប្រជាសាស្រ្តនេះអាចបង្កអោយមានជា កាលានុវត្តភាពផង និងបញ្ហាប្រឈមផង សម្រាប់កម្ពុជា ដែលទាមទារអោយមានការគិតគូរដោយមានផែនការច្បាស់លាស់ ទាំងរយៈពេលខ្លី ទាំងរយៈពេលមធ្យម ទាំងរយៈពេលវែង។
ចំនែកឯ សេចក្តីព្រាងអនុក្រឹត្យស្តីពីវិធានការហាមការជក់ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ ឬកន្លែងសាធារណៈ ដែលអង្គប្រជុំអនុម័ត ត្រូវបាន លោកផៃស៊ីផាន បញ្ជាក់ថា មានគោលបំណង ៖
- ចូលរួមក្នុងការការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ
- ការពារ និងទប់ស្កាត់ការរងផ្សែងផលិតផលថ្នាំជក់ដែលបង្កអោយមានហានិភ័យសុខភាពដល់អ្នកនៅជុំវិញ និងបរិស្ថាន
- កាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់ក្រសួងផែនការឆ្នាំ២០១៤ បានបង្ហាញថា អ្នកមិនជក់បារី ៦០% កំពុងស្រូបផ្សែងបារីពីគេ។ ទីកន្លែងដែលប្រជាពលរដ្ឋកម្ពុជាស្រូបផ្សែងបារីពីគេខ្ពស់ជាងគេ គឺនៅភោជនីយដ្ឋាន/អាហារដ្ឋាន(៧៦%) នៅក្នុងអគារធ្វើការរបស់រដ្ឋ (៤៩%) និងនៅពេលធ្វើដំណើរការតាមមធ្យោបាយធ្វើដំណើរសាធារណៈ(៣៤%)។ បើធៀបទៅនឹងប្រទេសអាស៊ានទាំង១០ ប្រទេសកម្ពុជាមានអត្រាស្រូបផ្សែងបារីពីគេខ្ពស់ជាងគេនៅភោជនីយដ្ឋាន។ អត្រារងគ្រោះដោយសារស្រូវផ្សែងបារីពីគេខ្ពស់បំផុតក្នុងចំណោមអ្នកមិនជក់បារី ដូច្នេះដើម្បីការពារអ្នកមិនជក់បារី ជាពិសេសកុមារ និងស្រ្តីពីការស្រូវផ្សែងបារីពីគេ ប្រទេសយើងចាំបាច់ត្រូវមានយន្តការច្បាស់លាស់ ដើម្បីពង្រឹងការអនុវត្តន៍ការហាមជក់បារីនៅតាមទីសាធារណៈ ឬកន្លែងធ្វើការ និងមានការផាកពិន័យចំពោះជនល្មើសទើបមានប្រសិទ្ធភាពគ្រប់គ្រាន់។
នៅក្នុងសេចក្តីព្រាងអនុក្រឹត្យនេះ ក៏មានចែងអំពីការផាកពិន័យកម្រិតស្រាលដល់បុគ្គលដែលប្រព្រឹត្តល្មើសគឺ ពីរម៉ឺនរៀល ចំពោះអ្នកជក់បារីនៅកន្លែងហាមឃាត់ និង ប្រាំម៉ឺនរៀល ចំពោះម្ចាស់កន្លែងដែលមិនព្រមបិទសញ្ញាហាមជក់បារី ឬនៅតែបន្តដាក់បង្ហាញចានគោះបារី។ បើប្រៀបធៀបជាមួយបណ្តាប្រទេសក្នុងអាស៊ានទំហំនៃប្រាក់ពិន័យនេះមានលក្ខណៈអនុគ្រោះជាងគេ ក្នុងគោលបំណង ជម្រុញ ការចាប់អារម្មណ៍ និងដើម្បីអប់រំដល់ប្រជាជនអំពីគ្រោះថ្នាក់នៃការបារី។ ប្រទេសជាច្រើនក្នុងអាស៊ានផាកពិន័យច្រើនជាងដូចជា ប្រទេសម៉ាឡេស៊ី ពិន័យជាប្រាក់ចំនួន $៣,០៣០ ប្រទេសឥណ្ឌូនេស៊ី $៥,៥៨៧ ប្រទេសប្រ៊ុយណេ $៧៩០.៧៤ ប្រទេសសឹង្ហបុរី $៧៥៦ ប្រទេសមីយ៉ាន់ម៉ា $១៥៧ទៅ $៧៨០ ប្រទេសហ្វីលីពីន $១១$ទៅ $២៥៧ប្រទេសថៃ $៦ទៅ $៦៥ និងប្រទេសវៀតណាម $៤ ទៅ$១៤ ចំពោះការប្រព្រឹត្តលើ្មស។
តាមបទពិសោធន៍ជាក់ស្តែងនៅបណ្តាប្រទេសជាច្រើនបានបង្ហាញថា វិធានការនេះហាមជក់បារីក្នុងភោជនីយដ្ឋាន ធ្វើអោយភោជនីយដ្ឋានមានភ្ញៀវកាន់តែច្រើន។ ប្រជាពលរដ្ឋពេញចិត្តចំពោះវិធានការនេះជាខ្លាំងដោយបានចូលរួមរាយការណ៍ជូនសមត្ថកិច្ចនៅពេលឃើញមានការជក់បារីនៅកន្លែងហាមជក់។ ដោយឡែកនៅប្រទេសកម្ពុជាយើងប្រជាពលរដ្ឋជិត ៨០% គាំទ្រអោយរាជរដ្ឋាភិបាលកម្ពុជាមានវិធានការហាមជក់បារីក្នុងភោជនីយដ្ឋាន មធ្យោបាយធ្វើដំណើរសាធារណៈ និងកន្លែងធ្វើការ។ យោងតាមមាត្រា៨ នៃអនុក្រឹត្រនេះក្រសួងសុខាភិបាលនឹងធ្វើប្រកាសមួយទៀត ដើម្បីកំណត់ទីកន្លែងហាមជក់។
ដោយកញ្ញា ហង់ សេរីរ័ត្ន
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!