មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា៖ រដ្ឋាភិបាល គៀបសង្កត់លើសិទ្ធិញ្ចេញមតិ លើប្រព័ន្ធ អ៊ីនធឺណេត
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ព្រួយបារម្ភ ចំពោះស្ថានភាពនៃសិទ្ធិបច្ចេកវិទ្យាក្នុងប្រទេសកម្ពុជា ដោយថា សិទ្ធិបញ្ចេញមតិនៅតាមប្រព័ន្ធ អនឡាញ់ និងបណ្តាញទំនាក់ទំនងសង្គម Facebook ត្រូវបាន គៀបសង្កត់ដោយរាជរដ្ឋាភិបាល ។ ប៉ុន្តែលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ទាត់ចោលការលើកឡើងនេះ និងចាត់ទុកថាជារបាយការណ៍ព្រៃ។ សំឡេង៖
បើតាមរបាយការណ៍ស្រាវជ្រាវ គម្រាស់៣០ទំព័រ របស់អង្គការមិនមែនរដ្ឋាភិបាល មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅក្នុងខែកុម្ភៈឆ្នាំ២០១៦ លើកយកពីបញ្ហាជាច្រើនរបស់រដ្ឋាភិបាលក្នុងការអនុវត្តន៍ សិទ្ធិមនុស្សចំពោះការបញ្ចេញមតិ ក្នុងប្រព័ន្ធបច្ចេកវិទ្យាសម័យថ្មីនេះ។
របាយការណ៍នោះសង្កេតឃើញ ការរីករាលដាលនៃការរំលោភបំពានសិទ្ធមនុស្ស លំហប្រជាធិបតេយ្យមានការរួមតូច និងរឹតត្បិតជាប្រព័ន្ធទៅលើសំឡេងជំទាស់ពីសំណាក់រាជរដ្ឋាភិបាល និងការកើនឡើងនៃការរំលោភសិទ្ធិសេរីភាពខាងការបញ្ចេញមតិក្នុងលំហបច្ចេកវិទ្យាបង្ហាញឲ្យឃើញពីបរិយាកាសនយោបាយនៅកម្ពុជានាពេលបច្ចុប្បន្ន។ ក្នុងបរិបទនេះ សកម្មជន និងអ្នកដឹកនាំសហគមន៍ ដែលកំពុងក្រោកឈរឡើងដើម្បីទាមទារសិទ្ធិឲ្យប្រជាពលរដ្ឋដ៏ទៃទៀតបានប្រឈមនូវហានិភ័យជាពិសេសការយាយីតាមប្រព័ន្ធតុលាការ ដោយរួមមានការចាប់ខ្លួន និងការឃុំខ្លួនតាមទំនើងចិត្ត និងការកាត់ទោសដោយអយុត្តិធម៌។
របាយការណ៍នេះថា អ៊ីនធឺណេត គឺជាឧបករណ៍ដ៏មានឥទ្ធិពលបំផុតក្នុងចំណោមឧបករណ៍នានា ក្នុងសតវត្សទី២១ នេះដើម្បីបង្កើតតម្លាភាពពីសកម្មភាពរបស់អ្នកមានអំណាច ការទទួលព័ត៏មាន និងសម្រួលដល់ការចូលរួមយ៉ាងសកម្មរបស់ប្រជាពលរដ្ឋក្នុងការកសាងសង្គមប្រជាធិបតេយ្យ។
ក្នុងការស្រាវជ្រាវនោះមើលឃើញថា កាបញ្ចេញមតិរបស់ប្រជាពលរដ្ឋ ឬ បុគ្គលណាម្នាក់នៅក្នុងប្រព័ន្ធបច្ចេកវិទ្យាទៅរាជរដ្ឋាភិបាល ឬ បុគ្គលសាធារណៈក្នុងជូររដ្ឋាភិបាលមានការរឹតត្បិត និងឈានទៅដល់ការចាប់ខ្លួនថែមទៀតផង ។ ហើយចំពោះប្រទេសប្រជាធិបតេយ្យដូចជាប្រទេសកម្ពុជានេះ មិនទាន់បានគោរពសិទ្ធិពេញលេញនោះទេ។
របាយការណ៍នោះ លើកយកព្រឹត្តិការណ៍កើតឡើងកន្លងទៅនេះ ចំពោះករណីចាប់ខ្លួន សកម្មជន និងប្រជាពលរដ្ឋមួយចំនួន បានបញ្ចេញមតិជំទាស់របស់ខ្លួនទៅលើមន្រ្តីរដ្ឋាភិបាល ។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាថា ការអនុវត្តន៍បែបនេះគឺមិនមានផលចំណេញនោះទេ ។ ផ្ទុយទៅវិញធ្វើអោយប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ រិះគន់រដ្ឋាភិបាលកម្ពុជាទៅវិញនោះទេ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាព្រួយបារម្ភយ៉ាងខ្លាំង ពាក់ព័ន្ធស្ថានភាពសិទ្ធិមនុស្ស បច្ចេកវិទ្យាក្នុងប្រទេសកម្ពុជា។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ផ្ដល់អនុសាសន៍មួយចំនួនដល់រដ្ឋាភិបាលមាន ៖
- លុបចោលសេចក្ដីស្នើច្បាប់ឧក្រិដ្ឋកម្មបច្ចេកវិទ្យាដែលមិនត្រឹមតែមិនសង្កេតភាពជាមួយនិងរដ្ឋធម្មនុញ្ញកម្ពុជា និង ច្បាប់សិទ្ធិមនុស្សអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏មិនចាំបាច់ផងដែល ដោយសារសកម្មភាពដែលច្បាប់នេះមានគោលបំណងដាក់ទណ្ឌកម្មព្រហ្មទណ្ឌត្រូវបានចែងក្នុងក្រមព្រហ្មទណ្ឌរួចជាស្រេចហើយ។
- វិសោធនកម្មក្រមព្រហ្មទណ្ឌដើម្បីលុបបទបរិហារកេរ្តិ៍ចេញពីក្រមព្រហ្មទណ្ឌ ដោយស្របនឹងស្ដង់ដារអន្តរជាតិ និង អនុសាសន៍នៃស្ថាប័នសិទ្ធិមនុស្សផ្សេងៗ របស់អង្គការសហប្រជាជាតិ។
- វិសោធនកម្មក្រមព្រហ្មទណ្ឌដើម្បីកែប្រែប្បញ្ញត្តិណាដែលផ្ទុយនឹងការធានាលើសេរីភាពខាងការបញ្ចេញមតិ ដែលមានក្នុងមាត្រា ៤១ នៃរដ្ឋធម្មនុញ្ញ។ ប្បញ្ញត្តិទាំងនេះរួមមាន ជាពិសេស មាត្រា ៤៩៥ (បទញុះញង់ឲ្យប្រព្រឹត្តបទល្មើស) មាត្រា (បទញុះញង់ឲ្យមានអំពើហិង្សា) មាត្រា ៥០២ (ការជេរប្រមាថ) និង មាត្រា ៥២៣ (បទធ្វើឲ្យមានបាត់ជំនឿលើសេចក្ដីសម្រេចរបស់តុលាការដែលជាញឹកញយត្រូវការគាំទ្រត្រូវបានអនុវត្តខុស និង ផ្ទុយនិងគោលការណ៍សិទ្ធិមនុស្ស ដែលនេះគួរតែត្រូវបានធ្វើវិសោធនកម្ម។
- ចាត់វិធានការក្នុងការគាំទ្រផ្លូវការទៅលើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិស្ដី ពីការលើកម្ពស់ ការការពារ និងការទទួលបានសិទ្ធិមនុស្សលើបណ្ដាញអ៊ីនធឺណេត។
- ធានាថាប្រព័ន្ធយុត្តិធម៌កម្ពុជាធ្វើការត្រួតពិនិត្យដោយប្រុងប្រយ័ត្នលើការអនុវត្តឲ្យសមស្របនឹងការធានាសិទ្ធិមនុស្សនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា និងសន្ធិសញ្ញាអន្តរជាតិដែលប្រទេសកម្ពុជាជាភាគី។ ជាពិសេសចៅក្រមថ្លឹងថ្លែងដោះស្រាយអោយបានអព្យាក្រិត លើតុល្យភាពរវាងសិទ្ធិសេរីភាពខាងការបញ្ចេញមតិ និងសិទ្ធិផ្សេងទៀតនិងផលប្រយោជន៍សង្គម។
- បញ្ឈប់ការធ្វើទុកបុកម្នេញតាមផ្លូវតុលាការដល់សកម្មជននយោបាយ និងអ្នកនយោបាយជំទាស់ និង ដោយគ្មានលក្ខខណ្ឌនូវអ្នកដែលបច្ចុប្បន្នត្រូវបានឃុំខ្លួន ដោយការចោទប្រកាន់ ឬ ការកាត់ទោសក្រោមហេតុផលនយោបាយដែលមិនមានមូលដ្ឋានផ្លូវច្បាប់ និងមិនសមស្របនឹង លទ្ធិប្រជាធិបតេយ្យសេរី។
- បញ្ឈប់ការប្រើប្រាស់ឥទ្ធិពលនយោបាយលើប្រព័ន្ធតុលាការ និង ផ្ដល់ដំបូន្មានដល់មន្រ្តីសាធារណៈឲ្យមានការអត់ធ្មត់ មុនពេលដាក់ពាក្យបណ្ដឹងលើបុគ្គលដែលបានសរសេររិះគន់ខ្លួន។
ទាក់ទងទៅនឹងការរិះគន់រដ្ឋាភិបាលបែបនេះត្រូវបានលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្រ្តី បានច្រានចោល និងថាជាការអាម៉ាស់បំផុតចំពោះរបាយការណ៍អង្គការមិនមែនរដ្ឋាភិបាល មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលបានលើកឡើងថា សិទ្ធិបញ្ចេញយោបល់នៅតាមប្រព័ន្ធ អនឡាញ់ និងបណ្តាញទំនាក់ទំនងសង្គម Facebook ត្រូវបានគៀបសង្កត់ដោយរាជរដ្ឋាភិបាលកម្ពុជា។ លោកបញ្ជាក់ថា របាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានេះ មិនបានមើលឃើញការខំប្រឹងប្រែងរបស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នោះទេហើយក៏មិនដែលមើលឃើញនូវបំណង ឬទិសដៅនៃផលប្រយោជន៍អាថ៌កំបាំងណាមួយ ក្នុងការបម្រើផលប្រយោជន៍ផ្សេង អំពីទិសដៅសិទ្ធិមនុស្ស។ លោកផៃ ស៊ីផាន ចាត់ទុករបាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សនេះថា ជា របាយការណ៍ ព្រៃ ព្រោះបានលាបពណ៌កម្ពុជា និងឲ្យមតិជាតិ និងអន្តរជាតិ ភាន់ច្រឡំ ឬមួយបង្កើតជាទិន្នន័យក្នុងការវាយប្រហារកម្ពុជា។
គួរគាត់សំគាល់ថា មតិរិះគន់ជាច្រើនតាមរយៈសេចក្តីថ្លែងការណ៍ របាយការណ៍ស្រាវជ្រាវ ទៅលើរដ្ឋភិបាល តែងត្រូវបានទាត់ចោលពីរដ្ឋាភិបាលដែលកាន់អំណាចជាច្រើនឆ្នាំមកនេះ៕
ដោយ ញ៉ែម សំណាង Email: somnangvoy915@gmail.com
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!