លោក មាស នី៖ ក្រសួងអប់រំ មិនទាន់បានរៀបចំ វិធីសាស្រ្ត ជម្រុញសិស្សចាប់អារម្មណ៍ការអាន
សំឡេង៖
អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម ថាក្រសួងអប់រំយុវជន និង កីឡា មិនទាន់បានរៀបចំ វិធីសាស្រ្ត ដើម្បី ជម្រុញសិស្សានុសិស្ស ចាប់អារម្មណ៍ការអាន នៅឡើយនោះទេ ខណៈពេល ក្រសួងអប់រំ កំពុងអំពាវនាវអោយមានការចូលរួមពីសារធារណៈជនក្នុងការផ្តល់សម្ភារៈ ឯកសារនានា សម្រាប់សិស្ស និស្សិត និងពលរដ្ឋទូទៅ សិក្សាស្រាវជ្រាវ។
លោក មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម បានប្រាប់វិទ្យុសំឡេងយុវជន VOY ថា ក្នុងនាមជាគ្រូបង្រៀនម្នាក់ លោកសង្គេតឃើញថា លោកគ្រូ អ្នកគ្រូ មិនទាន់ផ្ដោតការយកចិត្តទុកដាក់ក្នុងការ ជម្រុញអោយ សិស្សនិសិត្ស ងាកមករកការអាននោះទេ។ លោកគ្រូ អ្នកគ្រូ បង្រៀនសិស្សតាមតែសៀវភៅរបស់ក្រសួងនោះទេ ហើយមិនបានរកវិធីសាស្រ្តអ្វី ដើម្បីអោយផ្លាស់ ការគិតរបស់សិស្ស បែបមករកការអានឡើយ។ លោកថា ប្រព័ន្ធក្រសួងអប់រំ មិនទាន់ដាក់ឯកសារណាមួយ ដើម្បីអោយសិស្សចាប់អារម្មណ៍ការអាន ដែលក្រសួងអប់រំគួរតែបញ្ចូល កម្មវិធី ឬ វិធីសាស្រ្តណាមួយ ក្នុងប្រព័ន្ធអប់រំរបស់សិស្ស តាំងពីថ្នាក់ បឋមសិក្សាមកម្លេះ។
សូមរំលឹក កាលបីថ្ងៃទី ៣ មីនា ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់សាធារណៈ ជនជនទួទៅទាំងអស់ មេត្តាជួយផ្តល់ឯកសារ សៀវភៅអានផ្សេងៗ ដែលបានប្រើប្រាស់រួចដល់បណ្ណាល័យតាមការស្ម័គ្រចិត្ត ដើម្បីអាចឲ្យសិស្សានុសិស្សធ្វើការសិក្សាស្រាវជ្រាវ និងអានបន្ថែមទៀត លើសៀវភៅសិក្សាគោលដែលមានស្រាប់។ នេះបើយោងតាមសេចក្តីអំពាវនាវរបស់ក្រសួងអប់រំ។
លោក មាស នី បន្តថាពាក់ព័ន្ធទៅនិង រឿងបណ្ណាល័យនេះ បើសិនជា សិស្សអានសៀវភៅគ្រប់គ្នាគឺ បណ្ណាល័យ មិនមានសៀវភៅគ្រប់គ្រាន់សម្រាប់សិស្សនោះទេ ។ លោកបន្តថា មិនត្រឹមតែរឿងអោយសិស្សទម្លាប់ក្នុងការអានឬ ឪពុកម្ដាយនោះទេ ជាពិសេសនោះ វិធីសាស្រ្តនៃបង្រៀនរបស់គ្រូនោះ ត្រូវធ្វើយ៉ាងមេចដើម្បីអោយសិស្ស មានបំណង ឬមានអារម្មណ៍ចង់អាន កុំអោយមានការធុញ។ លោកបន្តថាទំលាប់ការអានសៀវភៅ មានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះថាការអានជាផ្នែកមួយនៃការសិក្សារបស់សិស្ស។ លោកក៏បានស្នើអោយ ក្រសូងអប់រំយុវជន និង កីឡា ពង្រឹងកម្មវិធីសិក្សានេះ ចាប់ពីថ្នាក់ក្រោមមក ដើម្បីអោយសិស្ស ចាប់អារម្មណ៍ការអាននេះតាំងពីតួចៗមក ។
សូមបញ្ជាក់ថា មកទល់បច្ចុប្បន្ននេះ បណ្ណាល័យគ្រប់ភូមិសិក្សាមានចំនួន ៨ ៤៧០ នៅតាមសាលារៀនទូទាំងប្រទេស ហើយកំពុងខ្វះឯកសារ ដែលក្រសួងអប់រំកំពុងអំពាវនាវ ដល់សារធារណៈជន ចូលរួមសហការផ្តល់ សម្ភារៈសិក្សានានា ដើម្បីជម្រុញវប្បធម៌នៃការអាននៅកម្ពុជា៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!