អគ្គស្នងការដ្ឋាននគរបាលជាតិគ្រោងនឹងជ្រើសរើសនគរបាលអង្គរក្សនារីជិត៣០%
អគ្គស្នងការដ្ឋាននគរបាលជាតិគ្រោងនឹងជ្រើសរើសនគរបាលអង្គរក្សនារីជិត៣០%បន្ថែមទៀតដើម្បីបំពេញការខ្វះខាត និងការចូលរួមការពារសន្តិសុខសុវត្ថិភាពជូនព្រះមហាក្សត្រ ថ្នាក់ដឹកនាំ និងជំទាវរបស់គណៈប្រតិភូភ្ញៀវអន្តរជាតិជាន់ខ្ពស់។ សំឡេង៖
នៅក្នុងឱកាសប្រារព្វទិវាអន្តរជាតិ នារី៨មិនា ខួបលើកទី១០៥ នៅនាយកដ្ឋានអង្គរក្ស កាលពីថ្ងៃទី៤ ខែមិនា លោក ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានអង្គរក្ស បានមានប្រសាសន៍ថា គ្រោងនឹងជ្រើសរើសនគរបាលអង្គរក្សនារីប្រមាណពី២០ទៅ ៣០%បន្ថែមទៀតដើម្បីកាបំពេញការខ្វះខាត និងការចូលរួមការពារសន្តិសុខសុវត្ថិភាពជូនព្រះមហាក្សត្រ ថ្នាក់ដឹកនាំ និងជំទាវរបស់គណៈប្រតិភូភ្ញៀវអន្តរជាតិជាន់ខ្ពស់។
លោកបញ្ជាក់ថា ការជ្រើសរើសស្ត្រីឲ្យចូលបំរើការងារនេះដើម្បីវិនិយោគលើសមត្ថភាពយេនឌ័រ ដើម្បីកិច្ចអភិវឌ្ឍប្រកបដោយដោយចីរភាព។
លោកបានប្រកាស់ជ្រើសរើសនារីមានកំពស់ចាប់ពី ១ម៉ែត្រ៦៥ឡើងទៅ និងមានកំលាំងពលំម៉ាំមួន ដោយមិនមានការប្រលងធ្វើតេស្តសមត្ថភាពនោះទេ គឺត្រូវយកពួកគាត់ដាក់បញ្ចូលក្របខ័ណ្ឌនិងទៅធ្វើការហ្វឹកហាត់តែម្តង។ លោកបានអះអាងថា ក្រោយពីជ្រើសរើសបានកំលាំងនារីថ្មីរួច លោកគ្រោងនឹងបង្កើតអង្គភាពពិសេសមួយដែលមានសុទ្ធសឹងជានារី ដោយឡែកមួយទៀត។ លោកបញ្ជាក់ថា ការកង្វះកងកំលាំងនគរបាលនារី បានជួបបញ្ហា ប្រឈមខ្លាំងបំផុត នៅពេលចុះប្រតិបត្តិការឆែកឆេរភ្ញៀវប្រតិភូជាអន្តរជាតិជានារី ដែលបញ្ហានេះបុរសមិនអាចធ្វើបាននោះទេ។
ពាក់ព័ន្ធរឿងនេះ លោកស្រី សឺនកេត សិរីលក្ខណ៍ អ្នកសម្របសម្រួលកម្មវិធីអប់រំ និងយេនឌ័រ នៃអង្គការឃ្លាំមើលការបោះឆ្នោត comfrel បានលើកឡើងថា នេះជាការល្អមួយ ដោយសាររដ្ឋាភិបាល និងក្រសួងកិច្ចការនារីគ្រោងនឹងរៀបចំនារីរតនៈ៤ តាមគោលនយោបាយសមភាពយេនឌ័រឲ្យសមស្របទៅនឹងអង្គការសហប្រជាជាតិដែលគ្រោងនឹងធ្វើឲ្យមានសមភាពយេនឌ័រនៅឆ្នាំ២០៣០។
លោកស្រីមានប្រសាសន៍ថា គ្រប់ស្ថាប័នគួរតែមានស្ត្រីចូលរួមធ្វើកិច្ចការឲ្យបានច្រើន ដោយមិនគិតពីសមត្ថភាពការងារពេកនោះទេ និងគួរតែរផ្តល់ឱកាស និងការបណ្តុះបណ្តាលបន្ថែមដល់ស្ត្រី ក្នុងការជំរុញឲ្យពួកគាត់កាន់តែយល់ដឹងថែមទៀត ដើម្បីឲ្យប្រទេសកម្ពុជាឈានទៅរកសមភាព ព្រោះកន្លងមកស្រ្តីចូលរួមក្នុងសកម្មភាពសង្គមតិច។
សូមជម្រាបថា នគរបាលអង្គរក្សបច្ចុប្បន្ន មានកងកំលាំងនគរបាលជានារីមិនដល់៥%នៃចំនួនបុរសនោះទេ ហើយភាគច្រើនកំលាំងនោះបំរើការងារតែនៅក្នុងការិយាល័យ និងមានកងកំលាំងភាគ តិចចេញទៅប្រតិបត្តិការការពារប្រតិភូថ្នាក់ដឹកនាំជានារី ៕
ដោយ ចាន់ សុវណ្ណដារី
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!