សាលារាជធានីភ្នំពេញ នឹងចេញសេចក្តីប្រកាសពីការរៀបចំសណ្តាប់ធ្នាប់តាមចិញ្ចើមផ្លូវ
សាលារាជធានីភ្នំពេញ នឹងចេញសេចក្តីប្រកាស អនុវត្តន៍ឲ្យបានតឹងរឹង ពីការរៀបចំសណ្តាប់ធ្នាប់តាមចិញ្ចើមផ្លូវ និងរៀបចំលិខិតបទដ្ឋានផ្លូវ ដែលស្របតាមច្បាប់នៅខែក្រោយនេះ។ សំឡេង៖
លោក ឡុង ឌីម៉ង អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានប្រាប់វិទ្យុសំឡេងយុវជន នៅថ្ងៃទី៧មីនានេះថា នៅខែក្រោយនេះ សាលារាជធានីភ្នំពេញនឹងចេញសេចក្តីប្រកាសមួយ និងអនុវត្តន៍ឲ្យបានតឹងរឹង ពីការរៀបចំសណ្តាប់ធ្នាប់តាមចិញ្ចើមផ្លូវ និងរៀបចំលិខិតបទដ្ឋានផ្លូវ ដែលស្របតាមច្បាប់ និងអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ចិញ្ចើមផ្លូវ មិនឲ្យប្រើប្រាស់លើសពីអ្វីដែលគេកំណត់ឲ្យនោះទេ។
តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់អ្នកនាំពាក្យសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី ០៦ មីនាបានឲ្យដឹងថា សាលារាជធានីភ្នំពេញបានសម្រួលផ្លូវសម្រាប់ផ្លូវថ្មើរជើងឲ្យមានលំហរ១ភាគ៣ សិន និងគ្រោងទុកផ្លូវពាក់កណ្តាលសម្រាប់ថ្មើរជើង ហើយនៅសល់ពីនោះត្រូវមានការបង់ថ្លៃចូលថវិការដ្ឋនៅពេលក្រោយ។
លោក អ៊ា ចរិយា អ្នកវិភាគចរាចរណ៍បានមានប្រសាសន៍ថា ការធ្វើផ្លូវថ្មើរជើងនេះមានសារសំខាន់សម្រាប់សុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងផ្តល់នូវសោភ័ណភាពសម្រាប់ទីក្រុង ។ ទន្ទឹមនឹងនោះលោកក៏បានលើកឡើងពីបញ្ហាប្រឈមថា តើសាលារាជធានីភ្នំពេញអាចធ្វើឬអត់?
ការរៀបចំនិងគ្រប់គ្រងចំណីផ្លូវបានល្អ វាមិនត្រឹមតែជួយលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ ឲ្យមានសណ្តាប់ធ្នាប់ល្អប៉ុណ្ណោះទេ វាថែមទាំងផ្តល់សុវត្ថិភាពដល់អ្នកថ្មើរជើង បានធ្វើដំណើរបានយ៉ាងស្រួលផងដែល ពិសេសនោះបានចូលរួមកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ៕
ដោយ ចាន់ សុវណ្ណដារី
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!