បទបរិយាយព្រឹត្តិការណ៍អន្តរជាតិ៖ខួបគំរប់ ២ឆ្នាំ នៃការបាត់ខ្លួនយន្តហោះ MH 370
ស្តង់ដាអាកាសចរណ៍សកលដែលកែសម្រួលថ្មីឲ្យមានភាពប្រសើរឡើង បានធ្វើឱ្យយន្តហោះដឹកអ្នកដំណើរមានសុវត្ថិភាពបន្ថែមទៀត។ យន្តហោះទាំងឡាយដែលកំពុងជួបបញ្ហា ត្រូវផ្តល់ដំណឹងពីទីតាំងនិងទិន្នន័យសំខាន់ភ្លាមៗ យ៉ាងហោចណាស់រៀងរាល់នាទី។
មាត្រដ្ឋានសុវត្ថិភាពនៃក្រុមហ៊ុនអាកាសចរណ៍ទាំងឡាយ បានកើតមានការប្រែប្រួល បន្ទាប់ពីយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ជើងហោះហើរ MH 370 ព្រមទាំងអ្នកដំណើរនិងនាវិកជាង ២០០នាក់ បាត់សាបសូន្យគ្មានបន្សល់ដានកាលពី ២ឆ្នាំមុន នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ បើទោះបីមានការប្រមូលផ្តុំកម្លាំងស្វែងរកយ៉ាងណាក្តី ប៉ុន្តែក៏នៅរកមិនទាន់ឃើញសំណាកយន្តហោះឬសាកសពនៃអ្នកធ្វើដំណើរ។
អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) បានបញ្ជាក់ថា ស្តង់ដាអាកាសចរណ៍សកលដែលកែសម្រួលថ្មីឲ្យមានភាពប្រសើរឡើង បានធ្វើឱ្យយន្តហោះដឹកអ្នកដំណើរមានសុវត្ថិភាពបន្ថែមទៀត។ យន្តហោះទាំងឡាយដែលកំពុងជួបបញ្ហា ត្រូវផ្តល់ដំណឹងពីទីតាំងនិងទិន្នន័យសំខាន់ភ្លាមៗ យ៉ាងហោចណាស់រៀងរាល់នាទី ដើម្បីជួយស្វែងរកសំណាក តែការតម្រូវនេះ ធ្វើបានជាមួយយន្តហោះដែលស្ថាបនាថ្មីមិនលើស៦ឆ្នាំ ឬមានអាយុតិចជាងនេះ។ ការដែល ICAO កែសម្រួលបញ្ញត្តិបង្គាប់ឲ្យយន្តហោះថ្មីផ្តល់ទិន្នន័យ ដើម្បីតាមដានស្រាវជ្រាវការថតទុកក្នុងប្រអប់ខ្មៅនូវទិន្នន័យការហោះហើរនិងសំឡេងបានកាន់តែឆាប់រហ័ស ប្រសើរជាងការប្រមូលផ្តុំកម្លាំងស្វែងរកប្រអប់ខ្មៅក្នុងបាតមហាសមុទ្រ ម៉្យាងទៀតបច្ចេកវិទ្យាដែលមាននៅពេលបច្ចុប្បន្ននេះ អាចធ្វើបាន។
លោក គ្រីស ហាដ (Chris Hart) ប្រធានគណកម្មការសន្តិសុខដឹកជញ្ជូនសហរដ្ឋអាមេរិកបានថ្លែងថា ពិភពលោកចាំបាច់ត្រូវអនុវត្តវិធានការបន្ថែម ដើម្បីនាំយកបច្ចេកវិទ្យាមកប្រើយ៉ាងឆាប់រហ័ស ។ ការបាត់សាបសូន្យនូវយន្តហោះ MH 370 មានចំណែកធ្វើឲ្យ ICAO បង្កើនល្បឿនអនុម័តបទបញ្ញត្តិឲ្យគ្រប់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ បញ្ជាក់ប្រាប់ពីចំណុចទីតាំងរបស់យន្តហោះដែលហោះឆ្លងកាត់មហាសមុទ្ររៀងរាល់ ១៥ នាទីម្តង ចាប់តាំងពីខែ វិច្ឆិកា ឆ្នាំ ២០១៨ តទៅ ចំណែក អ៊ីនមើរ៍សេត ក្រុមហ៊ុនផ្តល់សេវាកម្មផ្កាយរណបតាមដានយន្តហោះ បានស្នើផ្តល់ការតាមដានដោយឥតគិតថ្លៃ សម្រាប់យន្តហោះដែលមានផ្លូវហោះហើរឆ្ងាយ។
ខណៈដែលការបាត់ខ្លួនរបស់យន្តហោះ MH 370 គំរប់២ឆ្នាំទៅហើយ ប៉ុន្តែការស្វែងរកក្រោមទឹកនៅតែបន្តជាប់ឥតដាច់ចាប់តាំងពីឆ្នាំ២០១៤។ លោក ម៉ាទីន ដូឡែន ប្រធានការិយាល័យសន្ដិសុខដឹកជញ្ជូនរបស់អូស្ត្រាលី ដែលជាស្នូលសំខាន់ដឹកនាំការស្វែងរកយន្តហោះ MH 370 បាននិយាយថា យើងចំណាយពេលអស់ ២ឆ្នាំ ក្នុងការស្វែងរុករកយន្តហោះក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ប៉ុន្តែគ្មានបានអ្វីប្រសើរឡើងឡើយ យ៉ាងណាក្តី យើងនៅតែមានសង្ឃឹមថា យើងអាចធ្វើបានប្រសើរជាងនេះ ទោះបីយើងដឹងថាការស្វែងរកនេះ អាចត្រូវចំណាយពេលវេលាយូរទៀត។
រំពឹងថា នៅចុងខែមិថុនា ខាងមុខនេះ ក្រុមការងារនឹងបញ្ឈប់ការស្វែងរកសំណាកយន្តហោះ MH 370 ក្រោមផ្ទៃទឹកទំហំ 120,000 គីឡូម៉ែត្រការ៉េ ប្រសិនបើពួកគេរកមិនឃើញយន្តហោះ Boeing 777 ក៏នឹងគ្មានផែនទីពង្រីកតំបន់ស្វែងរកបន្តទៀត ហើយការតាមរកយន្តហោះក្នុងតំបន់ទាំងឡាយបានធ្វើរួចហើយចំនួន 70 % ធ្វើឲ្យឳកាសដែលនឹងទទួលបានជោគជ័យកាន់តែតូចចង្អៀត ហើយបង្កឲ្យកើតនូវសំណួរជាញឹកញាប់ឡើងដូចជាថា ពួកលោករកមិនចំកន្លែងទេដឹង???
កន្លងទៅថ្មីៗនេះ មានការប្រទះឃើញបំណែកត្រង់កន្ទុយយន្ដហោះ នៅក្រៅឆ្នេរសមុទ្រ ប្រទេសម៉ូសំប៊ិក និងសន្និដ្ឋានថា គួរជាបំណែកនៃយន្តហោះ Boeing 777 ប៉ុន្តែរឿងនេះនៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់ថា ជាបំណែករបស់យន្តហោះជើងហោះហើរ MH 370 ដែលបានបាត់កាលពី២ឆ្នាំមុនឬយ៉ាងណាទេ ??? ខណៈដែលអ្នកវិភាគមើលឃើញថា បំណែកយន្តហោះនេះអាចអណ្តែតពីបាតសមុទ្រក្នុងតំបន់ដែលរុករក និងមានលទ្ធភាពរួមទាំងសាងការជឿជាក់ថា ក្រុមការងារស្វែងរកចំចំណុចហើយ។
លោក ដូឡែន បាននិយាយថា ក្រុមការងារស្វែងរកបំណែកយន្តហោះសង្ឃឹមថា ការវិភាគរបស់ប្រទេសបារាំងនឹងបង្ហាញការពិតថា តើកើតមានរឿងអ្វីឡើងចំពោះយន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ជើងហោះហើរ MH 370 ??? យ៉ាងណាក៏ដោយ លោក ដូឡែន មានការប្រុងប្រយ័ត្នចំពោះការទទួលបានព័ត៌មាន ហើយលោកមានក្រុមការងារត្រួតពិនិត្យទិន្នន័យ ដូច្នេះទើបលោកសង្ឃឹមថា ថ្ងៃណាមួយ ពេលដែលភ្ញាក់ពីដំណេកនៅពេលព្រឹក នឹងទទួលបាននូវដំណឹងល្អ។
ថយត្រឡប់ទៅកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ យន្តហោះ Boeing 777-200 ER របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ជើងហោះហើរ MH 370 ព្រមជាមួយអ្នកដំណើរនិងនាវិកចំនួន ២៣៩នាក់ បានបាត់សាបសូន្យក្នុងអំឡុងពេលហោះហើរពីទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន។ ចាប់តាំងពីពេលនោះ រហូតមកដល់ពេលនេះ ក្រុមរុករកអន្តរជាតិ ដែលដឹកនាំដោយប្រទេសអូស្រ្តាលី បានចេញរុករករហូតក្នុងមហាសមុទ្រឥណ្ឌា ប៉ុន្ដែក៏នៅរកមិនទាន់ឃើញ បើទោះបីមានព័ត៌មានពីការជួបប្រទះបំណែកនៃយន្តហោះក៏ដោយ។
ដោយ មុំ រឿន វិទ្យុសំឡេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!