អ៊ីរ៉ាក់ប្រកាសរើសអ្នកស្ម័គ្រចិត្តប្រយុទ្ឋដណ្តើមក្រុងរ៉ាម៉ាឌីមកវិញ
RAMADI, Iraq, May 19: រដ្ឋាភិបាលរបស់ប្រទេសអ៊ីរ៉ាក់បានអំពាវនាវរកអ្នកស្ម័គ្រចិត្តដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាមនិងជួយដណ្តើមទីក្រុងរ៉ាម៉ាឌីមកវិញផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់គណៈរដ្ឋមន្រ្តីបានឱ្យដឹងថា ការជ្រើសរើសយុវជនស្ម័គ្រចិត្តគឺជាការចាំបាច់ដើម្បីបំពេញការខ្វះខាតនៅក្នុងក្រុមយោធារបស់ខ្លួននៅភាគខាងលិចខេត្ត Anbar។
មានមនុស្សរាប់ពាន់នាក់បានរត់ភៀសខ្លួនចាប់តាំងពីក្រុមសកម្មប្រយុទ្ឋរដ្ឋអ៊ីស្លាមបានដណ្តើមកាន់កាប់ក្រុងរ៉ាម៉ាឌីកាលពីថ្ងៃអាទិត្យសប្តាហ៍មុន។ទន្ទឹមនឹងនេះដែរក្រុមប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកបាននិយាយថាខ្លួនកំពុងតែពិចារណាពីវិធីសាស្រ្តដ៏ល្អបំផុតដើម្បីគាំទ្រដល់កងទ័ពជើងគោកមូលដ្ឋាន។
អ្នកនាំពាក្យលោក Alistair Baskey បានប្រាប់ AFP ថា វិធានការមួយចំនួនរួមមាន ការបង្កើនការបណ្តុះបណ្តាលនិងបំពាក់អាវុធបន្ថែមឲ្យកុលសម្ព័ន្ធក្នុងតំបន់និងគាំទ្រដល់ប្រតិបត្តិការដែលដឹកនាំអ៊ីរ៉ាក់ដើម្បីដណ្តើមយកក្រុងរ៉ាម៉ាឌីមកវិញ។លោកថាការប្រកាសលម្អិតបន្ថែមទៀតអាចធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាត្រូវបានទីប្រឹក្សារបស់លោកថ្លែងប្រាប់ពីគំនិតរបស់លោកយ៉ាងខ្លីនិងបញ្ជាក់ជាថ្មីពីការគាំទ្រយ៉ាងខ្លាំងរបស់សហរដ្ឋអាមេរិកចំពោះលោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក al-Abadi Haider ។
បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃអង្គារ នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់បានសន្យាថានឹងកាត់ទោសកងកម្លាំងដែលបានរត់ចេញពីទីក្រុងនេះបន្ទាប់ពីមានការវាយប្រហាររបស់ក្រុមIS។លោក Abadi បានឱ្យដឹងថាប្រជាជនអ៊ីរ៉ាក់ត្រូវតែឈរលើការឯកភាពគ្នា ហើយលោកក៏បានអំពាវនាវឱ្យមានការជ្រើសរើសបុគ្គលិកស្ម័គ្រចិត្តចូលបំរើកងទ័ព ។ មិនតែប៉ុណ្ណោះលោកក៏បានសន្យាថានឹងជ្រើសរើសបុគ្គលិកនិងបំពាក់អាវុធដល់ពួកយុទ្ធជនកុលសម្ព័ន្ធផងដែរ៕ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!