គណបក្សយុត្តិធម៌ជាតិខ្មែរ សុំឲ្យសហភាពអ៊ឺរ៉ុប ជំរុញរដ្ឋាភិបាលកម្ពុជាបង្កើតការិយាល័យ បោះឆ្នោតក្រៅប្រទេស
គណបក្សយុត្តិធម៌ជាតិខ្មែរ ដាក់លិខិតជាលើកទី២ ទៅសភាអ៊ីរ៉ុបប្រចាំនៅកម្ពុជា ស្នើអោយជំរុញដល់រដ្ឋាភិបាលកម្ពុជា បង្កើតការិយាល័យចុះឈ្មោះ និងមណ្ឌលបោះឆ្នោតនៅក្រៅប្រទេស។ ការបង្កើតអោយមានការបោះឆ្នោតនៅក្រៅប្រទេសបែបនេះ ត្រូវបាន ប្រធានគណបក្សយុត្តិធម៌ជាតិខ្មែរ បញ្ជាក់ថា ដោយសារមានពលរដ្ឋខ្មែរជាច្រើនម៉ឺននាក់កំពុងធ្វើការនៅក្រៅប្រទេស។
សំឡេង៖
លោក ហ៊ាង រិទ្ធី ប្រធានគណបក្សយុត្តិធម៌ជាតិខ្មែរ បានដាក់លិខិតជាលើកទី២ ទៅ លោក ជច អ៊ិកហ្គារ គណៈប្រតិភូសហភាពអ៊ឺរ៉ុបប្រចាំកម្ពុជា នៅថ្ងៃទី ៨ មិនា ដោយស្នើអោយ សហភាពអ៊ឺរ៉ុបប្រចាំកម្ពុជា ជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជា ឬក៏ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បង្កើតការិយាល័យចុះឈ្មោះ និងមណ្ឌលបោះឆ្នោតនៅប្រទេស៣ រួមមាន ប្រទេសថៃ ប្រទេសម៉ាឡេស៊ី និង ប្រទេសកូរ៉េ ។
លោក ហ៊ាង រិទ្ធី មើលឃើញថា ប្រទេសទាំង៣នេះ គឺមានពលករខ្មែរអ្នកក្ររាប់លាននាក់កំពុងធ្វើការបំរើគេ ហើយគ្មានឱកាស មកចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ ចៅសង្កាត់នៅក្នុងឆ្នាំ២០១៧និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅឆ្នាំ២០១៨ឡើយ។
ពាក់ព័ន្ធទៅនិងការស្នើសុំ បង្កើតគណៈកម្មាធិការ ចុះឈ្មោះបោះឆ្នោតនៅក្រៅប្រទេសនេះដែរ លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្រ្វាល ក៏ធ្លាប់បានស្នើរអោយរដ្ឋាភិបាល គិតគូរពីរឿងនេះដែរ ប៉ុន្តែដូចជាគ្មានការឆ្លើយតបមកវិញនោះទេ។ លោក លើកឡើងថា បើសិនជារាជរដ្ឋាភិបាល បង្កើតគណៈកម្មាធិការចុះឈ្មោះបោះឆ្នោតនៅក្រៅប្រទេសពិតមែន គឺ ជាការល្អ អាចសម្រួលដល់ ពលករចំណាក់នៅក្រៅប្រទេស ដើម្បីបាន ចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ ចៅសង្កាត់នៅក្នុងឆ្នាំ២០១៧និងការបោះឆ្នោតជ្រើសតាំងតំណាង រាស្រ្តនៅឆ្នាំ២០១៨ ។ លោកគាំទ្រ និងជំរុញរដ្ឋាភិបាល ពេញទំហឹង ក្នុងការបង្កើតការិយាល័យបោះឆ្នោតនៅក្រៅប្រទេសនេះ ។
ចំពោះលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ធ្លាប់អះអាងថា ការបង្កើតគណៈកម្មាធិការចុះឈ្មោះបោះឆ្នោតនៅក្រៅប្រទេសនេះ គឺមិនអាចធ្វើទៅរួចទេ ព្រោះនឹងត្រូវគេរិះគន់ថា មានការលួចបន្លំ ជាដើម ព្រោះសូម្បីតែនៅក្នុងស្រុក ក៏នៅមានគេចោទថា លួចសន្លឹកឆ្នោត ចុះទម្រាំមានការបោះឆ្នោតនៅក្រៅប្រទេសទៀតនោះ ៕
ដោយ ញ៉ែម សំណាង Email: somnangvoy915@gmail.com
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!