កញ្ញាស្រីមុំ រងការចោទប្រកាន់ ចេញមុខបកស្រាយ
កញ្ញា ឃុំ ច័ន្ទតារាទី ហៅ «ស្រីមុំ» ដែលរងការចោទប្រកាន់ថាមានរឿងអាស្រូវស្នេហា ជាមួយ លោក កឹម សុខា ហើយបានផ្សព្វផ្សាយតាមបណ្តាញសង្គម នៅពេលនេះបានចេញមុខបដិសេធ និងបានអះអាងថា នៅថ្ងៃសុក្រ ទី១១ ខែមីនា ស្អែក កញ្ញានឹងចូលបំភ្លឺនៅក្រសួងមហាផ្ទៃ អំពីភាពស្អាតស្អំរបស់ខ្លួន ថាគ្មានទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា នោះទេ។
សំឡេង៖
ក្នុងកិច្ចសំភាន៍ជាមួយ វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី ៩ ម្សិលមិញ បន្ទាប់ពីបានចេញមុខស្វែងរកអន្តរាគមន៍ពី អង្គការសមាគមអាដហុក ដើម្បីស្នើឱ្យស្វែងរកយុត្តិធម៌ដល់ខ្លួន កញ្ញា ឃុំ ច័ន្ទតារាទី ហៅ «ស្រីមុំ» បានអះអាងថា កញ្ញា គ្មានទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា នោះទេ ដោយកញ្ញា ស្គាល់លោក កឹម សុខា ក្នុងឋានៈជា ភ្ញៀវ ដែលតែងតែមករកសេវាកាត់សក់ នៅហាង ដែលខ្លួន ធ្វើការតែប៉ុណ្ណោះ។
ជាមួយនឹងការចេញមុខមកបកស្រាយ ពីការចោទប្រកាននេះ កញ្ញា ឃុំ ច័ន្ទតារាទី ហៅ «ស្រីមុំ» ចង់ទទួលបាននូវយុត្តិធម៌ និងបញ្ចាក់ថា ខ្លួនស្អាតស្អំ ហើយក្នុងនោះ កញ្ញា ក៏បានស្នើឲ្យអង្គការសមាគមអាដហុក ស្វែងរកយុត្តិធម៌ជូនរូបនាងផងដែរ។
សូមជំរាបថា មួយរយៈចុងក្រោយនេះ មានការលេចធ្លាយនូវខ្សែអាត់សំឡេង ពេញបណ្តាញសង្គម និងបណ្តាញប្រព័ន្ធផ្សព្វផ្សាយនានា ដែលគេអះអាងថា ជាសំឡេងលោក កឹម សុខា ជាមួយនឹងស្រីកំណាន់ចិត្ត ឈ្មោះ ស្រី មុំ ដែលឈ្មោះពិតរបស់កញ្ញា មានឈ្មោះថា ឃុំ ច័ន្ទតារាទី។
ជាបន្តបន្ទាប់មក ក៏មានការតវ៉ា ពីក្រុមនិស្សិតមួយក្រុម ដែលមានគ្នាប្រមាណ ៥០ នាក់ ចេញមកតវ៉ាឲ្យលោក កឹម សុខា ចេញមុខបកស្រាយ។ តែចំពោះលោក កឹម សុខា មិនបានបកស្រាយអ្វីទាំងអស់លើរឿងអាស្រូវស្នេហានេះ ដោយលោកគ្រាន់តែបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់លោកថា”យើងមិនត្រូវធ្វើតាមអារម្មណ៍ ឬ ធ្វើតាមអ្វីដែលគេចាក់ឲ្យយើងលោតនោះទេ” និងត្រូវប្រកាន់ខ្ជាប់នូវឃ្លាថា”កុំឈ្លោះ កុំឆ្លើយ និងកុំឆ្លង”។
គួរបញ្ជាក់ថានេះមិនមែនជាលើកទីមួយទេ ទាក់ទងរឿងអាស្រូវរបស់លោក កាលពីមុនបោះឆ្នោតឆ្នាំ២០១៣ ក៏មានស្រ្តីម្នាក់ចេញមុខអះអាងថា ជាប្រពន្ធក្រៅច្បាប់របស់លោក កឹម សុខា ផងដែរ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!