ក្រសួងពាណិជ្ជកម្ម ជំរុញឲ្យក្រុមហ៊ុនឥណ្ឌាវិនិយោគវិស័យសំខាន់ៗនៅកម្ពុជា
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជំរុញអោយក្រុមហ៊ុនឥណ្ឌាវិនិយោគលើវិស័យ កែច្នៃម្ហូបអាហារ ឧស្សាហកម្មធុនស្រាល ការបង្គុំគ្រឿងអេឡិចត្រូនិច ភ័ស្តុភារដឹកជញ្ជូន ការអភិវឌ្ឍធនធានមនុស្ស ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ។
យោងតាមទំព័រ Facebook ក្រសួងពាណិជ្ជកម្មបានអោយដឹងថា ក្នុងជំនួបពិភាក្សាការងាររវាងលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយ លោកNaveen Srivastava ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា និងសមាជិកសភាពាណិជ្ជកម្មឥណ្ឌា នៅទីស្តីការក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦ លោក Naveen បានស្នើឲ្យ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាផ្តល់ការប្រឹក្សាយោបល់ និងអនុសាសន៍ទាក់ទងនឹងវិស័យសក្កានុពលនានាសម្រាប់ក្រុមហ៊ុនឥណ្ឌាដាក់ទុកវិនិយោគនៅកម្ពុជា និងបានស្នើឲ្យក្រសួងផ្តល់ការគាំទ្រដើម្បីជំរុញលើកទឹកចិត្តឲ្យមានអ្នក ចូលរួមការតាំងពិព័រណ៌របស់ឥណ្ឌាបន្ថែមទៀត។
លោក ស៊ុន ចាន់ថុល បានសម្តែងនូវការស្វាគមន៍និងការគាំទ្រ ចំពោះការវិនិយោគរបស់ក្រុមហ៊ុនឥណ្ឌានៅកម្ពុជា។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានផ្តល់យោបល់ឲ្យអញ្ជើញសមាជិកនៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគមសហគ្រិនស្ត្រី និងសមាគមធុរកិច្ចផ្សេងទៀត ដើម្បីចូលរួមវេទិកាផ្គូរផ្គងធុរកិច្ច ដែលរៀបចំឡើងដោយស្ថានទូតឥណ្ឌា ដែលបច្ចុប្បន្នកំពុងប្រព្រឹត្តទៅនៅមជ្ឍមណ្ឌលសន្និបាតកោះពេជ្រ ក្នុងទីក្រុងភ្នំពេញ រួមជាមួយនឹងការតាំងពិព័រណ៌វិស្វកម្មឥណ្ឌាផងដែរ៕
VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!