លោក កែម ឡី៖ មនុស្សចាស់ ជាធនធានសង្គម ឯកសារសង្គម និងជាមរតកជាតិ
អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមបានលើកឡើងថា មនុស្សចាស់មិនត្រឹមតែជាធនធានសង្គម ឯកសាររស់ដ៏មានសារៈសំខាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមរតកជាតិ និងជាបុរសនិងស្រ្តីជាតិដែលយើងត្រូវរៀបចំសមាគមតាមភូមិនិងឃុំនីមួយៗ។សំឡេង៖
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោក កែម ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមបានលើកឡើងកាលពីថ្ងៃទី ០៩ មីនាថា មនុស្សចាស់មិនត្រឹមតែជាធនធានសង្គម ឯកសាររស់ដ៏មានសារៈសំខាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមរតកជាតិ និងជាបុរសនិងស្រ្តីជាតិដែលយើងត្រូវរៀបចំសមាគមតាមភូមិនិងឃុំនីមួយៗ។
ដើម្បីជួយមនុស្សចាស់នៅកម្ពុជា ដែលបច្ចុប្បន្នមនុស្សចាស់តាមវត្តអារាមមួយចំនួនបានធ្លាក់ខ្លួនជាទាសករ ឬជាអ្នកសុំអំណោយទានពីអ្នកនយោបាយនិងអ្នកមាន លោកបានផ្តល់អនុសាសន៍មួយចំនួនរួមមាន៖
១. រៀនសូត្របទពិសោធន៍សមាគមមនុស្សចាស់ៗនៅបាត់ដំបង សមាគមមនុស្សចាស់នៅកំពង់ធំ នៅអូស្រ្តាលី និងសមាគមមនុស្សចាស់ដ៏ទៃទៀតនៅកម្ពុជា រួចពង្រីកសមាគមមនុស្សចាស់តាមភូមិ ឃុំនៅទូទាំង១៦៣៣ឃុំ សង្កាត់ឲ្យបានមុនឆ្នាំ២០១៧។
២. បេឡាជាតិសម្រាប់របបសន្តិសុខសង្គមត្រូវពង្រីកទៅសមាជិករបស់សមាគមមនុស្សចាស់ទូទាំងប្រទេស។
៣. វិមជ្ឈការថវិកា ឬមូលនិធិឃុំ-សង្កាត់ ខាងផែ្នកសុខមាលភាពសង្គម ឲ្យដល់សមាគមមនុស្សចាស់ ក្នុងការធ្វើសកម្មភាពសង្គមកិច្ចតាមភូមិ។
៤. រដ្ឋត្រូវរៀបចំទីតាំងថែទាំពេលថ្ងៃសម្រាប់មនុស្សចាស់នៅគ្រប់ទីតាំងទាំងទីក្រុង ទីប្រជុំជននិងជនបទ។ បទពិសោធន៍នៅហុងកុង មនុស្សចាស់ៗដែលស្ថិតក្នុងត្រកូលអ្នកមានបានផ្តល់ការគាំទ្រច្រើនណាស់ដល់មនុស្សចាស់ៗក្រីក្រពេលពួកគាត់មកជួបជុំគ្នានៅមណ្ឌលសម្រាកកាយពេលថ្ងៃ។
៥. រដ្ឋត្រូវរៀបចំគោលការណ៍ឧបត្ថម្ភមនុស្សចាស់ប្រចាំខែសម្រាប់មនុស្សចាស់ក្រីក្រ និងរងគ្រោះសមស្របទៅតាមតម្រូវការជាក់ស្តែងនៃថវិការដ្ឋ ។
៦. រដ្ឋគួរផ្តល់ថវិការដ្ឋប្រចាំខែដល់គ្រប់វត្តអារាមក្នុងប្រទេសកម្ពុជា ដើម្បីទ្រទ្រង់កម្មវិធីថែទាំមនុស្សចាស់តាមវត្តអារាមជាលក្ខណៈប្រព័ន្ធ និងគ្រប់ជ្រុងជ្រោយ។
៧. រដ្ឋត្រូវរៀបចំកម្មវិធីច្បាស់លាស់សម្រាប់មនុស្សចាស់ក្នុងការអប់រំសីលធម៌សង្គមនៅតាមផ្ទះ និងតាមសហគមន៏។ កម្មវិធីថែទាំមនុស្សចាស់តាមផ្ទះដែលស្របតាមសេចក្តីប្រកាសរបស់អាស៊ានត្រូវយកមកដាក់ក្នុងផែនការសកម្មភាពឃុំ-សង្កាត់ជាក់ស្តែង។
៨. រដ្ឋគួរកំណត់ថ្ងៃ១៤កុម្ភៈជាថ្ងៃបុណ្យជាតិសម្រាប់ដឹងគុណមនុស្សចាស់ និងគុណមាតាបិតាជាតិយើង។ កម្មវិធីប្រលងប្រណាំងគ្រួសារគំរូតាមភូមិ មនុស្សចាស់គំរូ និងតាមឃុំ-សង្កាត់ត្រូវរៀបចំឡើងជាប្រចាំឆ្នាំ។
បន្ទាប់ពីមានការពិភាក្សារវាងសម្ព័ន្ធភាពសមាគមមនុស្សចាស់នៅកម្ពុជា និងនៅប្រទេសអូស្រ្តាលីលោកបានអះអាងថា សកម្មភាពសមាគម និងសហព័ន្ធសមាគមមនុស្សចាស់នៅប្រទេសអូស្រ្តាលីជាមេរៀនដ៏ល្អ សម្រាប់ខ្មែរយើងយកជាបទពិសោធន៍ និងជាមេរៀនក្នុងការកែលម្អសមាគមមនុស្សចាស់នៅកម្ពុជា។ លោកបានបញ្ជាក់ថា ការលើកទឹកចិត្តមនុស្សចាស់ ជាការវិនិយោគសម្រាប់អនាគតកុមារ ដែលរដ្ឋត្រូវវិភាជថវិកាក្នុងផ្នែកសង្គមកិច្ចសម្រាប់ផ្តល់ជូនសមាគមមនុស្សចាស់នៅកម្ពុជា៕
ដោយ ចាន់ សុវណ្ណដារី
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!