សម្តេចហ៊ុនសែន ថា បុណ្យទន្លេ លើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជា
រដ្ឋាភិបាលកម្ពុជាសម្រេចឲ្យមានការប្រារព្វពិធីបុណ្យទន្លេជារៀងរាល់ឆ្នាំ ដើម្បីជាការផ្សព្វផ្សាយ ពីសក្តានុ ព លទេចរណ៍នៃខេត្តជាប់ដងទន្លេរបស់កម្ពុជា និងចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុង ការអភិវឌ្ឍន៍តំបន់តាមដងទន្លេប្រកបដោយនិរន្តភាព និងការទទួលខុសត្រូវ។
ក្នុងឱកាសពិធីបុណ្យទន្លេលើកទី២ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ថ្ងៃទី ១១ដល់ថ្ងៃទី ១៣ មីនា ២០១៦ នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតមួយសម្រេចឲ្យមានការប្រារព្វពិធីបុណ្យទន្លេ ដែលជាព្រឹត្តិការណ៍ទេសចរណ៍ថ្មីមួយទៀត សម្រាប់កម្ពុជាជារៀងរាល់ឆ្នាំ ដើម្បីជាការផ្សព្វផ្សាយពីសក្តានុពលទេចរណ៍នៃខេត្តជាប់ដងទន្លេរបស់កម្ពុជា និងចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍តំបន់តាមដងទន្លេប្រកបដោយនិរន្តភាព។
រួមទាំងការទទួលខុសត្រូវ ជាពិសេសការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន ការការពារ និងអភិរក្សធនធានធម្មជាតិ ដោយឈរលើការប្តេជ្ញាចិត្តរួមមួយច្បាស់លាស់ សំដៅរក្សារឲ្យបាននូវតុល្យភាពរវាងផលប្រយោជន៍សេដ្ឋកិច្ច សង្គមបរិស្ថាន និងវប្បធម៌របស់ពលរដ្ឋមូលដ្ឋាន ដូចដែលបានឆ្លុះបញ្ចាំងតាមរយៈប្រធានបទ ទន្លេស្អាត សហគមន៍ល្អ នៃពិធីបុណ្យទន្លេលើកទី២នេះ។
លោកបានលើកឡើងថា ព្រឹត្តិការណ៍បុណ្យទន្លេនេះជាឱកាសមួយ ដើម្បីពង្រឹងគុណភាព សេវាកម្ម ការបង្កើត និងការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីៗ ប្រកបដោយការច្នៃប្រឌិតខ្ពស់ ជាពិសេសទេសចរណ៍តាមនាវា និងសហគមន៍ទេសចរណ៍តាមដងទន្លេ ព្រមទាំងរួមចំណែកជំរុញការតភ្ជាប់រឹតចំណងមិត្តភាព សាមគ្គីភាពរវាងបណ្តាប្រទេសក្នុងតំបន់អាស៊ាន ជាពិសេសពង្រឹងភាពជាដៃគូក្នុងក្របខណ្ឌមហាអនុតំបន់មេគង្គ។
លោកនាយករដ្ឋមន្ត្រី លើកឡើងថា ភាពសម្បូរបែបនៃសក្តានុពលទេសចរណ៍តាមដងទន្លេ បាននឹងកំពុងរួមចំណែកធ្វើឲ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយឧត្តមភាព និងភាពទាក់ទាញខ្ពស់ ព្រមទាំងរួមចំណែកសម្រេចចក្ខុវិស័យអាស៊ាន ជាគោលការណ៍លំដាប់ថ្នាក់ពិភពលោក និងប្រកបដោយភាពកក់ក្តៅ ស្របពេលដែលទេសចរណ៍តាមដងទន្លេ ជាពិសេសទេសចរណ៍មេគង្គ បានក្លាយជាផលិតផលទេសចរណ៍សំខាន់មួយសម្រាប់កម្ពុជា ក៏ដូចជាតំបន់អាស៊ាន។
រដ្ឋាភិបាលបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព ដើរតួនាទីជា មាសបៃតង រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការបង្កើត និងបង្កើនឱកាសការងារ បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋដោយផ្ទាល់ និងប្រយោល ជំរុញការនាំចេញនៅនឹងកន្លែង ទ្រទ្រង់កំណើនសេដ្ឋកិច្ច បង្កើនចំណូលជាតិ ចូលរួមដល់ការកាត់បន្ថយភាពក្រីក្រ ជាពិសេសចូលរួមដល់ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ដែលជាបញ្ហាប្រឈមជាសកល៕
ដោយ ចាន់ សុវណ្ណដារី
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!