កញ្ញា ខុម ច័ន្ទតារាទី ហៅ ស្រីមុំ នៅតែបដិសេធថាគ្មានទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា
កញ្ញា ខុម ច័ន្ទតារាទី ហៅ ស្រីមុំ ដែលរងការចោទប្រកាន់ថាជាស្រីកំណាន់របស់លោក កឹម សុខា នៅតែប ដិ សេធថាគ្មានទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខានោះឡើយ។ ការអះអាងនេះ ធ្វើឡើងចំពោះ មុខ មន្រ្តីនៃនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃក្រសួងមហាផ្ទៃ នៅថ្ងៃសុក្រ ទី ១១ មីនានេះ ។Sound៖
ការសាកសួររវាងមន្រ្តីនៃនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃក្រសួងមហាផ្ទៃ ទៅកាន់កញ្ញា ខុម ច័ន្ទដារ៉ាទី ហៅស្រីមុំ ក្នុងរយៈពេលជាង ៥ ម៉ោង តាំងពីម៉ោង៨៖៥០នាទី ព្រឹក រហូតដល់ម៉ោង ១ រសៀលថ្ងៃនេះ ត្រូវបានបញ្ចប់ ដោយក្នុងនោះ មេធាវីការពារក្តីកញ្ញា ខុម ចាន់ដារ៉ាទី បានលើកឡើងថា កូនក្តីរបស់ខ្លួន នៅតែបដិសេធចំពោះខ្សែរអាត់សំឡេងទាំងអស់ និងស្នើឲ្យក្រសួងមហាផ្ទៃជួយការពារសុវត្ថិភាព រួមទាំងស្វែងរកជនល្មើស ដែលបានលួចយកគណី Facebook របស់កញ្ញា យកទៅប្រើប្រាស់។
លោកស្រី ទ្រី ឈួន មេធាវីការពារក្តី កញ្ញាខុម ច័ន្ទដារ៉ាទី បានឲ្យដឹងបន្ថែមថា ក្នុងរយៈពេលមួយព្រឹកធំនេះ មន្រ្តីនៃនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃក្រសួងមហាផ្ទៃ បានសាកសួរកញ្ញា ស្រី មុំ ដោយផ្តោតលើប្រធានបទ៣ គឺប្រវត្តិគ្រួសារ ប្រវត្តិការងារ និងទំនាក់ទំនងស្នេហារវាងកញ្ញាជាមួយលោក កឹម សុខា។ លោកស្រីថា កូនក្តីរបស់លោកស្រី មិនទាន់សម្រេចថា នឹងត្រូវដាក់ពាក្យបណ្តឹងណាមួយនៅឡើយទេដោយ បន្តទៅនីតិវិធី របស់តុលាការសិន។ តែលោកស្រី បារម្ភចំពោះកូនក្តីរបស់ខ្លួន ព្រោះក្រោយពីការចេញបំភ្លឺរបស់នាង ទាំងគ្រួសារ និងខ្លួននាងផ្ទាល់ ត្រូវបានជនមិនស្គាល់មុខ តាមសួរនាំ ពីប្រវត្តិ ដែលបង្កការភ័យខ្លាច និងការរំខានដល់ក្រុមគ្រួសារ និងរូបនាង។
បន្ទាប់ពីការសាកសួរលោក អ៊ី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការសាកសួរនៅព្រឹកនេះ តាមបញ្ជាររបស់អគ្គព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ តាមបណ្តឹងរបស់ដើមបណ្តឹងឈ្មោះ ធី សុវណ្ណថា។ លោកបន្តថា រឿងអ្វីផ្សេង លោកពុំអាចនិយាយអ្វីបាននោះទេ ព្រោះសំណុំរឿងកំពុងស្ថិតក្នុងនីតិវិធីស៊ើបអង្គេត តែលោកថាកញ្ញា ខុម ច័ន្ទតារាទី អាចនឹងត្រូវកោះហៅសាជាថ្មី ដើម្បីបំភ្លឺបន្ថែមទៀត ក្នុងពេលខាងមុខ បើករណីនៅមានភាពខ្វះចន្លោះ។ ហើយក្នុងនោះ បើករណីចាំបាច់ លោក កឹម សុខា ក៏អាចនឹងត្រូវកោះហៅឲ្យចូលមកបំភ្លឺផងដែរ
សូមជំរាប់ថា ការចូលបំភ្លឺរបស់កញ្ញាខុម ច័ន្ទតារាទី នៅថ្ងៃនេះ ក្រោមពាក្យបណ្តឹងរបស់កញ្ញា ធី សុវណ្ណថា ដែលបានដាក់ពាក្យបណ្តឹងពីបទបរិហាកេរ្ត៍មកលើរូបនាង តាមរយៈខ្សែអាត់សំឡេង ដែលគេបង្ហោះតៗគ្នា តាមបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយ កាលពីចុងខែ កុម្ភៈ ដល់ដើមខែមីនា ដោយអះអាងថា គឺជាសំឡេងកញ្ញា ខុម ច័ន្ទតារាទី ជាមួយលោក កឹម សុខា ដែលសង្ស័យថា មានទំនាក់ទំនងស្នេហាលួចលាក់ជាមួយគ្នា៕
ដោយ ឡុង គឹមម៉ារីតា Email: longkimmarita@gmail.com
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!