លោកនាយករដ្ឋមន្ត្រី ចាកចេញពីកម្ពុជានៅថ្ងៃនេះ ទៅទស្សនកិច្ច នៅប្រទេសឡាវ ២ថ្ងៃ
ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចាកចេញពីកម្ពុជា ដើម្បីធ្វើទស្សនកិច្ច រយៈពេល២ថ្ងៃ នៅប្រទេសឡាវ ចាប់ពីថ្ងៃទី ១២ដល់ ១៣ មីនា តាមការអញ្ជើញរបស់ លោក ថងស៊ីង ថាំម៉ាវង្ស នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
បើតាមការប្រកាសរបស់ក្រសួងការបរទេស គណៈប្រតិភូអមដំណើរប្រមុខរដ្ឋាភិបាលកម្ពុជា រួមមាន លោក សាយ ឈុំ ប្រធានព្រឹទ្ធសភាលោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសលោក សុខ អាន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីលោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងសមាជិករាជរដ្ឋាភិបាលមួយចំនួនទៀត។
ក្នុងឱកាសបំពេញទស្សនកិច្ចនេះលោក ហ៊ុន សែន នឹងជួបពិភាក្សាទ្វេភាគីជាមួយលោក ថងស៊ីង ថាំម៉ាវង្ស នាយករដ្ឋមន្រ្តីឡាវ។
បើតាមការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន នៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃនេះការពិភាក្សានាពេលល្ងាចថ្ងៃទី១២ នេះ នឹង ផ្តោតសំខាន់លើការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ និងក៏អាចពិភាក្សាផងដែរលើបញ្ហាតំបន់ និងអន្តរជាតិ ដែលភាគីទាំងពីរយកចិត្តទុកដាក់៕
ដោយ VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!