4 នាក់ស្លាប់ 24 នាក់រងរបួសក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតមួយនៅឯក្រសួងយុត្ដិធម៌អាហ្គានីស្ថាន
Kabul May 20: អ្នកនាំពាក្យក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានបាននិយាយថាជនស៊ីវិលអាហ្វហ្គានីស្ថានបួននាក់ត្រូវបានស្លាប់និង 24 នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតមួយនៅរសៀលថ្ងៃអង្គារនៅខាងក្រៅក្រសួងយុត្តិធម៌របស់អាហ្វហ្គានីស្ថាន។
បើយោងតាមអ្នកនាំពាក្យរបស់រដ្ឋាភិបាល លោក Sediq Sediqqi បានថ្លែងថា រថយន្តផ្ទុកគ្រឿងផ្ទុះជាច្រើនត្រូវបានគេ បំផ្ទុះកន្លែងចតរថយន្តមុខក្រសួងយុត្តិធម៌នៅម៉ោងប្រហែលជា 4 រសៀល ម៉ោងនៅក្នុងស្រុក កាលពីថ្ងៃអង្គារ។
ពួកតាលីបង់បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។ អ្នកនាំពាក្យម្នាក់របស់ក្រុមសកម្មប្រយុទ្ធ គឺលោក Zabiullah Mujahid បាននិយាយថាខ្លួនបានសម្លាប់និងធ្វើឲ្យរបួសមន្ត្រីក្រសួងយុត្តិធម៌ទាំងមន្រ្តីថ្នាក់ខ្ពស់និងថ្នាក់ទាប ។
គេសង្កេតឃើញថា ពួកតាលីបានធ្វើសកម្មភាពយ៉ាងទាន់ហន់ស្ទើរតែមិនគួរឲ្យជឿ ហើយបានបង្ករការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ការវាយលុកយោធាដែលដឹកនាំដោយអាមេរិកបាធ្វើឡើង នៅក្នុងប្រទេសអាហ្វហ្គានីស្ថានបន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី 11 ខែកញ្ញាឆ្នាំ 2001 ។ ប៉ុន្តែចាប់តាំងពីពេលនោះមកពួកតាលីបង់បានបន្ត អំពើហិង្សាស្រដៀងៗគ្នា ដែលរួមមានទាំងការវាយប្រហារពីរលើក មកលើការិយាល័យរបស់អគ្គរដ្ឋអាជ្ញាអាហ្វហ្គានីស្ថានចុងក្រោយនេះដែរ។
កាលពីថ្ងៃអាទិត្យលោកMujahid បាននិយាយថាក្រុមរបស់លោកនៅពីក្រោយការបំផ្ទុះគ្រាប់បែករថយន្តអត្ដឃាតមួយនៅជិតព្រលានយន្តហោះអន្តរជាតិ Hamid Karzai ដែលបានសម្លាប់មនុស្សបួននាក់ ហើយមានម្នាក់ក្នុងចំណោមអ្នកស្លាប់គឺជាពលរដ្ឋអង់គ្លេស។
បើយោងតាមអ្នកនាំពាក្យរបស់ប៉ូលីសក្រុងកាប៊ុលលោក Ebadullah Karimi បានថ្លែងថា នៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកនេះ រថយន្ដអត្តឃាតបានកំណត់គោលដៅមកលើសហភាពអឺរ៉ុប។ យ៉ាងហោចណាស់មនុស្ស 18 នាក់បានរងរបួសរួមទាំងសមាជិកបីរូបផ្សេងទៀតរបស់ប៉ូលីសដែលជាបេសកកម្មរបស់សហភាពអឺរ៉ុប។មិនតែប៉ុណ្ណោះកាលពីសប្តាហ៍មុនពួកតាលីបង់បានអះអាងទទួលខុសត្រូវចំពោះការរំលោភប្រដាប់អាវុធមកលើសណ្ឋាគារ Park Palace Guest Houseនៅក្រុងការប៊ុល ដែលបានសម្លាប់មនុស្ស 14 នាក់រួមទាំងជនជាតិអាមេរិកផងដែរ។
ចំណែកក្រុមភេរវករ ISISវិញ បានថ្លែងថាខ្លួនបានអនុវត្តការបំផ្ទុះគ្រាប់បែកអត្តឃាតមួយ កាលពីខែមុននៅមុខធនាគារមួយនៅទីក្រុងភាគខាងកើត ប្រទេសអាហ្វហ្គានីស្ថាន ។កាលនោះអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលសាធារណៈ លោក Najibullah Kamawal បាននិយាយថា ការវាយប្រហារនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ 33 នាក់និងជាង 100 នាក់ផ្សេងទៀតបានរងរបួស ៕ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!