លោក គង់ សុវណ្ណ ស្នើឲ្យសមត្ថកិច្ចពន្យល់បកស្រាយលើករណីរថយន្តធុនធំនៅតែបន្តបើកចូលក្រុង
សង្គមស៊ីវិលសង្ស័យមានករណីពិសេសដែលរថយន្តធុនធំនៅតែអាចបន្តបើកបរចូលក្រុង ស្របពេលដែលមានរថយន្តធុនធំៗជាច្រើនបើកចូលក្រុងទាំងកណ្តាលថ្ងៃ។ សំឡេង៖
លោក គង់ សុវណ្ណ តំណាងអង្គការសម្ព័ន្ធអន្តរជាតិទប់ស្កាត់ផលប៉ះពាល់គ្រឿងស្រវឹងIARD សង្ស័យថាមានករណីពិសេសដែលរថយន្តធុនធំនៅតែអាចបន្តបើកបរចូលក្រុង។ ទាក់ទិននឹងបញ្ហានេះ លោកបានស្នើរឲ្យសមត្ថកិច្ចពន្យល់បកស្រាយលើករណីដែលរថយន្តធុនធំនៅតែបន្តបើកចូលក្រុង និងយន្តការដោះស្រាយជួយឲ្យលំហូរចរាចរណ៍កាត់បន្ថយការកកស្ទះ។ ចំពោះបញ្ហានេះ លោកបានឡើងពីក្រុមហ៊ុនអាជីវកម្មកិនថ្មមួយចំនួន ដែលបានចតយានយន្តធន់ធ្ងន់របស់ខ្លួនជាងពាក់កណ្តាលផ្លូវ ដែលបណ្តាលឲ្យមានការកកស្ទះចររាណ៍ ដូចជាក្រុមហ៊ុនកិនថ្មនៅជិតផ្សារឡាក់គី ស្ទឹងមានជ័យជាដើម ។
លោកបញ្ជាក់ថា បញ្ហាឡានធំៗបើកបរចូលក្រុងពេលថ្ងៃ ធ្វើឲ្យមានការកកស្ទះចរាចរណ៍ និងគ្មានសុវត្ថិភាពចរាចរណ៍ ជាពិសេសធ្វើឲ្យមានគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឲ្យប្រជាពលរដ្ឋដែលបើកបរម៉ូតូមានស្ថានរបួសទំងន់ធ្ងន់ និងអាចឈានទៅដល់បាត់បង់អាយុជីវិត។
ជាការឆ្លើយតប លោក ឡុង ឌីម៉ង អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានអះអាងថា សាលារាជធានីភ្នំពេញនៅមានបញ្ហាខ្វះចន្លោះមួយចំនួន ប៉ុន្តែសាលារាជធានីភ្នំពេញ កំពុងត្រៀមរៀបចំផែនការរឹតបន្តឹង និងអនុវត្តន៍លើសេចក្តីសម្រេច ដែលសាលារាជធានីបានផ្សព្វផ្សាយ និងផាកពិន័យទៅលើរថយន្តណាដែលល្មើសនឹងវិន័យ។
សូមជម្រាបថា កាលពីថ្ងៃទី១៣ខែមីនាឆ្នាំ២០១៦នេះ ស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយមន្ទីរ សាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញនិងអាជ្ញាធរខណ្ឌ ចុះត្រួតពិនិត្យ និងហាមឃាត់រថយន្តធុនធ្ងន់ចូលរាជធានីភ្នំពេញ នៅខណ្ឌពោធិ៍សែនជ័យ ឫស្សីកែវ សែនសុខ សរុបបានចំនួន ១៤០គ្រឿងហើយ នឹងបន្តត្រួតពិនិត្យនៅខណ្ឌមួយចំនួនទៀតក្នុងរាជធានីភ្នំពេញ ទៅតាមដំណាក់កាល៕
ដោយ កញ្ញា ចាន់ សុវណ្ណដារី
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!