លោក យ៉ែម បុញ្ញឬទ្ធិផ្តល់អនុសាសន៍ លើកំណែទម្រង់ជាវិជ្ជមាន ការងារសម្រាប់យុវជន
លោក យ៉ែម ប៉ុញ្ញឬទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ អះអាងថា ដើម្បីធ្វើ កំណែទម្រង់ជាវិជ្ជមាន ការងារសម្រាប់យុវជន ត្រូវចាប់ផ្ដើមការធ្វើ កំណែទម្រង់ជាវិជ្ជមាន លើរដ្ឋបាលសាធារណៈគ្រប់ក្រសួង មន្ទីរ ស្ថាប័នរដ្ឋ ដោយត្រូវចាប់ផ្ដើមកែប្រែពីក្រសួងគ្រួសារ មកជាក្រសួងជាតិវិញ។
លោក យ៉ែម ប៉ុញ្ញឬទ្ធិ បានអោយដឹងនៅលើទំព័រ Facebook ផ្ទាល់ខ្លួនរបស់លោក នៅថ្ងៃអាទិត្យទី ១៣ ខែមីនាឆ្នាំ ២០១៦ថា ដើម្បីធ្វើ កំណែទម្រង់ជាវិជ្ជមាន ការងារសម្រាប់យុវជន ត្រូវចាប់ផ្តើមម្ដងមួយជំហានៗ ក្នុងនោះរួមមាន
- លុបបំបាត់មន្ត្រីខ្មោច ដែលមានតែឈ្មោះ ដែលអាចប្រមូលថវិកាបានមួយចំនួន និងមានកន្លែងការងារខ្លះ។
- ត្រូវចូលនិវត្តន៍ចំពោះមន្ត្រីគ្រប់អាយុចូលនិវត្តន៍ អាចប្រមូលថវិកាបានមួយចំនួន និងមានកន្លែងការងារខ្លះ។
- ផ្ដល់កញ្ចប់ថវិកាជូនដល់មន្ត្រីស្ម័គ្រចិត្តសុំចូលនិវត្តន៍មុនអាយុ
- ត្រូវរឹតបន្តឹងវិន័យការងារ វត្តមាន ម៉ោងពេល ពិតប្រាកដ
- ជ្រើសរើសស្ត្រី និស្សិត យុវជន ចូលបម្រើការងារជាមន្ត្រីរាជការសាធារណៈ ដោយប្រកាសជ្រើសរើស ប្រឡងប្រជែងដោយតម្លាភាព ជាសាធារណៈ។
- វិមជ្ឈការអំណាចពិតប្រាកដ ក្នុងការទទួលខុសត្រូវខ្ពស់ អព្យាក្រឹតភាពពិតប្រាកដ
- ផ្ដល់មធ្យោបាយគ្រប់គ្រាន់ ដើម្បីបំពេញការងារឲ្យបានពេញលេញ ប្រកបដោយប្រសិទ្ធភាពខ្ពស់
លោកបញ្ជាក់ថា ថវិកាដែលបានពីលុបបំបាត់មន្ត្រីខ្មោច និងមន្ត្រីគ្រប់អាយុចូលនិវត្តន៍ អាចដោះស្រាយបានមួយផ្នែកធំ ដោយទុកកន្លែងការងារ ដល់យុវជន និងតម្លើងប្រាក់ខែដល់មន្ត្រីរាជការ៕
ដោយ VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!