បទបរិយាយព្រឹត្តិការណ៍អន្តរជាតិ៖ សមុទ្រចិនខាងត្បូងក្តៅគគុក ចិនតបតថាគ្មានគំនិតដណ្តើមទីសហរដ្ឋអាមេរិកទេ រីឯសហរដ្ឋអាមេរិកវិញបញ្ជូនយន្តហោះ "B-1" ទៅប្រចាំការនៅដែនដីអូស្ត្រាលី
លោករដ្ឋមន្រ្តីក្រសួងការបរទេសចិននៅបានស្តីបន្ទោសថា ជាការពិតនោះមានមនុស្សមិនប៉ុន្មាននាក់ប៉ុណ្ណោះនៅសហរដ្ឋអាមេរិក ដែលធ្វើខ្លួនជាឧបសគ្គចំពោះការពង្រឹងទំនាក់ទំនងល្អរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំង ដោយអះអាងថា ក្រុមទាំងនេះ នៅតែជា "ឬសគល់នៃជម្លោះ " ដែលចាំបង្កការសង្ស័យនិងការមិនទុកចិត្តគ្នា រហូតដល់ការបណ្ដុះ "ទស្សនៈដែលខុសពីការពិត " ។ សំឡេង៖
បញ្ហាជម្លោះអន្តរជាតិ និងជម្លោះពាក់ព័ន្ធដែនដី និងប្រជុំកោះ ក្នុងសមុទ្រចិនខាងត្បូង (South China Sea) ដែលជាប្រធានបទក្តៅ រង្គោះរង្គើទំនាក់ទំនងរវាងសាធារណរដ្ឋប្រជាមានិតចិន ជាមួយបណ្តាប្រទេសសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) រួមទាំងសហរដ្ឋអាមេរិកជាយូរអង្វែងនោះ បានក្លាយជាព័ត៌មានក្តៅជាថ្មីទៀតកាលពីសប្តាហ៍កន្លងទៅនេះ។
បណ្តាលឡើងមកពីការតាំងតុធ្វើសន្និសីទកាសែតបែបក្រហល់ក្រហាយរបស់លោក វ៉ាង យីរដ្ឋមន្ត្រីក្រសួងការបរទេសនៃរដ្ឋាភិបាលកុម្មុយនិស្តក្រុងប៉េកាំង ដែលចាត់ទុកជាការធ្វើសន្និសីទដ៏សំខាន់កើតឡើងកាលពីថ្ងៃអង្គារទី៨ ខែមីនា កន្លងទៅ ដែលជាចេតនាទទូចថា ប្រទេសចិនគ្មានគំនិតពង្រីកអំណាចនិងឥទ្ធិពលរបស់ខ្លួន ឈានចូលទៅជំនួសកន្លែងសហរដ្ឋអាមេរិកឡើយ រួមទាំងមិនដែលមានបំណងប្រាថ្នានាំយកប្រទេសរបស់ខ្លួន ឲ្យក្លាយដូចសហរដ្ឋអាមេរិកមួយទៀតនោះទេ។
មិនតែប៉ុណ្ណោះ រដ្ឋមន្រ្តីក្រសួងការបរទេសចិនរូបនេះ នៅបានបញ្ជាក់ថា ដែនទឹកក្នុងសមុទ្រចិនខាងត្បូងគ្មានអ្វីផ្លាស់ប្តូរក្នុងឋានៈជា "ដែនទឹកអន្ដរជាតិ " ដែលគ្រប់ប្រទេសនៅលើពិភពលោក អាចទាញយកផលប្រយោជន៍ និងធ្វើនាវាចរណ៍ដោយសេរីនិងសុវត្ថិភាពបំផុត ប៉ុន្តែរដ្ឋាភិបាលចិនក៏សុំការពារសិទ្ធិស្របច្បាប់របស់ខ្លួន ក្នុងការចូលទៅគ្រប់គ្រងប្រជុំកោះតូចធំក្នុងដែនទឹកនេះ គឺដោយសារតែប្រទេសចិនបានរកឃើញដែនដីទាំងនេះ មុនប្រទេសណាៗទាំងអស់លើពិភពលោក។
លោករដ្ឋមន្រ្តីក្រសួងការបរទេសចិននៅបានស្តីបន្ទោសថា ជាការពិតនោះមានមនុស្សមិនប៉ុន្មាននាក់ប៉ុណ្ណោះនៅសហរដ្ឋអាមេរិក ដែលធ្វើខ្លួនជាឧបសគ្គចំពោះការពង្រឹងទំនាក់ទំនងល្អរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំង ដោយអះអាងថា ក្រុមទាំងនេះ នៅតែជា "ឬសគល់នៃជម្លោះ " ដែលចាំបង្កការសង្ស័យនិងការមិនទុកចិត្តគ្នា រហូតដល់ការបណ្ដុះ "ទស្សនៈដែលខុសពីការពិត " ក្នុងចំណោមអ្នកមានអំណាចរបស់សហរដ្ឋអាមេរិកថា "ថ្ងៃណាមួយប្រទេសចិននឹងឡើងមកជំនួសកន្លែងសហរដ្ឋអាមេរិក" ដែលមិនមែនជាការពិតសូម្បីតែបន្តិចឡើយនោះ។
"យើងខ្ញុំសូមបញ្ចាក់ម្តងទៀតថា ចិនមិនមែនជាសហរដ្ឋអាមេរិកទេ ហើយវាមិនអាចទៅរួចទេ ដែលប្រទេសចិននឹងក្លាយទៅជាប្រទេសមួយដូចសហរដ្ឋអាមេរិកនោះ យើងពុំដែលមានចេតនានឹងចូលទៅជំនួសកន្លែងអ្នកណា ឬក៏ណែនាំនរណាម្នាក់នោះឡើយ យើងខ្ញុំស្នើឲ្យមិត្តសហរដ្ឋអាមេរិក សិក្សាស្វែងយល់ពីប្រពៃណី វប្បធម៌ ប្រវត្តិសាស្រ្ត ដែលមានមកជាង 5000 ឆ្នាំរបស់ចិន ហើយជាការមិនសមគួរទាល់តែសោះ ដែលយកគំនិតបែបអាមេរិកាំងមកឆ្នៃប្រើដូចមនុស្សពិការភ្នែក ក្នុងការវិនិច្ឆ័យចិនបែបខុសៗ ដូចដែលមានកន្លងមក" លោក វ៉ាងយី បានថ្លែងដូច្នេះ។
ជាច្រើនខែកន្លងមកនេះ សហរដ្ឋអាមេរិកនិងបណ្តាប្រទេសសម្ព័ន្ធមិត្តក្នុងតំបន់អាស៊ី បាននាំគ្នាធ្វើការរិះគន់ប្រទេសចិន ដែលបានចាក់ដីលុបសមុទ្របង្កើត "កោះសិប្បនិម្មិត" ឡើងក្នុងដែនទឹកសមុទ្រចិនខាងត្បូង ដែលជាផ្លូវធ្វើនាវាចរណ៍មួយយ៉ាងសំខាន់បំផុតរបស់ពិភពលោក។
ខណៈដែលសហរដ្ឋអាមេរិកបានបញ្ជូនយន្តហោះចម្បាំងនិងនាវាពិឃាតចូលទៅក្បែរៗ កោះសិប្បនិម្មិតរបស់ចិនជាច្រើនលើកច្រើនសា រួមទាំងរលកព័ត៌មានដែលសាយភាយតាមប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាមេរិកដែលបញ្ជាក់ថា ចិនបានបញ្ជូនប្រព័ន្ធមីស៊ីលទំនើប យន្តហោះប្រដេញ និងប្រព័ន្ធរ៉ាដាទៅដាក់នៅលើកោះសិប្បនិម្មិត កាន់តែជាកត្តាហុចផលអវិជ្ជមានចំពោះភាពតានតឹងក្នុងសមុទ្រចិនខាងត្បូង ដោយមិនអាចជៀសវាងរួច។
កាលពីសប្តាហ៍មុន លោក អេតាន់ ខាទើរ៍ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ឬ "ចៅហ្វាយធំនៃមន្ទីរបញ្ចកោណ " បានថ្លែងព្រមានចិនឲ្យប្រុងប្រយ័ត្នពីលទ្ធផលដែលនឹងកើតឡើង ពីការអនុវត្តនយោបាយឈ្លានពានក្នុងដែនទឹកសមុទ្រចិនខាងត្បូង ព្រមទាំងបានអួតអាងថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានត្រៀមខ្លួនជាស្រេចហើយ ចំពោះការពង្រីកតួនាទីយោធារបស់ខ្លួននៅក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិក ដោយបានរៀបចំថវិកាប្រមាណ ៤២៥ លានដុល្លាសហរដ្ឋអាមេរិកសម្រាប់ចំណាយរហូតដល់ឆ្នាំ 2020 ដើម្បីគាំទ្រដល់បេសកកម្មរៀបចំធ្វើសមយុទ្ធរួមជាមួយប្រទេសសម្ព័ន្ធមិត្តក្នុងតំបន់នេះ ដែលពួកគេមិនសប្បាយចិត្តទៅនឹងការព្យាយាមពង្រីកឥទ្ធិពលនិងតួនាទីបែប គ្មានមនសិការរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង។
ក្នុងជ្រុងម្ខាងទៀត មានការចេញមកអះអាងថា សហរដ្ឋអាមេរិកស្ថិតក្នុងអំឡុងការចរចាដើម្បីបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកហោះហើរផ្លូវឆ្ងាយ B-1 ចូលទៅប្រចាំការនៅប្រទេសអូស្រ្តាលី ចំពេលមានក្តីបារម្ភអំពីការពង្រីកឥទ្ធិពលខាងយោធារបស់ទីក្រុងប៉េកាំងនៅក្នុងសមុទ្រចិនខាងត្បូង។
ដោយអ្នកដែលបានចេញមកអះអាងដំណឹងនេះ គឺលោកស្រីឧត្តមសេនីយ៍ឯក ឡូរី រ៉ូប៊ីនសាន់ មេបញ្ជាការកងកម្លាំងច្បាំងតាមផ្លូវអាកាសប្រចាំតំបន់ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក (US Pacific Air Forces) បញ្ជាក់ថា ពេលនេះខាងកងទ័ពកំពុងបើកកិច្ចពិភាក្សាជាមួយរដ្ឋាភិបាលអូស្រ្តាលី ដើម្បីបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-1 យន្តហោះសម្រាប់បេសកកម្មចាក់ប្រេងលើអាកាស ឲ្យចូលទៅប្រចាំការក្នុងមូលដ្ឋានបណ្តោះអាសន្នជំហានដំបូង នៅតំបន់ភាគខាងជើងប្រទេសអូស្រ្តាលីដែលនៅជាប់តំបន់អាស៊ីអាគ្នេយ៍ និងជាមូលដ្ឋានសំរាប់សំរាកទ័ពរបស់យោធាសហរដ្ឋអាមេរិក។
កាលពីមុននេះ ត្រូវបានដឹងច្បាស់ហើយថា រដ្ឋាភិបាលសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានប្រកាស "កែតម្រូវទ្រង់ទ្រាយធំ" នូវយុទ្ធសាស្ត្រអនុវត្តនយោបាយការបរទេស ដើម្បី «ច្បាមចាប់» ទ្វីបអាស៊ី ដែលត្រូវបានគេស្គាល់ថា គោលនយោបាយនេះ មានវត្ថុបំណងចម្បង ត្រង់ការរារាំងឥទ្ធិពលរបស់ទីក្រុងប៉េកាំងក្នុងតំបន់នេះ ដែលកំពុងកើនខ្ពស់ឡើងយ៉ាងឆាប់រហ័ស ទាំងខាងនយោបាយ យោធា និងសេដ្ឋកិច្ច។
កាលពីថ្ងៃអង្គារទី ១៦ ខែកុម្ភៈ កន្លងមកនេះ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា មេដឹកនាំសហរដ្ឋអាមេរិក ដែលជិតអស់អាណត្តិក្នុងពេលមិនដល់មួយឆ្នាំរាប់ចាប់ពីឥឡូវនេះ បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយ នៅចុងបញ្ចប់នៃកិច្ចប្រជុំរួមគ្នាជាប្រវត្តិសាស្រ្ត ជាមួយមេដឹកនាំនៃប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដោយលោក អូបាម៉ា បានថ្លែងថាខ្លួនលោកផ្ទាល់និងមេដឹកនាំអាស៊ាន បានពិភាក្សាគ្នានិងយល់ឃើញស្របគ្នាទៅនឹងភាពចាំបាច់យ៉ាងខ្លាំង ដែលគ្រប់ភាគីពាក់ព័ន្ធត្រូវជួយកាត់បន្ថយការប៉ះទង្គិច និងភាពតានតឹងគ្រប់រូបភាពក្នុងដែនទឹកសមុទ្រចិនខាងត្បូង ហើយថា នៅក្នុងកិច្ចប្រជុំកំពូលមេដឹកនាំសហរដ្ឋអាមេរិក - អាស៊ានបានយល់ស្របគ្នាថា គួរដោះស្រាយជម្លោះនេះ ជាមួយសាធារណរដ្ឋប្រជាមានិតចិនដែលជា ប្រទេសគូករណីដោយសន្តិវិធី តាមរយៈមធ្យោបាយការទូតនិងតាមគោលការណ៍ច្បាប់ ដែលជាការព្រមទទួលយករួមគ្នាលើវេទិកាអន្តរជាតិ។
យ៉ាងណាក៏ដោយ ជាការគួរឱ្យកត់សម្គាល់ថា សេចក្តីថ្លែងការណ៍រួមដែលចាត់ទុកជាលទ្ធផលបានពីកិច្ចប្រជុំកំពូលរវាងលោកប្រធានាធិបតី អូបាម៉ា ជាមួយមេដឹកនាំនៃក្រុមប្រទេសអាស៊ានទាំង ១០ នៅរមណីយដ្ឋានសាន់នីឡែន ទីក្រុង រ៉ាន់ចូមីរ៉ាច រដ្ឋកាលីហ្វ័រនីញ៉ា រយៈពេល២ថ្ងៃ រវាងពីថ្ងៃទី ១៥-១៦ ខែកុម្ភៈ កន្លងមកនេះ បែរជាគ្មានការថ្លែងប៉ះទង្គិចចំៗទៅនឹងការដែលរដ្ឋាភិបាលទីក្រុងប៉េកាំង ប្រើប្រាស់នយោបាយរឹងរូសទាមទារកម្មសិទ្ធិលើដែនដីមានជម្លោះទាំងអស់ក្នុងសមុទ្រចិនខាងត្បូង។
"ពួកយើងបានពិភាក្សាគ្នាពីតម្រូវការចាំបាច់ ដែលត្រូវមានវិធានការសម្រាប់បន្ធូរបន្ថយភាពតានតឹងក្នុងដែនទឹកសមុទ្រចិនខាងត្បូងបានយ៉ាងជាក់ស្តែង រហូតដល់ត្រូវមានវិធានការដែលចាំបាច់សម្រាប់ទប់ស្កាត់ការបម្លែងស្ថានភាពដីសម្រាប់ការសាងសង់ និងការបញ្ជូនកម្លាំងយោធាក្នុង វិធីសាស្ត្រទាំងឡាយចូលទៅគ្រប់គ្រងតំបន់មានជម្លោះដែនសមុទ្រមួយនេះ ហើយពេលណាក៏ដោយ ដែលអាស៊ានប្រកាសជំហរច្បាស់លាស់រួមគ្នាបាន ពេលនោះសន្ដិសុខ ឱកាសនៃសន្តិភាព រហូតដល់កិត្តិយសសេចក្តីថ្លៃថ្នូរនៃភាពជាមនុស្សស្មើៗគ្នា ក៏នឹងត្រូវបានលើកកំពស់តាមមកជាមិនខាន " លោក អូបាម៉ា បានថ្លែងដូច្នេះ ។
កន្លងមករដ្ឋាភិបាលចិន បានប្រកាសអះអាងជាម្ចាស់កម្មសិទ្ធិលើដែនទឹក និងប្រជុំកោះ ស្ទើរតែទាំងអស់ ឬច្រើនជាង ៩០ ភាគរយ នៅក្នុងសមុទ្រចិនខាងត្បូង ដែលក្រៅពីជាប្រភពនៃធនធានខាងសមុទ្រ និងជាប្រភពថាមពលដ៏មហិមាហើយនោះ ដែនទឹកសមុទ្រចិនខាងត្បូងត្រូវបានចាត់ទុកជាផ្នែកមួយនៃផ្លូវដឹកជញ្ជូនអន្ដរជាតិដ៏សំខាន់បំផុតមួយលើពិភពលោក ពីការដែលមានទំនិញត្រូវដឹកជញ្ជូនតាមនាវា ឆ្លងកាត់ដែនទឹកនៃតំបន់នេះមានតម្លៃខ្ពស់រហូតដល់ទៅ ៥ ពាន់កោដិដុល្លាសហរដ្ឋអាមេរិកក្នុង១ឆ្នាំៗ ។
ប៉ុន្តែពុំមែនមានតែប្រទេសចិនមួយប៉ុណ្ណោះទេ ដែលអះអាងសិទ្ធិលើអធិបតេយ្យភាពដែនដី ដែនទឹកក្នុងសមុទ្រចិនខាងត្បូង ព្រោះតំបន់មានជម្លោះដែនសមុទ្រមួយនេះ ក៏ត្រូវបានអះអាងនិងទាមទារកម្មសិទ្ធិត្រួតជាន់គ្នាពីរដ្ឋាភិបាលនៃបណ្តាប្រទេសជាច្រើន រួមមានតៃវ៉ាន់, វៀតណាម, ម៉ាឡេស៊ី, ប៊្រុយណេដារូសាឡឹម, និងហ្វីលីពីន ដែលនោះហើយបានធ្វើឱ្យដែនទឹកមួយនេះ ក្លាយជាតំបន់មានជម្លោះដ៏ក្តៅគគុក និងក្លាយជាវេទិកាប្រកួតប្រជែងកម្លាំងខាងនយោបាយនិងយោធាយ៉ាងខ្លាំងក្លា រវាងប្រទេសមហាអំណាចទាំងពីរ គឺសហរដ្ឋអាមេរិកនិងចិនដោយមិនបាច់មានការសង្ស័យឡើយ។
ដោយ មុំ រឿន វិទ្យុសំឡេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!